យន្ដហោះយោធារុស្ស៊ី ហោះលុកលុយដែនអាកាសជប៉ុន និងតៃវ៉ាន់ នៅមុនពូទីនទៅដល់ចិន
S
Sinuon Nop
•
8 ម៉ោងមុន

ទីក្រុងតៃប៉ិ៖ ក្រសួងការពារជាតិកោះតៃវ៉ាន់ និងជប៉ុន បានរាយការណ៍ អំពីយន្ដហោះចម្បាំងរបស់រុស្ស៊ី ហោះចូលដែនអាកាសជប៉ុន និងកោះតៃវ៉ាន់ នៅមុនពេលមេដឹកនាំវិមានក្រឹមឡាំង លោក វ៉្លាឌីមៀ ពូទីន ទៅដល់ទីក្រុងស៊ិនជិន ដើម្បីចូលរួមកិច្ចប្រជុំកំពូលរបស់ក្រុមមេដឹកនាំ APEC នៅក្នុងប្រទេសចិន ហើយសកម្មភាពរបស់យន្ដហោះយោធាទាំងនោះ បាននាំឱ្យមានប្រតិកម្មតវ៉ាយ៉ាងខ្លាំងក្លាពីជប៉ុន និងតៃវ៉ាន់ ដោយបានចេញប្រតិបត្ដិការឆ្លើយតប តាមឃ្លាំមើលយន្ដហោះរបស់ប្រទេសមហាអំណាចយោធាលំដាប់លេខ២របស់ពិភពលោកមួយនេះ។

ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន និងប្រធានាធិបតីចិន លោក ស៊ី ជិនពីង
ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន និងប្រធានាធិបតីចិន លោក ស៊ី ជិនពីង

សារព័ត៌មានកោះតៃវ៉ាន់ Taibei Times បានចេញផ្សាយកាលពីថ្ងៃពុធទី១៨ ខែវិច្ឆិកានេះថា ក្រសួងការពារជាតិជប៉ុន បានបញ្ជាក់ថា ខ្លួនបានតាមដានយន្ដហោះយោធារបស់រុស្ស៊ី២គ្រឿង ហោះចូលទៅក្នុងដែនអាកាស នៃតំបន់ឆ្នេរភាគខាងកើតប្រទេសរបស់ខ្លួន ហើយជប៉ុនតវ៉ាយ៉ាងខ្លាំងទៅកាន់រដ្ឋធានីមូស្គូ ក្រោយពេលយន្ដហោះ២គ្រឿងរបស់រុស្ស៊ី ហោះរំលោភចូលដែនអាកាសរបស់ខ្លួន។ សេចក្ដីរាយការណ៍អំពីយន្ដហោះទាំងនោះ បានកើតឡើង នៅមុនពេលប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានមកដល់ទីក្រុងស៊ិនជិន (Shenzhen) ប្រទេសចិន សម្រាប់កិច្ចប្រជុំកំពូលរបស់មេដឹកនាំ APEC នៅសប្ដាហ៍នេះ។

នាយករដ្ឋមន្រ្ដីជប៉ុន លោកស្រី សាណេ តាកៃឈិ
នាយករដ្ឋមន្រ្ដីជប៉ុន លោកស្រី សាណេ តាកៃឈិ

ស្របគ្នានេះដែរ ក្រសួងការពារជាតិកោះតៃវ៉ាន់ បានឱ្យដឹងថា យន្តហោះរុស្ស៊ីមួយគ្រឿង (មិនស្គាល់ប្រភេទ បានហោះឆ្លងកាត់ដែនអាកាសរបស់ខ្លួន ឆ្ពោះទៅភាគខាងកើតកោះតៃវ៉ាន់ ហើយបានចាកចេញពីតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាស (ADIZ) របស់តៃវ៉ាន់ នៅភាគខាងត្បូង នៃស្រុកតៃទុង (Taitung)។ នៅថ្ងៃនេះ គេបានរកឃើញយន្តហោះយោធារុស្ស៊ី ចំនួន២គ្រឿង បានហោះចូលក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាស (ADIZ) របស់កោះតៃវ៉ាន់។ យន្តហោះទាំងនោះ បានហោះចូលក្នុងតំបន់ ADIZ ពីទិសឦសាន នៅព្រឹកថ្ងៃពុធ ដោយបានហោះកាត់ដែនអាកាសនៅភាគខាងកើតនៃកោះតៃវ៉ាន់ មុនហោះចេញទៅវិញ នៅទិសអាគ្នេយ៍។

ប្រធានាធិបតីតៃវ៉ាន់ លោក ឡៃ ឈីងថេ
ប្រធានាធិបតីតៃវ៉ាន់ លោក ឡៃ ឈីងថេ

ក្រសួងការពារជាតិកោះតៃវ៉ាន់ បន្ថែមថា ខ្លួនបានតាមដានយន្តហោះទាំងនោះ យ៉ាងយកចិត្តទុកដាក់ ដោយប្រើប្រាស់សមត្ថភាពរួមគ្នា នៅក្នុងការប្រមូលព័ត៌មានសម្ងាត់ ការឃ្លាំមើល និងការឈ្លបយកការណ៍ ព្រមទាំងបានចាត់វិធានការឆ្លើយតបយ៉ាងសមស្រប។ ទន្ទឹមនេះ ក្រសួងការពារជាតិជប៉ុន បានបង្ហោះសារនៅលើបណ្តាញសង្គម X ថា គេជឿជាក់ថា មានយន្តហោះយោធារុស្ស៊ីចំនួន២គ្រឿង បានហោះចូលមកក្នុងដែនអាកាសនៃដែនទឹកជប៉ុន នៅភាគពាយព្យនៃខេត្ត Fukuoka នៅថ្ងៃនេះ។ យន្តហោះមួយគ្រឿង បានហោះចូលនៅចន្លោះពីម៉ោង៤:០៧ ដល់៤:១០ព្រឹក និងមួយគ្រឿងទៀត បានហោះចូលនៅចន្លោះពីម៉ោង៤:០៩ ដល់៤:១២ព្រឹក (ម៉ោងនៅប្រទេសជប៉ុន)៕

យន្ដហោះទម្លាក់គ្រាប់បែករបស់រុស្ស៊ី Tu 95
យន្ដហោះទម្លាក់គ្រាប់បែករបស់រុស្ស៊ី Tu 95
កងយន្ដហោះចម្បាំងតៃវ៉ាន់
កងយន្ដហោះចម្បាំងតៃវ៉ាន់
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត