ឯកសារទុកជាប្រវត្តិសាស្រ្ត៖ រង់ចាំអស់៣៣ឆ្នាំ ចំណាយពេលរៀបចំដល់២ឆ្នាំ សម្រាប់កិច្ចប្រជុំជាមួយប្រទេស៨១ត្រឹម២ថ្ងៃ ទីបំផុត កម្ពុជាជាម្ចាស់ផ្ទះ ទទួលបានផលប្រយោជន៍ជាតិ ឯភ្ញៀវបរទេស ត្រឡប់ទៅវិញជាមួយអនុស្សាវរីយ៍
Mao Sopha
•
4 ម៉ោងមុន

អត្ថបទដោយ៖ អុន សម្ផស និង ម៉ៅ សុផា

រាជធានីភ្នំពេញ៖ កែវភ្នែកសហគមន៍អន្តរជាតិជាច្រើនទិសទី បានបាញ់ឆ្ពោះមករកកម្ពុជា នោះក៏ព្រោះតែមានព្រឹត្តិការណ៍ដ៏ធំ និងយ៉ាងគគ្រឹកគគ្រេង បានកើតឡើង គឺកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (Francophonie) ឬកិច្ចប្រជុំនៃប្រជាជាតិប្រើភាសាបារាំង នៅអគារ OCIC រាជធានីភ្នំពេញ។ ក្នុងចំណោមសមាជិកសរុប៩០ប្រទេស មានថ្នាក់ដឹកនាំ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល មន្រ្តីជាន់ខ្ពស់ និងគណៈប្រតិភូលើសពី១ពាន់នាក់ មកពី៨១ប្រទេស ក្នុងទ្វីបចំនួន៥ បានមកប្រមូលផ្តុំគ្នានៅលើទឹកដីសុវណ្ណភូមិ ដែលមានប្រាសាទអង្គរវត្ត ជាអច្ឆរិយវត្ថុគ្មានពីរលើពិភពលោក។ 

កិច្ចប្រជុំហ្វ្រង់កូហ្វូនី
កិច្ចប្រជុំហ្វ្រង់កូហ្វូនី

អ្នកសារព័ត៌មានជាតិចចន្លោះពី៦០០ទៅ៧០០នាក់ បានចុះឈ្មោះចូលរួមយកព័ត៌មាន ហើយអ្នកសារព័ត៌មានអន្តរជាតិជាង៤០០នាក់ ពីប្រទេសចំនួន៣០ទៅ៤០ បានមកកម្ពុជាផ្ទាល់ ដើម្បីយកព័ត៌មានដោយផ្ទាល់។ តាមរយៈវីដេអូនេះ លោកអ្នកនាង នឹងមើលឃើញ ហើយបានដឹងគ្រប់ជ្រុងជ្រោយអំពីទិដ្ឋភាពទាំងមូលនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀត ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ក្រុមការងារនៃអង្គភាពសារព័ត៌មាន SBM News យើងខ្ញុំ បានតាមដានព្រឹត្តិការណ៍ប្រវត្តិសាស្រ្តនេះ ពីដើមដល់ចប់ ដោយក្រុមការងារខ្លះ ចុះទៅប្រមាញ់យកព័ត៌មានជុំវិញព្រឹត្តិការណ៍នេះដល់កន្លែងផ្ទាល់ ហើយក៏មានក្រុមការងារនៅប្រចាំការក្នុងការិយាល័យ ដើម្បីជួយតាមដានពីចម្ងាយផងដែរ។

ក្រុមការងារ SBM News
ក្រុមការងារ SBM News

កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ត្រូវបានរាប់ថា មានរយៈពេល៤ថ្ងៃ ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ប៉ុន្តែកិច្ចប្រជុំពេញអង្គជាផ្លូវការ មានតែ២ថ្ងៃប៉ុណ្ណោះ គឺថ្ងៃទី១៥ និងថ្ងៃទី១៦។ កិច្ចប្រជុំហ្វ្រង់កូហ្វូនីថ្នាក់រដ្ឋមន្រ្តី កើតឡើងមួយតង់ជាមុនសិន ទើបកិច្ចប្រជុំពេញអង្គចាប់ផ្តើម ដោយមានការចូលរួមពីថ្នាក់ដឹកនាំ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ។ ព្រះ​ករុណា ព្រះបាទ ​សម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រកម្ពុជា ទ្រង់ស្តេចយាងជាព្រះរាជអធិបតីក្នុងពិធីបើកកិច្ចប្រជុំពេញអង្គ ហើយបន្ទាប់មក សម្តេចធិបតីនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ក៏ធ្វើជាប្រធានដឹកនាំកិច្ចប្រជុំនេះ ពីដើមដល់ចប់ ដែលប្រើប្រាស់ភាសាបារាំងសុទ្ធសាធ ក្រោមប្រធានបទ «រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថេរភាពយូរអង្វែង»។ 

សន្និសីទសារព័ត៌មានអំពីលទ្ធផលនៃកិច្ចប្រជុំហ្វ្រង់កូហ្វូនីថ្ងៃដំបូង
សន្និសីទសារព័ត៌មានអំពីលទ្ធផលនៃកិច្ចប្រជុំហ្វ្រង់កូហ្វូនីថ្ងៃដំបូង

កិច្ចប្រជុំថ្ងៃដំបូង 

ក្នុងពិធីបើកកិច្ចប្រជុំ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ទ្រង់យាងឡើងថ្លែងព្រះរាជសុន្ទរកថា។ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង (Emmanuel Macron) លោកស្រី ល្វីស មូហ្ស៊ីគីវ៉ាបូ (Louise Mushikiwabo) អគ្គលេខាអង្គការហ្វ្រង់កូហ្វូនី ក៏បានឡើងថ្លែងសុន្ទរកថាដែរ។    

ព្រះមហាក្សត្រកម្ពុជា
ព្រះមហាក្សត្រកម្ពុជា

តាមរយៈព្រះរាជសុន្ទរកថា ព្រះប្រមុខរដ្ឋកម្ពុជា ទ្រង់ស្នើទៅថ្នាក់ដឹកនាំ និងភ្ញៀវបរទេសទាំងអស់ ពេលចាកចេញត្រឡប់ទៅវិញ សូមនាំយកទៅជាមួយស្នាមញញឹមខ្មែរ។ ព្រះចៅក្រុងកម្ពុជាធិបតី ទ្រង់ក៏បានរំលេចឡើងពីសន្តិភាពផងដែរ។ ព្រះមហារាជ ទ្រង់មានព្រះរាជឱង្ការឱ្យជនបរទេសបានដឹងថា៖«[...] កម្ពុជា បានឆ្លងកាត់សង្គ្រាម សោកនាដកម្ម និងដំណើរដ៏វែងឆ្ងាយ [...]។ ប្រជាជនរបស់យើង បានយល់ច្បាស់ថា សន្តិភាព មានតម្លៃថ្លៃថ្លាប៉ុនណា ហើយការរក្សាសន្តិភាព ទាមទារឱ្យមានការអត់ធ្មត់ និងការប្រុងប្រយ័ត្នខ្ពស់កម្រិតណា។ យើងមានបំណងបន្សល់ទុក សន្តិភាពដ៏យូរអង្វែងសម្រាប់មនុស្សជំនាន់ក្រោយ»។

សម្តេចធិបតី
សម្តេចធិបតី

នៅពេលសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ឡើងថ្លែងសុន្ទរកថា សម្តេច ក៏ប្រកាសប្រាប់អង្គពិធី អំពីការបង្កសង្គ្រាមឈ្លានពានរបស់ថៃមកលើកម្ពុជា ក្នុងឆ្នាំ២០២៥។ មេដឹកនាំកម្ពុជា លាតត្រដាងការពិតយ៉ាងដូច្នេះថា៖«[..] ការប៉ះទង្គិចដោយអាវុធ២លើករវាងកម្ពុជា និងថៃ គឺមិនមែនកម្ពុជា ជាអ្នកផ្តើមបាញ់មុននោះទេ។ មនុស្សបានបាត់បង់ជីវិត ហើយក្រុមគ្រួសារជាច្រើន ត្រូវបង្ខំចិត្តរត់ភៀសខ្លួន។ [..] ដែនអធិបតេយ្យកម្ពុជាជាច្រើនកន្លែង នៅតែត្រូវបានកាន់កាប់ដោយខុសច្បាប់ ពីសំណាក់កងទ័ពថៃ»។ 

