
រាជធានីភ្នំពេញ៖ តម្លៃមាសលើទីផ្សារអន្តរជាតិ បានបន្តដាំក្បាលធ្លាក់ចុះយ៉ាងគំហុកដល់៣៧៦៧ដុល្លារអាម៉េរិកក្នុង១អោន ស្មើនឹងជាង៤៥៤០ដុល្លារក្នុង១តម្លឹងមាស គិតត្រឹមម៉ោងជិត៤រសៀល ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ...។

សារព័ត៌មានអន្តរជាតិ ចុះផ្សាយព្រោងព្រាត ថា ការកើនឡើងនៃតម្លៃប្រេងឆៅ ក្ដីបារម្ភពីអតិផរណា និងការផ្លាស់ប្ដូរការរំពឹងទុក ជុំវិញអត្រាការប្រាក់របស់សហរដ្ឋអាម៉េរិក កើនឡើង បានជំរុញឱ្យអ្នកវិនិយោគ លក់មាសចេញយ៉ាងច្រើន។ លើសពីនេះ ការរឹងមាំនៃប្រាក់ដុល្លារអាម៉េរិក និងអត្រាផលចំណេញមូលបត្របំណុលរបស់អាម៉េរិក ក៏បានឈានដល់កម្រិតខ្ពស់បំផុត ធ្វើឱ្យភាពទាក់ទាញនៃលោហៈមានតម្លៃដូចជា មាស និងប្រាក់ កាន់តែធ្លាក់ចុះខ្សោយ។

ទោះជាយ៉ាងណាក៏ដោយ គិតត្រឹមរសៀលថ្ងៃទី១៨វិច្ឆិកានេះ ផ្សារមាសនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា មាសត្រូវបានលក់ចេញក្នុងតម្លៃប្រហាក់ប្រហែល៤៦០៥ដុល្លារក្នុង១តម្លឹង និងទិញចូលក្នុងតម្លៃប្រហាក់ប្រហែល៤៥៩០ដុល្លារក្នុង១តម្លឹង។ មាស ជាជម្រើសដ៏ល្អសម្រាប់ការវិនិយោគ ដែលមានហានិភ័យទាប ហើយនេះជាឱកាសល្អសម្រាប់អ្នកចង់ទិញមាសទុកលក់យកផលចំណេញវិញ ប៉ុន្តែរាល់ការទិញ-លក់ ក៏សូមគិតគូរឱ្យបានច្បាស់លាស់៕



