
រាជធានីបាងកក៖ ប្រជាជាតិខ្មែរ ជាពិសេស ជនភៀសសឹកនៅតាមព្រំដែន ប្រហែលជាចាំយ៉ាងច្បាស់នូវឈ្មោះរបស់ជនអប្រិយទុរយ៍ កាន់ ចមផាឡាំង ស្ថាបនិករថយន្ដដឹកលាមក ដែលជាអ្នកល្បីល្បាញមួយរូបនៅលើបណ្ដាញសង្គម កំលុងសង្គ្រាមឈ្លានពានរបស់យោធាថៃចំនួន២លើក កាលពីឆ្នាំ២០២៥ និងភាពតានតឹងនៅតាមព្រំដែន រវាងកងទ័ពកម្ពុជា និងទាហានថៃ ដោយសារស្ថាបនិករថយន្ដដឹកលាមក រូបនេះ ក៏បានយកឧបករណ៍បំពងសំឡេងដ៏ខ្លាំងក្លា បង្កការរំខានដល់ដំណេកបងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងភូមិជោគជ័យ-ព្រៃចាន់។ ពេលនេះកម្មតាមទាន់ហន់ហើយ កាន់ ចមផាឡាំង កំពុងស្ថិតក្រោមការស៊ើបអង្កេតរបស់នាយកដ្ឋានស៊ើបអង្កេតពិសេសនៃប្រទេសថៃ...។

សារព័ត៌មានថៃរ៉ាត់ ចេញផ្សាយនៅរសៀលថ្ងៃពុធទី១៨ ខែវិច្ឆិកានេះថា នាយកដ្ឋានស៊ើបអង្កេតពិសេសថៃ (DSI) កំពុងបន្តការស៊ើបអង្កេតលើករណី ថា តើមូលនិធិ កាន់ ចមផាឡាំង បានប្រើប្រាស់ខុសគោលដៅ ឬមានសកម្មភាពស្រដៀងគ្នា ទៅនឹងករណីមូលនិធិអំពើល្អ (Good Deeds Foundation) ដែរឬទេ? អាជ្ញាធរ បានចេញដីកាកោះហៅបុគ្គលចំនួន៣០នាក់ រួមទាំងលោក កាន់ ចមផាឡាំង ផ្ទាល់ ដើម្បីផ្តល់សក្ខីកម្ម។ ការស៊ើបអង្កេត បានរកឃើញបញ្ហាជាច្រើនករណី ដែលនៅមិនទាន់ដោះស្រាយ ហើយអ្នកស្រី អ៊ីវ (Eve) ដែលជាអតីតប្រធានមូលនិធិនេះ មិនអាចពន្យល់អំពីការចំណាយហិរញ្ញវត្ថុទាំងអស់បាន ដោយសារតែមានប្រតិបត្តិការហិរញ្ញវត្ថុច្រើនលើសលុប នៅក្នុងរយៈពេលត្រឹមតែមួយឆ្នាំប៉ុណ្ណោះ។

នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ផ្នែកទំនាក់ទំនងសាធារណៈរបស់ DSI បានរាយការណ៍ អំពីវឌ្ឍនភាពនៃការស៊ើបអង្កេតលើករណីមូលនិធិ កាន់ ចមផាឡាំង ដឹកនាំដោយនាយកដ្ឋានកិច្ចការយុត្តិធម៌។ នៅក្នុងសំណុំរឿងស៊ើបអង្កេតលេខ ១២៧/២៥៦៩ មានពាក្យបណ្តឹងស្នើសុំឱ្យមានការត្រួតពិនិត្យ លើប្រតិបត្តិការរបស់មូលនិធិនេះ ដោយផ្តោតលើការប្រើប្រាស់មូលនិធិ និងទ្រព្យសម្បត្តិ ព្រមទាំងប្រតិបត្តិការហិរញ្ញវត្ថុផ្សេងៗ ដើម្បីពិនិត្យមើល ថា តើចំណុចទាំងនេះ ស្របតាមគោលបំណងរបស់មូលនិធិ និងច្បាប់ពាក់ព័ន្ធដែរឬទេ?

ក្រុមស៊ើបអង្កេត កាលពីពេលថ្មីៗ បានចេញដីកាកោះហៅបុគ្គលពាក់ព័ន្ធចំនួន៣០នាក់ ដើម្បីផ្តល់សក្ខីកម្ម នៅក្នុងនាមជាសាក្សី នៅចន្លោះពីថ្ងៃទី១៨ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា។ បុគ្គលទាំងនោះ រួមមាន៖ ១-សមាជិកក្រុមប្រឹក្សាភិបាលនៃមូលនិធិ និងអ្នកដែលស្និទ្ធស្នាល, ២-បុគ្គលដែលមានការពាក់ព័ន្ធនឹងប្រតិបត្តិការរបស់មូលនិធិ និង៣-អ្នកបរិច្ចាគ ក្នុងនោះរួមមាន តារាក្នុងវិស័យកម្សាន្ត និងអ្នកមានឥទ្ធិពលលើបណ្តាញសង្គម (Influencers) ព្រមទាំងលោក កន្ថៈពង្ស ផៃប៊ូនវេទយ៍ (กัณฐัศว์พงศ์ ไพบูลย์เวชย์) ដែលគេស្គាល់ឈ្មោះជាទូទៅ«កាន់ ចមផាឡាំង»។ ការកោះហៅបុគ្គលទាំងនេះ ជាផ្នែកមួយ នៃដំណើរការស្វែងរកការពិត និងការប្រមូលភស្តុតាង ហើយមិនមែនមានន័យថា ពួកគេបានប្រព្រឹត្តកំហុសនោះឡើយ។

នាយកដ្ឋានស៊ើបអង្កេតពិសេស (DSI) បានបញ្ជាក់ថា ខ្លួននឹងស៊ើបអង្កេតយ៉ាងហ្មត់ចត់ តម្លាភាព និងយុត្តិធម៌ ដោយផ្អែកលើភស្តុតាង និងច្បាប់ ព្រមទាំងនឹងផ្តល់ព័ត៌មានជូនសាធារណជនឱ្យជ្រាបតាមភាពសមស្រប។ ក្រុមស៊ើបអង្កេតរបស់ DSI បានផ្ញើលិខិតកោះហៅទៅកាន់លោក កាន់ ចមផាឡាំង ដោយស្នើសុំឱ្យគាត់ចូលខ្លួន ផ្តល់សក្ខីកម្ម នៅក្នុងនាមជាសាក្សី នៅត្រឹមថ្ងៃសុក្រទី២៧ ខែវិច្ឆិកា។ ប៉ុន្ដែគាត់អាចនឹងមិនទំនេរ សម្រាប់ការជួបជាមួយក្រុមអ្នកស៊ើបអង្កេត នៅដើមសប្តាហ៍នេះ៕