លោក ម៉ាក្រុង 
លោក ម៉ាក្រុង 

ចំណែកលោក ម៉ាក្រុង ប្រើសុន្ទរកថា ដើម្បីបង្ហាញពីលើកកម្ពស់តម្លៃច្បាប់ និងការចរចាដោយសន្តិវិធីក្នុងការដោះស្រាយជម្លោះ ខណៈកម្លាំងបាយ ឬកម្លាំងយោធា ត្រូវលោកប្រធានាធិបតីបារាំងរូបនេះ បំផុសគំនិតកុំឱ្យយកមកប្រើ។ លោកថ្លែងយ៉ាងច្បាស់បែបនេះថា៖«គោលជំហររបស់[អង្គការហ្វ្រង់កូហ្វូនី]យើង គឺសន្ទនា ពង្រឹងសមត្ថភាព ធ្វើឱ្យពលរដ្ឋខិតជិតគ្នា និយាយ ចរចា ប្រើពាក្យពេចន៍ និង​ច្បាប់ ជាជាងប្រើកម្លាំង»។

យោធាថៃ ដាក់បន្លាលួស និងទូកុងតឺន័រក្នុងដីកម្ពុជា។
យោធាថៃ ដាក់បន្លាលួស និងទូកុងតឺន័រក្នុងដីកម្ពុជា។

លោកប្រធានាធិបតីសង្កត់ធ្ងន់បន្ថែមថា៖«កិច្ចប្រជុំកំពូលនេះ ជាឱកាស ដើម្បីបញ្ជាក់ពីចេតនានយោបាយរបស់យើង ដែលឈានទៅធ្វើសកម្មភាពជាក់ស្តែង ដោយគោរពតាមច្បាប់អង្គការសហប្រជាជាតិ»។ ថ្វីបើនិយាយជាលក្ខណៈទូទៅ តែសម្តីរបស់លោក ម៉ាក្រុង កើតឡើងចំពេលកងទ័ពថៃ នៅបន្តកាន់កាប់តំបន់នានារបស់កម្ពុជា ទាំងខុសច្បាប់ និងបន្តធ្វើសកម្មភាពរំលោភបំពានផ្សេងៗជាហូរហែនៅតាមព្រំដែន។

លោកស្រី ល្វីស មូហ្ស៊ីគីវ៉ាបូ
លោកស្រី ល្វីស មូហ្ស៊ីគីវ៉ាបូ

រីឯលោកស្រី ល្វីស មូហ្ស៊ីគីវ៉ាបូ បានហៅកម្ពុជា ថាជាទឹកដីនៃ «ការចងចាំ» ហើយជាទឹកដីស្ថិតនៅចំ «បេះដូងតំបន់អាស៊ាន»។ អគ្គលេខាធិការអង្គការហ្វ្រង់កូហ្វូនីរូបនេះ មានប្រសាសន៍ដ៏សំខាន់ដែលគេមិនអាចមើលរំលងថា៖«យើងធ្វើយ៉ាងណា ដើម្បីឱ្យប្រវត្តិសាស្រ្ត ចងចាំថា កិច្ចប្រជុំនៅភ្នំពេញ បានចូលរួមយ៉ាងពេញទំហឹង ក្នុងការការពារសន្តិភាព។ សូមយើងយកគំរូតាមប្រជាជនកម្ពុជា ដែលមានវ័យក្មេង និងមានភាពធុន បានជ្រើសរើសយកការកសាងប្រទេសឡើងវិញ និងឯកភាពគ្នា [..]។ 

