មុននឹងរូបសំណាក«មេទ័ពសំរិទ្ធ» ក្លាយជាមេដែកស្រូបទាញអ្នកទេសចរ មកដឹងប្រវត្តិខ្លះៗរបស់លោក និងខេត្តស្វាយរៀង
Chanmarady Chuon
•
8 ម៉ោងមុន

ក្រុងស្វាយរៀង៖ ក្រោយរូបបង្កងខេត្តតាកែវ ស្រូបទាញអ្នកទេសចរឱ្យទៅកម្សាន្តលេងយ៉ាងភ្លូកទឹកភ្លូកដី បន្ទាប់ពីរូបសេះសមុទ្ទនៅខេត្តកំពតទទួលបានការគាំទ្រខ្លាំងពីសំណាក់ប្រជាជនខ្មែរ។ ពេលនេះ រូបសំណាក«មេទ័ពសំរិទ្ធ» មួយទៀតនៅក្រុងស្វាយរៀង ក៏កំពុងត្រៀមបង្ហាញខ្លួនបង្អួតភ្នែកអ្នកទេសចរផងដែរ នៅឯខាងមុខទន្លេវ៉ៃគោ...។

តើប្រវត្តិមេទ័ពសំរិទ្ធ និងការកកើតឈ្មោះខេត្តស្វាយរៀង មានដើមកំណើតយ៉ាងដូចម្ដេច?

ថ្ងៃនេះ SBM News សូមលើកយកប្រវត្តិសង្ខេបមកជម្រាបជូនប្រិយមិត្ត កាលពីសម័យរាជធានីលង្វែក មានបុរសម្នាក់ឈ្មោះ «សំរិទ្ធ» ជាអ្នកខ្លាំងពូកែអង់អាច បានស្ម័គ្រចិត្តចូលរួមក្នុងកងទ័ពតាមព្រះរាជឱង្ការ ដើម្បីទប់ទល់ និងបង្ក្រាបទ័ពសៀម ដែលចូលមករាតត្បាតទឹកដីខ្មែរ រហូតទទួលបានជ័យជម្នះយ៉ាងត្រចះត្រចង់។ ក្រោយពេលចប់សង្គ្រាម និងធ្វើដំណើរវិលត្រឡប់មកស្រុកកំណើតវិញ លោក សំរឹទ្ធ ក៏បានឈប់សម្រាកនៅតំបន់អង្គរ ហើយបានច្រឡំកាន់បង្វេចរបស់គេ ដែលក្នុងនោះមានសំពត់មួយ និងផ្លែស្វាយទុំពីរបីគ្រាប់។ លុះត្រឡប់ដល់ផ្ទះ ប្រពន្ធរបស់លោកបានយកគ្រាប់ស្វាយនោះ ទៅកប់ដាំនៅជាយរបង រហូតធំធាត់ និងផ្ដល់ផលជាបន្តបន្ទាប់ ដែលអ្នកស្រុកហៅតៗគ្នាថា«ស្វាយអង្គ»។

តមក ទីលំនៅរបស់មេទ័ពសំរិទ្ធ ត្រូវបានគេសាងសង់ជាវត្តអារាមហៅថា «វត្តស្វាយអង្គ»។ ថ្ងៃមួយ ព្រះចៅអធិការវត្ត បានឱ្យសាមណេរកាប់ដើមស្វាយនោះចោល ប៉ុន្តែទោះបីជាខំកាប់យ៉ាងណា ក៏ដើមស្វាយនោះដុះសាច់ និងសំបកវិញដដែល ហើយពេលរលំទៅក៏មានហេតុភេទអស្ចារ្យ និងសំឡេងភ្លេងពិណពាទ្យរងំនៅពេលយប់ ធ្វើឱ្យលោកគ្រូព្រះចៅអធិការ និងភិក្ខុសាមណេរភ័យខ្លាច រត់ចោលវត្តអស់ ទើបអ្នកស្រុកនាំគ្នាទៅសាងសង់វត្តថ្មីនៅក្បែរនោះហៅថា «វត្តស្វាយផ្អែម»។ ព្រឹត្តិការណ៍ និងជំនឿអស្ចារ្យជុំវិញដើមស្វាយនេះហើយ បានធ្វើឱ្យអ្នកស្រុកនិយមយកឈ្មោះ «ស្វាយ» ទៅដាក់ជាឈ្មោះភូមិ ឃុំ ស្រុក និងវត្តអារាមជាច្រើនក្នុងខេត្ត។ ក្រោយមក នៅសម័យអាណាព្យាបាលបារាំង (ឆ្នាំ១៨៨៧) គេបានបង្កើតប៉ុស្តិ៍រដ្ឋបាលនៅភូមិស្វាយរៀង សម្រាប់ប្រមូលពន្ធដារ និងកិច្ចការរដ្ឋបាល មុននឹងត្រូវបង្កើតជាផ្លូវការក្លាយជា «ខេត្តស្វាយរៀង» ក្នុងឆ្នាំ១៩២២ មកទល់សព្វថ្ងៃ។ ខេត្តស្វាយរៀង រួមបញ្ចូលខេត្តចាស់ៗដូចជា ខេត្តរំដួល ខេត្តរមាសហែក និងខេត្តស្វាយទាប រួមទាំងផ្នែកខ្លះនៃខេត្តរោងដំរី និងខេត្តបាភ្នំ ក្នុងសម័យអាណានិគមបារាំងសេស។

ជាក់ស្ដែង នៅថ្ងៃពុធទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេច ម៉ែន សំអន អ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការដ្ឋានសាងសង់រូបសំណាក «មេទ័ពសំរិទ្ធ» ដែលមានទីតាំងស្ថិតនៅក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង ដោយសម្ដេចបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមការងារសាងសង់ និងអាជ្ញាធរពាក់ព័ន្ធ ដែលបានយកចិត្តទុកដាក់ជំរុញដំណើរការសាងសង់រូបសំណាកប្រវត្តិសាស្ត្រនេះឱ្យប្រព្រឹត្តទៅដោយរលូន និងតាមផែនការគ្រោងទុក។ រូបសំណាកមេទ័ពសំរិទ្ធ រំពឹងថា​ នឹងអាចបញ្ចប់ការសាងសង់ជាស្ថាពរនៅដំណាច់ឆ្នាំ២០២៦ នេះ ហើយនឹងក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញថ្មីមួយទៀត មិនចាញ់បណ្ដាខេត្តដទៃឡើយ ដូចជា រូបសំណាកបង្កងនៅខេត្តតាកែវ, សេះសមុទ្ទបាញ់ទឹក រួមជាមួយបាតដៃសុភមង្គលនៅខេត្តកំពត និងរូបសំណាកព្រះគោព្រះកែវ នៅខេត្តឧត្តរមានជ័យ ជាដើម កំពុងទទួលបានការចាប់អារម្មណ៍ និងទាក់ទាញភ្ញៀវទេសចរទៅកម្សាន្តរាប់លាននាក់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត