
អាស៊ាន៖ មេដឹកនាំថៃ និងកម្ពុជា កំពុងព្យាយាមស្វែងរកការគាំទ្រកម្រិតការទូតសកល ជុំវិញជម្លោះព្រំដែននៃប្រទេសក្បែរខាងទាំងពីរ ខណៈប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីចិន លោក លី ឈាង បាននិងកំពុងចូលរួមកិច្ចប្រជុំកំពូលប្រចាំឆ្នាំដ៏សំខាន់បំផុតរបស់ប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះ។ យ៉ាងណា លោកនាយករដ្ឋមន្រ្តីថៃ អនុទីន ឆានវីរគុល កំពុងរកទំនុក ដើម្បីបង្វែរសាច់រឿងខ្លួន ថាជាប្រទេសស្រឡាញ់សន្តិភាព ទាំងដែលយោធាថៃកំពុងឈរលើដីខ្មែរទាំងបំពាន...។

សង្គ្រាមឈ្លានពានព្រំដែនរយៈពេលខ្លីរបស់យោធាថៃ លើដែនអធិបតេយ្យកម្ពុជាកាលពីឆ្នាំមុន បានសម្លាប់ប្រជាជនស្លូតត្រង់កម្ពុជាជាច្រើននាក់ និងរាប់សែននាក់ចាកចោលផ្ទះសម្បែង ដើម្បីគេចគ្រាប់ផ្លោងរបស់យោធាថៃ។ យ៉ាងណា កិច្ចព្រមព្រៀងបទឈប់បាញ់ ត្រូវបានប្រសូត្រឡើង ដោយចុះហត្ថលេខាកាលពីខែតុលា ឆ្នាំមុន នៅចំពោះមុខលោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលបានយកគំនាបពន្ធគយមកដាក់សម្ពាធលើប្រទេសទាំងពីរ។ សេតវិមាន បានលើកយកបទឈប់បាញ់នេះ ទៅបង្ហាញជាស្នាដៃរបស់លោក ត្រាំ ក្នុងនាមជាអ្នកកសាងសន្តិភាព ទោះបីជាលោកបានបង្កាត់ភ្លើងសង្គ្រាមលើប្រទេសអ៊ីរ៉ង់ និងធ្វើអន្តរាគមន៍យោធាដ៏ព្រឺព្រួចនៅវេណេហ្ស៊ុយអេឡា និងយេម៉ែនក៏ដោយ។ លោក ត្រាំ គ្រោងចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាម៉េរិក នៅរដ្ឋធានីម៉ានីល នាថ្ងៃអង្គារទី១៧ ខែវិច្ឆិកា។ ស្របពេលដែលមេដឹកនាំប្រទេសកម្ពុជា-ថៃ កំពុងព្យាយាមបង្ហាញឱ្យសហរដ្ឋអាម៉េរិក និងមេដឹកនាំក្នុងតំបន់ ឃើញថា ខ្លួនកំពុងគោរពតាមកិច្ចព្រមព្រៀង ដើម្បីបញ្ឈប់អំពើហិង្សារៀងៗខ្លួន។

យ៉ាងណា នៅក្នុងសុន្ទរកថា បើកកិច្ចប្រជុំទៅកាន់ថ្នាក់ដឹកនាំអាស៊ាន នាយករដ្ឋមន្ត្រីចិន លោក លី ឈាង បានកោតសរសើរចំពោះសមិទ្ធផលដ៏អស្ចារ្យពិតប្រាករបស់ប្រទេសចិន និងអាស៊ីអាគ្នេយ៍។ លើសពីនេះ លោកបានអះអាងថា ស្របពេលពិភពលោកប្រកាន់យកឯកតោភាគីនិយម ការគាំពារនិយម និងជម្លោះភូមិសាស្ត្រនយោបាយ កើតឡើងជាបន្តបន្ទាប់ ទំនាក់ទំនងរវាងចិន និងអាស៊ាន កាន់តែរឹងមាំឡើងថែមទៀត។ គួរបញ្ជាក់ថា ការអះអាងរបស់លោក លី ឈាង ធ្វើឡើងមុនពេលការមកដល់របស់ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ ទៅកាន់រដ្ឋធានីម៉ានីល នៃប្រទេសកោះហ្វីលីពីន ដែលទទួលភារកិច្ចជាប្រធានអាស៊ានប្តូរវេន។