យុវជនកម្ពុជា កាន់ទង់ជាតិប្រមូលផ្តុំគ្នានៅវិមានឯករាជ្យក្នុងពិធីមួយនាពេលកន្លងមក។
យុវជនកម្ពុជា កាន់ទង់ជាតិប្រមូលផ្តុំគ្នានៅវិមានឯករាជ្យក្នុងពិធីមួយនាពេលកន្លងមក។

ថៃ អង្គុយមើលគ្រប់ពេល ដេកស្តាប់ជាប់ជានិច្ច ពីកិច្ចប្រជុំអន្តរជាតិនៅកម្ពុជា

តាំងពីមុនកិច្ចប្រជុំមកដល់ កងទ័ព និងមន្រ្តីជាន់ខ្ពស់ថៃ ក្នុងនោះក៏មានលោក សីហស័ក្តិ ភួងកេតកែវ (Sihasak Phuangketkeow) ជារដ្ឋមន្រ្តីការបរទេសផងដែរ ព្រហើនហ៊ានហាមាត់ ហាមកម្ពុជា កុំឱ្យនិយាយពីរឿងព្រំដែន ឬជម្លោះឱ្យសោះ។ ជាមួយគ្នា ថៃ បានចាត់តាំងមន្រ្តីខ្លួនឱ្យមកធ្វើជាអ្នកសង្កេតការណ៍ ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា។ បញ្ជូនមន្រ្តីមកតាមដានផ្ទាល់ហើយ នៅមិនគ្រប់គ្រាន់ទៀត ដោយថ្នាក់ដឹកនាំ និងមន្រ្តីថៃនៅក្នុងប្រទេសខ្លួន ថែមទាំងនាំគ្នាប្រឹងបើកភ្នែកមើល ខំផ្ទៀងត្រចៀកស្តាប់ ដើម្បីដឹងថា កម្ពុជា និយាយអ្វីខ្លះអំពីជម្លោះ។

តំណាងថៃ
តំណាងថៃ

ការពិត គឺបែបនេះមែន! គ្រាន់តែមេដឹកនាំកម្ពុជា ថ្លែងសុន្ទរកថាចប់ភ្លាម ភាគីថៃ ក៏ទទួលដំណឹងមួយរំពេច ហើយក៏ចេញមកប្រតិកម្មភ្លាមៗតែម្តង។ លោក អនុទីន ឆានវីរគុល (Anutin Charnvirakul) សរសេរសារនៅលើបណ្តាញសង្គមហ្វេសប៊ុកបង្ហាញពីចំណុចល្អតែខាងខ្លួនឯងថា ថៃតែងតែគោរពច្បាប់អន្តរជាតិ កិច្ចព្រមព្រៀងនានា ប្តេជ្ញារក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់។ លោកប្រើពាក្យពីរោះណាស់ តែស្ថានភាពជាក់ស្តែងផ្ទុយស្រឡះ ដោយកងទ័ពថៃ មិនព្រមចាកចេញ ហើយក៏មិនទាន់ដកបន្លាលួស និងទូកុងតឺន័រ ចេញពីទឹកដីកម្ពុជាតាមព្រំដែនដែរ។ 

លោក អនុទីន
លោក អនុទីន

បន្ថែមពីនេះ លោក ប្រៈផាស សនចៃឌី (Praphas Sonchaidee) យោធាជាន់ខ្ពស់ពាក់ផ្កាយ៤ និងជាជំនួយការរបស់មេបញ្ជាការកងទ័ពអាកាសថៃ ចេញមកការពារប្រទេសខ្លួនថា ថៃមិនបានផ្តួចផ្តើមការវាយប្រហារមុនឡើយ ហើយរាល់សកម្មភាពយោធា គឺធ្វើឡើងក្នុងក្របខ័ណ្ឌនៃការការពារអធិបតេយ្យភាព និងសុវត្ថិភាពប្រជាជនប៉ុណ្ណោះ។ លើសពីនេះ លោក ប្រៈផាស ដែលមានតួនាទីជាប្រធានមជ្ឈមណ្ឌលព័ត៌មានតាមដានបញ្ហាថៃជាមួយកម្ពុជាផងនោះ បានជំរុញឱ្យកម្ពុជាផ្តល់ភស្តុតាង ដែលបង្ហាញថា ថៃបើកការវាយប្រហារមុន។  

