
រាជធានីភ្នំពេញ៖ បច្ចុប្បន្ន បទល្មើសបច្ចេកវិទ្យា និងល្បិចកលបោកប្រាស់តាមទម្រង់ឌីជីថលបាននិងកំពុងកើតមានរូបភាពថ្មីៗជាច្រើន ដែលតម្រូវឱ្យសាធារណជន និងអ្នកប្រើប្រាស់សេវាទូទាត់ប្រាក់តាមប្រព័ន្ធធនាគារ (Mobile Banking) ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុត....។

ក្នុងនោះ ល្បិចកលដ៏គ្រោះថ្នាក់មួយដែលកំពុងកើតឡើង គឺជនខិលខូច យកស្ទីគ័រ QR Code ក្លែងក្លាយទៅបិទបាំងពីលើ QR Code ពិតប្រាកដរបស់ម្ចាស់ហាង ដើម្បីបន្លំដកហូតប្រាក់ពីអតិថិជនដោយស្ងៀមស្ងាត់។ សមត្ថកិច្ចជំនាញ កត់សម្គាល់ឃើញថា ពេលម្ចាស់ហាង ឬបុគ្គលិកជាប់រវល់ ឬភ្លេចខ្លួនមិនចាប់អារម្មណ៍ ឬពេលបិទទ្វារហាង ជាដើម ក្រុមជនខិលខូច ក៏ឆ្លៀតឱកាសចូលទៅលួចបិទស្ទីគ័រ QR Code ផ្ទាល់ខ្លួនរបស់ពួកគេ ពីលើ QR Code របស់ហាង។ នៅពេលដែលអតិថិជនចូលពិសាអាហារ ឬទិញទំនិញ ហើយស្កេនបង់ប្រាក់ (Scan & Pay) ដោយមិនបានផ្ទៀងផ្ទាត់ឈ្មោះឱ្យបានច្បាស់លាស់ ទឹកប្រាក់នឹងត្រូវបាញ់ចូលទៅក្នុងគណនីរបស់ជនខិលខូចនោះភ្លាមៗ ដែលធ្វើឱ្យម្ចាស់ហាងពិតប្រាកដ មិនទទួលបានប្រាក់ និងបង្កការយល់ច្រឡំគ្នា។

ដើម្បីជៀសវាងមិនឱ្យធ្លាក់ក្នុងអន្ទាក់បោកប្រាស់ដ៏គ្រោះថ្នាក់នេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា (Anti Cyber Crime Department) បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្មទាំងអស់ ឱ្យអនុវត្តវិធានការការពារ ដូចខាងក្រោម។ ទី១ ពិនិត្យមើលសន្លឹក QR Code ក្រែងលោមានគេយកស្ទីគ័រមកបិទបាំងពីលើ។ ទី២ ក្រោយពេលស្កេនហើយ ត្រូវផ្ទៀងផ្ទាត់ឈ្មោះអ្នកទទួលឱ្យបានត្រឹមត្រូវនៅលើអេក្រង់ទូរសព្ទសិន មុនពេលចុចបញ្ជូនប្រាក់។ ទី៣ ប្រុងប្រយ័ត្នចំពោះ QR Code ដែលបានមកពីប្រភពមិនស្គាល់ច្បាស់ ឬការផ្ញើមកតាមសារអនឡាញផ្សេងៗ។៕



