
បទបរិយាយ៖ ទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋបារាំងសេស បាននិងកំពុងបោះជំហានឈានទៅរកកម្រិតថ្មីមួយ បន្ទាប់ពីដំណើរទស្សនកិច្ច និងវត្តមានរបស់លោកប្រធានាធិបតីបារាំង អេម៉ានូអែល ម៉ាក្រុង (Emmanuel Macron) មកកាន់ទឹកដីកម្ពុជា ខណៈនេះគឺជាទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងរបស់ប្រធានាធិបតីបារាំងមកកាន់កម្ពុជា ចាប់តាំងពីលោក ហ្វ្រង់ស្វ័រ មីតេរ៉ង់ មកនៅឆ្នាំ១៩៩៣។ ទន្ទឹមនេះ កម្ពុជា-បារាំង បានទាញដងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន២៩ នៅថ្ងៃទី១៥វិច្ឆិកា លើវិស័យសេដ្ឋកិច្ច វប្បធម៌ អវកាស និងការពារជាតិ។ ថ្ងៃនេះ SBM News នឹងលើកយកប្រព័ន្ធការពារដែនអាកាសដ៏កំពូលទាំង៤ប្រភេទរបស់បារាំង ដែលយោធាកម្ពុជា អាចនឹងមានឱកាសកាន់ការពារទឹកដីនាពេលអនាគត ក្រោយកិច្ចព្រមព្រៀងការពារជាតិរវាងប្រទេសទាំងពីរ ចូលជាធរមាន...។

កាលពីឆ្នាំទៅមិញ យោធាថៃ បានប្រើប្រាស់ដ្រូនស៊ើបការសម្ងាត់ ដ្រូនអត្តឃាត និងយន្តហោះចម្បាំងធុនធ្ងន់ៗដូចជា៖ ឥន្រ្តីស្លាបដែក F-16, បក្សីចម្បាំង Gripen, និងឥន្ទ្រីមាស T-50TH របស់កូរ៉េខាងត្បូង ហោះរំលោភចូលជ្រៅក្នុងដែនអធិបតេយ្យភាពកម្ពុជា ដោយបានវាយដណ្តើមកាន់កាប់ទឹកដីខ្មែរជាច្រើនទីតាំងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែលមានប្រវែងជាង៨០០គីឡូម៉ែត្រ។ ពេលនេះ បារាំង ដែលជាបងធំទាំងសព្វាវុធ និងសេដ្ឋកិច្ចនៅតំបន់អឺរ៉ុប អាចនឹងបើកទ្វារឃ្លាំងឱ្យមេដឹកនាំកម្ពុជាចូលរើសសព្វាវុធ យកមកការពារអធិបតេយ្យភាពខ្លួន ដ្បិតអីកិច្ចព្រមព្រៀងការពារជាតិរវាងប្រទេសទាំងពីរ បានចូលជាធរមានរួចហើយ នៅរាជធានីភ្នំពេញ។ បារាំងមានប្រព័ន្ធការពារដែនអាកាសទំនើបៗច្រើនណាស់ ដែលកម្ពុជាគួរជ្រើសរើសទិញយកមកបំពេញឃ្លាំង ដើម្បីទុកទប់ទល់ចោរឈ្លានពាន ករណីកម្តៅព្រំដែនឆេះឡើងនៅជុំទី៣.?សូមជម្រាបថា បារាំង ជាប្រទេសមហាអំណាចឧស្សាហកម្មការពារជាតិដ៏លេចធ្លោមួយនៅតំបន់អឺរ៉ុប ដែលមានអាវុធនុយក្លេអ៊ែរណែនដៃ និងមានសព្វាវុធទំនើបៗចម្រុះ ជាពិសេសនោះ គឺបច្ចេកវិទ្យាការពារដែនអាកាសពហុស្រទាប់ ដែលគ្មានសត្រូវណាហ៊ានបំពានផ្តេសផ្តាសឡើយ។

