
រដ្ឋធានីប៊ែរឡាំង៖ កងទ័ពសហរដ្ឋអាម៉េរិក បានរៀបចំធ្វើសមយុទ្ធបាញ់គ្រាប់ពិតមួយនៅក្នុងប្រទេសអាល្លឺម៉ង់ ដោយរួមបញ្ចូលគ្នារវាងការវាយប្រហារដោយហ្វូងដ្រូន យានយន្តគ្មានមនុស្សបើកលើដី និងប្រព័ន្ធមីស៊ីលដែលមានស្រាប់ ដើម្បីវាយតម្លៃជម្រើសសម្រាប់ការរៀបចំទម្រង់កងទ័ពនាពេលអនាគត…។

គេហទំព័រ USA Army Technology បានឱ្យដឹងថា ព្រឹត្តិការណ៍នេះ ធ្វើឡើងនៅទីលានហ្វឹកហ្វឺន ហ្គ្រាហ្វិនវើ (Grafenwoehr) ត្រូវបានរៀបចំឡើងដោយមជ្ឈមណ្ឌលសព្វាវុធនៃបញ្ជាការដ្ឋានអភិវឌ្ឍន៍សមត្ថភាពប្រយុទ្ធរបស់កងទ័ពសហរដ្ឋអាម៉េរិក (DEVCOM) សហការជាមួយកងទ័ពអាម៉េរិកប្រចាំតំបន់អឺរ៉ុប និងអាហ្វ្រិក ព្រមទាំងបញ្ជាការដ្ឋានហ្វឹកហ្វឺនកងទ័ពទី៧។ ក្នុងអំឡុងពេលធ្វើសមយុទ្ធនេះ កងទ័ពមកពីកងពលតូចទ័ពឆត្រយោងទី១៧៣ (173rd Airborne Brigade) គឺជាអ្នកបញ្ជាដ្រូនដោយផ្ទាល់។

យោងតាមសេចក្ដីថ្លែងការណ៍របស់កងទ័ពសហរដ្ឋអាម៉េរិក ដែលចេញផ្សាយដោយសេវាកម្មចែកចាយព័ត៌មានរូបភាពការពារជាតិ (DVIDS) ការធ្វើបង្ហាញសមត្ថភាពនេះ ធ្វើឡើងដើម្បីពិនិត្យមើលថា តើប្រព័ន្ធគ្មានមនុស្សបើកទាំងផ្លូវអាកាស និងផ្លូវគោក អាចរួមបញ្ចូលគ្នា ដើម្បីវាយប្រហារពីចម្ងាយបានដែរឬទេ? ខណៈពួកគេរំពឹងថា អាចកាត់បន្ថយតម្រូវការនៃការបញ្ជូនកម្លាំងទាហានឱ្យទៅក្បែរគោលដៅផ្ទាល់។ លើសពីនេះ អ្នកបញ្ជាដ្រូន ក៏បានសិក្សាអំពីការប្រើប្រាស់បច្ចេកវិទ្យាពាណិជ្ជកម្មដែលមានស្រាប់លើទីផ្សារ ដើម្បីប្រើប្រាស់រួមគ្នាជាមួយបរិក្ខារយោធារបស់កងទ័ពសហរដ្ឋអាម៉េរិកផងដែរ។

ក្នុងដំណាក់កាលបាញ់គ្រាប់ពិត ដ្រូនប្រភេទ TRV-150 បានបញ្ចេញផ្សែងគ្របដណ្ដប់លើគោលដៅជាមុន បន្ទាប់មកដ្រូនជាច្រើនគ្រឿង ត្រូវបានបាញ់បង្ហោះចេញពីឧបករណ៍បាញ់ហ្វូងដ្រូន HIV3 ដែលបំពាក់នៅលើយានយន្តគ្មានមនុស្សបើក រីនីហ្គេដ (R3NEGADE) ដើម្បីធ្វើការវាយប្រហារដោយស្វ័យប្រវត្តិ។ ដោយឡែក កងទ័ពមកពីកងពលតូចទ័ពឆត្រយោងទី១៧៣ ក៏បានវាយប្រហារគោលដៅផ្សេងទៀត ដោយប្រើប្រាស់ដ្រូនបញ្ជាមើលផ្ទាល់ (FPV drone) ផងដែរ។

ចំណែកឯយានយន្តគ្មានមនុស្សបើក រីនីហ្គេដ ទីពីរ ត្រូវបានបំពាក់ដោយស្ថានីយអាវុធបញ្ជាពីចម្ងាយ ដែលផ្ទុកមីស៊ីលប្រឆាំងរថក្រោះ ចាវើលីន (Javelin) ដើម្បីបង្ហាញពីទម្រង់ដែលយានយន្តគ្មានមនុស្សបើក អាចដឹកជញ្ជូន និងប្រើប្រាស់អាវុធផ្សេងៗគ្នាបាន។ ជាមួយគ្នា កងទ័ពសហរដ្ឋអាម៉េរិក ក៏បានដាក់បង្ហាញយន្តហោះគ្មានមនុស្សបើក TRV-400 ដែលបំពាក់សមត្ថភាពប្រឆាំងរថពាសដែក ហ្វាយអឺហ្វ្លាយ (FIR3FLY) ជាផ្នែកមួយនៃគំនិតរក្សាទុក និងបញ្ជូនដ្រូនចេញប្រតិបត្តិការពីចម្ងាយតាមរយៈទូកុងតឺន័រ។ កងទ័ពសហរដ្ឋអាម៉េរិក បានឱ្យដឹងថា សកម្មភាពសមយុទ្ធនេះ គឺស្របទៅតាមធាតុផ្សំនៃការវាយប្រហារ និងភាពធន់ នៅក្នុងក្របខណ្ឌប្រតិបត្តិការ “How the Army Fights” របស់ខ្លួន៕