សូមរំលេចបន្តិច នៅក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នារាជធានីភ្នំពេញ កាលពីចុងសប្តាហ៍កន្លងទៅ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា កម្ពុជាមិនមែនជាអ្នកចាប់ផ្តើមសង្គ្រាមមុននោះទេ។ សម្តេចធិបតី បានសង្កត់ធ្ងន់ថា៖«ពាក់ព័ន្ធនឹងស្ថានភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ កម្ពុជាបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងដែលមានស្រាប់។ ខ្ញុំ..សូមថ្លែងអំណរគុណដល់ប្រទេសបារាំង ក៏ដូចជាលោកប្រធានាធិបតីផ្ទាល់ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការសម្របសម្រួលឱ្យមានដំណោះស្រាយដោយសន្តិវិធី រវាងប្រទេសយើងទាំងពីរ»។

យ៉ាងណា ប្រទេសថៃ បានសម្ដែងការកើតទុក្ខមិនសុខចិត្តភ្លាមៗ ចំពោះការអះអាងរបស់សម្តេចធិបតី ដោយចោទប្រកាន់ និងទម្លាក់កំហុសដាក់កម្ពុជា ថា នេះគ្រាន់តែជាកិច្ចខិតខំប្រឹងប្រែងទាក់ទាញក្ដីអាណិតអាសូរពីសហគមន៍អន្តរជាតិ តែប៉ុណ្ណោះ។ លើសពីនេះ មេដឹកនាំរាជធានីបាងកក ថែមទាំងបានបង្ខូចឈ្មោះកម្ពុជាទៀតថា ការប៉ះទង្គិចគ្នា គឺផ្តើមចេញពីរាជធានីភ្នំពេញបង្កឡើង។ លើសពីនេះ លោក អនុទីន បានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុក ទាំងបំភ្លៃការពិតថា៖«ប្រទេសថៃ តែងតែគោរពនូវរាល់កិច្ចព្រមព្រៀងជាមួយកម្ពុជា ហើយនឹងប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិជានិច្ច។ សកម្មភាពរបស់យើង គឺសំដៅយ៉ាងតឹងរ៉ឹងទៅលើការការពារអធិបតេយ្យភាព បូរណភាពទឹកដី និងសំខាន់បំផុតនោះ គឺសុវត្ថិភាព និងសុខុមាលភាពរបស់ប្រជាជនថៃ។ ប្រទេសថៃ នឹងមិនលើកយកជម្លោះទ្វេភាគីណាមួយ ជាពិសេស លើបញ្ហាទឹកដី និងមនុស្សធម៌ ទៅពិភាក្សាជាមួយប្រទេសដទៃទៀត ដែលមិនមែនជាភាគីនៃជម្លោះនោះទេ»។ នេះជាការបញ្ចេញមតិដ៏ពុតត្បុតអាក្រក់របស់នាយករដ្ឋមន្រ្តីថៃ។

គួរបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន ថ្នាក់ដឹកនាំបានពិភាក្សាអំពីបញ្ហាក្ដៅនានា ដូចជា៖ ថ្មក្ដៅនៅសមុទ្ទចិនខាងត្បូង សង្គ្រាមស៊ីវិលដែលកំពុងបន្តនៅភូមា និងភាពឯកោផ្នែកការទូតរបស់ប្រទេសនេះ ក៏ដូចជាវិបត្តិបំពុលបរិស្ថានឆ្លងដែន ដែលបង្កឡើងដោយភ្លើងឆេះព្រៃ នៅឥណ្ឌូណេស៊ី ដែលបានគ្របដណ្ដប់ និងជះផ្សែងអ័ព្ទពុលដល់ប្រទេសសិង្ហបុរី និងម៉ាឡេស៊ី។ យ៉ាងណា ជម្លោះរវាងថៃ និងកម្ពុជា អាចជារឿងរ៉ាវដ៏ក្ដីគគុកសម្រាប់សមាជិកក្នុងតំបន់ ជាពិសេស ជាសមីការដ៏លំបាកម្ដងទៀតសម្រាប់លោក ត្រាំ ដើម្បីស្វែងរកកូនពន្លឺសន្តិភាពពិតប្រាកដ រវាងប្រជាជាតិក្បែរខាងទាំងពីរ៕