ប្រព័ន្ធការពារដែនអាកាសកំពូលៗ ទាំង៤ប្រភេទរបស់បារាំង នោះរួមមាន៖ លំដាប់ទី១.ប្រព័ន្ធមីស៊ីល Eurosam SAMP/T Mamba៖ វាគឺជាប្រព័ន្ធការពារដែនអាកាសរយៈចម្ងាយឆ្ងាយ និងរយៈកម្ពស់ខ្ពស់ អាចហោះទៅកម្ទេចគោលដៅបានយ៉ាងល្អឥតខ្ចោះ ហើវាយជាខែលការពារយុទ្ធសាស្ត្ររយៈចម្ងាយឆ្ងាយ និងរយៈកម្ពស់ខ្ពស់។ ប្រព័ន្ធនេះ ត្រូវបានបំពាក់ដោយមីស៊ីល Aster 30 Block 1 មានល្បឿនលឿនហោះដល់ទៅ១,៤គីឡូម៉ែត្រក្នុងមួយវិនាទី និងមានសមត្ថភាពស្ទាក់ចាប់គោលដៅក្នុងចម្ងាយរហូតដល់១០០គីឡូម៉ែត្រ។ វាត្រូវបានរចនាឡើងដើម្បីទប់ទល់នឹងការគំរាមកំហែងកម្រិតខ្ពស់ រួមមាន៖ មីស៊ីលផ្លោង មីស៊ីលតម្រង់ទិស និងយន្តហោះចម្បាំងល្បឿនលឿន។ វាដើរតួនាទីជាឆ្អឹងខ្នងក្នុងយុទ្ធសាស្ត្រការពារជាតិកម្រិតខ្ពស់ ការការពារទីតាំងយុទ្ធសាស្ត្រសំខាន់ៗ ដូចជា៖ រាជ/រដ្ឋធានី មូលដ្ឋានទ័ពធំៗ និងហេដ្ឋារចនាសម្ព័ន្ធថាមពលជាដើម។

លំដាប់ទី២.សំណាញ់មេឃ hales Crotale NG៖ បន្ទាប់ពីប្រព័ន្ធការពារដែនអាកាសរយៈចម្ងាយឆ្ងាយ កម្ពុជាត្រូវការប្រព័ន្ធការពារកម្រិតកណ្តាល និងរយៈចម្ងាយខ្លី ដើម្បីការពារលេណដ្ឋាន និងទីបញ្ជាការយោធាជួរមុខ។ Thales Crotale NG គឺជាជម្រើសដ៏សក្តិសមបំផុត។ សក្តិសមក៏នៅត្រង់ថា..! ប្រព័ន្ធនេះ រួមបញ្ចូលនូវរ៉ាដាតាមដានដ៏ទំនើប និងមីស៊ីល VT1 ដែលហោះក្នុងល្បឿន១,២គីឡូម៉ែត្រក្នុងមួយវិនាទី និងអាចវាយប្រហារគោលដៅក្នុងចម្ងាយ១១គីឡូម៉ែត្រ។ វាអាចធ្វើការចល័តបានយ៉ាងឆាប់រហ័ស តាមសភាពការណ៍សមរភូមិ ដោយត្រូវការយោធាត្រឹមតែ៣នាក់ប៉ុណ្ណោះដើម្បីប្រតិបត្តិការ។ ប្រព័ន្ធការពារដែនអាកាសនេះ មានប្រសិទ្ធភាពបំផុតក្នុងការប្រឆាំងនឹងយន្តហោះចម្បាំងដែលហោះទាបៗ មីស៊ីលតម្រង់ទិស និងដ្រូនឈ្លបយកការណ៍។