លោក ប្រៈផាស
លោក ប្រៈផាស

មិនឈឺក្បាលវិលមុខនឹងថៃ កម្ពុជា នៅតែយកវេទិកាអន្តរជាតិបើកបង្ហាញការពិត

ការទាមទារក្នុងន័យបែបព្រមាន និងបង្គាប់បញ្ជារបស់ថៃ មិនអាចមានឥទ្ធិពល លើកម្ពុជាសោះឡើយ។ ដូចការបរិយាយខាងលើ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងយ៉ាងច្បាស់អំពីការបង្កសង្គ្រាមឈ្លានពានរបស់ថៃ។ ក្រោយបញ្ចប់កិច្ចប្រជុំថ្ងៃដំបូង លោក នេត្រ ភក្រ្តា រដ្ឋមន្រ្តីព័ត៌មាន ក៏ធ្វើសន្និសីទសារព័ត៌មាន អំពីខ្លឹមសារដែលទទួលបានពីកិច្ចប្រជុំ។ តាមរយៈលោក នេត្រ ភក្រ្ត គេបានឮច្បាស់បន្ថែមទៀតថា ជម្លោះកម្ពុជា-ថៃ បានក្លាយជាប្រធានបទដ៏ធំមួយពិតមែន នៅក្នុងកិច្ចប្រជុំ ឬវេទិកាហ្វ្រង់កូហ្វូនី។ រដ្ឋមន្រ្តីព័ត៌មានរូបនេះ បញ្ជាក់ដូច្នេះថា៖«កម្ពុជា បានប្រើប្រាស់វេទិកាអន្តរជាតិដ៏សំខាន់នេះ ដើម្បីបង្ហាញការពិតអំពីស្ថានភាពព្រំដែនជាប់ជាមួយថៃ ហើយកម្ពុជា បង្ហាញជំហរដោះស្រាយជម្លោះតាមសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ» (កន្លែងខ្វូតនេះ មិនអានទេ ទុកចាក់វីដេអូរបស់លោករដ្ឋមន្រ្តផ្ទាល់)។ 

លោក នេត្រ ភក្រ្តា ធ្វើសន្និសីទសារព័ត៌មាន។
លោក នេត្រ ភក្រ្តា ធ្វើសន្និសីទសារព័ត៌មាន។

សាច់រឿងផ្សេងៗ ក្រៅពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី

ក្រោយចប់កិច្ចប្រជុំនៅពេលព្រឹកក្នុងថ្ងៃដំបូង លោក ម៉ាក្រុង បានចូលគាល់ព្រះមហាក្សត្រកម្ពុជា ក្នុងព្រះបរមរាជវាំង នៅចន្លោះម៉ោង១១-១២ថ្ងៃត្រង់។ ចេញពីព្រះបមរាជវាំង លោក នាំភរិយា ទៅគោរពរូបសំណាកព្រះបាទ នរោត្តម សីហនុ អតីតព្រះមហាក្សត្រកម្ពុជា នៅជាប់វិមានឯករាជ្យ។ បន្ទាប់មកទៀត លោក ក៏ទៅជួបសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។ តាមរយៈវីដេអូ គេឃើញបងប្អូនធម៌ទាំងពីរ បង្ហាញភាពស្និទ្ធស្នាលជាមួយគ្នាខ្លាំង ដោយឱបគ្នាយ៉ាងស្អិត ហើយដើរកាន់ដៃគ្នាមិនចង់លែង។ ឥស្សរជនទាំងពីរ ខានជួបគ្នាផ្ទាល់អស់ជិត៤ឆ្នាំហើយ តាំងពីបែកគ្នានៅចុងឆ្នាំ២០២២មក។  

លោក ម៉ាក្រុង ចូលគាល់ព្រះមហាក្សត្រ, ទៅគោរពរូបសំណាកអតីតព្រះមហាក្សត្រកម្ពុជា, និងជួបសម្តេចតេជោ។ 
លោក ម៉ាក្រុង ចូលគាល់ព្រះមហាក្សត្រ, ទៅគោរពរូបសំណាកអតីតព្រះមហាក្សត្រកម្ពុជា, និងជួបសម្តេចតេជោ។ 

លោកស្រី ព្រីហ្ស៊ីត ម៉ាក្រុង (Brigitte Macron) ជាភរិយា មិនបានតាមស្វាមីទៅជួបសម្តេចតេជោនោះទេ ដោយស្រ្តីទី១របស់បារាំងរូបនេះ​ និងស្រ្តីទី១របស់កម្ពុជា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បាននាំគ្នាទៅដើរលេងកម្សាន្តនៅភូមិហ្វ្រង់កូហ្វូនី ដែលជាទីតាំងបង្ហាញប្រាសាទតំណាង និងវប្បធម៌កម្ពុជា។ ពេលនោះ លោកស្រី ព្រីហ្ស៊ីត បានឆ្លៀតចូលទៅប៉ាក់ស្បៃខ្មែរ ដោយមានលោកជំទាវ ពេជ ចន្ទមុន្នី ជួយណែនាំ។

លោកជំទាវ ពេជ ចន្ទមុន្នី និងលោកស្រី ព្រីហ្ស៊ីត 
លោកជំទាវ ពេជ ចន្ទមុន្នី និងលោកស្រី ព្រីហ្ស៊ីត 

រូបភាពដ៏ពិសេសអំពីស្រ្តីទី១របស់បារាំង ចូលរួមប៉ាក់ស្បៃខ្មែរនេះ កើតឡើងទន្ទឹមនឹងថៃ កំពុងព្យាយាមដណ្តើមយកស្បៃខ្មែរ និងប្រឹងបំភ្លៃថា ជារបស់ថៃ។ ភូមិហ្វ្រង់កូហ្វូនី ត្រូវបានបង្កើតឡើងនៅលើសួនច្បារមុខវត្តបទុមវតី រាជធានីភ្នំពេញ ដើម្បីឱ្យភ្ញៀវបរទេសបានចូលទៅទស្សនាកម្សាន្តអំឡុងពេលកម្ពុជាកំពុងរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី។  

ភូមិហ្វ្រង់កូហ្វូនី
ភូមិហ្វ្រង់កូហ្វូនី

ពេលល្ងាច មេដឹកនាំកម្ពុជា ថ្នាក់ដឹកនាំប្រទេស និងភ្ញៀវកិត្តិយស បាននាំគ្នាទៅចូលរួមវេទិកាមួយទៀត ហៅថា វេទិកាហ្វ្រង់កូតិច (FrancoTech) ដែលជាវេទិកាជជែកអំពីបច្ចេកវិទ្យា និងសេដ្ឋកិច្ច នៅមជ្ឈមណ្ឌលកោះពេជ្រ។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា លោក ម៉ាក្រុង ប្រធានាធិបតីបារាំង លោក ម៉ាក់ ខានី នាយករដ្ឋមន្រ្តីកាណាដា និងលោក តូ ឡឹម មេដឹកនាំកំពូលវៀតណាម បានឡើងថ្លែងសុន្ទរកថា។ 

វេទិកាហ្វ្រង់កូតិច
វេទិកាហ្វ្រង់កូតិច

ចេញពីវេទិកាហ្វ្រង់កូតិច លោក ម៉ាក្រុង ក៏មានជំនួបផ្លូវការជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត។ ក្នុងជំនួបនេះ មានកិច្ចព្រមព្រៀងដល់ទៅ២៩ឯណោះ ដែលកម្ពុជា-បារាំង បានចុះហត្ថលេខាបង្កើតឡើង ដើម្បីធ្វើកិច្ចសហប្រតិបត្តិជាមួយគ្នាលើវិស័យផ្សេងៗ។ ក្នុងនោះ មានកិច្ចព្រមព្រៀងដ៏សំខាន់បំផុតមួយ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងកងកម្លាំងប្រដាប់អាវុធ។ ក្រៅពីនេះ បារាំង ក៏បានផ្តល់ជំនួយជាង២០០លានដុល្លារដល់កម្ពុជាផងដែរ ដើម្បីប្រើប្រាស់លើវិស័យថាមពល។ 