លំដាប់ទី៣.ប្រព័ន្ធការពារដែនអាកាសចល័តស្ពាយលើស្មារ Mistral 3៖ សម្រាប់ទីតាំងភូមិសាស្ត្រប្រទេសកម្ពុជា ដែលសម្បូរទៅដោយតំបន់ព្រៃភ្នំ តំបន់ព្រំដែនជួរមុខ គឺទាមទារឱ្យមានប្រព័ន្ធអាវុធការពារដែនអាកាសធុនស្រាល ងាយស្រួលចល័ត និងអាចដាក់ពង្រាយតាមខ្លួនបានគ្រប់ទីកន្លែង។ ប្រព័ន្ធមីស៊ីល ការពារអាកាសចល័តស្ពាយលើស្មារដ៏មានប្រសិទ្ធភាព Mistral 3 គឺជាតម្រូវការដែលមិនអាចខ្វះបាន។ វាប្រើប្រាស់បច្ចេកវិទ្យានាំផ្លូវ ជាមួយឧបករណ៍ចាប់រូបភាពអ៊ីនហ្វ្រារ៉េដកម្រិតខ្ពស់។ មីស៊ីលរបស់វាអាចហោះក្នុងល្បឿនជិត១គីឡូម៉ែត្រក្នុងមួយវិនាទី និងអាចកម្ទេចគោលដៅក្នុងរយៈចម្ងាយ៨គីឡូម៉ែត្រ។ Mistral 3 មានទម្ងន់ប្រហែលត្រឹមតែ២០គីឡូក្រាមប៉ុណ្ណោះ ដូច្នេះ ទាហានថ្មើរជើងតែម្នាក់អាចយួរវាទៅតាមតំបន់ព្រំដែនភ្នំ បានយ៉ាងងាយស្រួល ឬអាចបំពាក់នៅលើរថយន្តយោធា និងនាវាល្បាតរបស់កងទ័ពជើងទឹកកម្ពុជា ដើម្បីទប់ទល់នឹងឧទ្ធម្ភាគចក្រប្រយុទ្ធ និងយន្តហោះ ដែលហោះទាបៗ។

លំដាប់ទី៤.ពីងពាងអេឡិចត្រូនិច NEROD F5-5៖ ឆ្លងកាត់មេរៀនសង្គ្រាម នាពេលកន្លងទៅ កម្ពុជាបានយល់យ៉ាងច្បាស់ថា យន្តហោះគ្មានមនុស្សបើក ដ្រូនស៊ើបការណ៍ និងដ្រូនអត្តឃាត គឺមានតម្លៃថោក ប៉ុន្តែមានការគំរាមកំហែងដ៏គ្រោះថ្នាក់បំផុត។ ការប្រើមីស៊ីលតម្លៃរាប់ម៉ឺន និងរាប់សែនដុល្លារ ដើម្បីបាញ់ទម្លាក់ដ្រូនតម្លៃរាប់រយដុល្លារ គឺជារឿងមិនសមស្របទៅតាមសេដ្ឋកិច្ចយោធាឡើយ។ NEROD F5-5 គឺជាឧបករណ៍សង្គ្រាមអេឡិចត្រូនិក មិនប្រើគ្រាប់កាំភ្លើង ឬមីស៊ីលនោះទេ ប៉ុន្តែវាបញ្ចេញរលកអេឡិចត្រូម៉ាញ៉េទិច ដើម្បីរំខាន និងផ្តាច់រលកវិទ្យុបញ្ជា ព្រមទាំងសញ្ញា GPS របស់ដ្រូនសត្រូវ ធ្វើឱ្យដ្រូនទាំងនោះបាត់បង់ការគ្រប់គ្រង និងធ្លាក់ចុះមកដីដោយស្វ័យប្រវត្តិ។ សរុបជារួមមក ប្រសិនបើយោធាកម្ពុជាមានសព្វាវុធទំនើបទាំង៤ប្រភេទនេះក្នុងដៃប្រាកដមែន យោធាថៃឈ្លានពាន អាចនឹងពិចារណាឡើងវិញមិនតិចដងទេ ករណីចង់សាកល្បងធ្វើសង្គ្រាមជុំទី៣ មែននោះ។

សូមជម្រាបថា ករណីកម្ពុជាអាចឈានដល់កិច្ចព្រមព្រៀងទិញប្រព័ន្ធការពារដែនអាកាសទាំង៤ប្រភេទនេះ ពីប្រទេសបារាំងបានមែន វានឹងបង្កើតបានជាប្រព័ន្ធខែលការពារដែនអាកាសពហុស្រទាប់ដ៏រឹងមាំ ក្នុងការកម្ទេចដ្រូន មីស៊ីលផ្លោង និងយន្តហោះចម្បាំងសត្រូវ ដែលហោះឆ្វែល និងចូលទន្រ្ទានឈ្លានពានកម្ពុជា ជុំទី៣ ខណៈការពង្រឹងខែលការពារដែនអាកាសនេះ ក៏ដើរស្របតាមទិសដៅធ្វើទំនើបកម្មលើវិស័យការពារជាតិរបស់កម្ពុជាផងដែរ៕