លោក ម៉ាក្រុង ជួបសម្តេចធិបតី។
លោក ម៉ាក្រុង ជួបសម្តេចធិបតី។

ពេលយប់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រមុខរដ្ឋបារាំង និងថ្នាក់ដឹកនាំអន្តរជាតិ បានត្រឡប់ទៅទៅកាន់អគារ OCIC វិញ ដើម្បីចូលរួមពិធីជប់លៀងរាត្រីស្រមោលស។ ក្នុងពិធីជប់លៀងដ៏ហ៊ឹកហ៊ាក់នេះ លោក ម៉ាក្រុង ក៏បោះតំណែងប្រធានាធិបតីចោលសិន ហើយធ្វើជាមនុស្សសាមញ្ញមិនប្រកាន់ខ្លួន កាន់ទូរសព្ទថតរូប ថតវីដេអូ សែលហ្វី ជាមួយគេឯងសឹងគ្រប់គ្នាដោយមិនរើសមុខ។ សកម្មភាពរបស់លោក ម៉ាក្រុង បានបង្កើតទិដ្ឋភាពសប្បាយរីករាយ ស្ទើរតែមិនចាញ់ពិធីសម្បែងសិល្បៈលើឆាកក្នុងពិធីជប់លៀងនេះទេ។ ម្នាក់ៗ ដែលភាគច្រើនជាជនជាតិខ្មែរ មានអារម្មណ៍ត្រេកអរខ្លាំង ដែលបានថតជាមួយលោក ម៉ាក្រុង ហើយពេលខ្លះ ប្រធានាធិបតីនៃប្រទេសមានអរិយធម៌រុងរឿងមួយនេះ ថែមទាំងជាអ្នកកាន់ទូរសព្ទថតទៅទៀត។ 

លោក ម៉ាក្រុង ថតវីដេអូសែលហ្វីជាមួយសិល្បករខ្មែរ និងអ្នកចូលរួមក្នុងពិធីជប់លៀងរាត្រីស្រមោលស។
លោក ម៉ាក្រុង ថតវីដេអូសែលហ្វីជាមួយសិល្បករខ្មែរ និងអ្នកចូលរួមក្នុងពិធីជប់លៀងរាត្រីស្រមោលស។

កិច្ចប្រជុំចូលដល់ថ្ងៃចុងក្រោយ 

របៀបវារៈសំខាន់បំផុតចំនួន៣ ត្រូវបានដាក់ចូលអង្គប្រជុំ រួមមាន ទី១ រើសប្រទេសធ្វើជាម្ចាស់ផ្ទះបន្ទាប់ពីកម្ពុជា ទី២ រើស​អគ្គលេខាធិការថ្មីរបស់អង្គការហ្វ្រង់កូហ្វូនី និងទី៣ អនុម័តឯកសារ សម្រាប់ការអនុវត្តរួមគ្នា។

ប្រទេស ដែលទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២១ នៅរយៈពេល២ឆ្នាំខាងមុខ គឺកាណាដា។ ក្នុងពិធីបិទបញ្ចប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា នាយករដ្ឋមន្រ្តីកាណាដា លោក ម៉ាក់ ខានី (Mark Kaney) បានឡើងថ្លែងសុន្ទរកថា ក្នុងនាមប្រទេសទើបទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះ ដែលជាកាដូដ៏ពិសេស។ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានសម្តែងការអបអរសាទរដល់កាណាដា និងអរគុណចំពោះនាយករដ្ឋមន្រ្តីកាណាដា ដែលប្រកាសត្រៀមស្វាគមន៍កម្ពុជា និងប្រទេសសមាជិកផ្សេងទៀត ពេលទៅចូលរួមកិច្ចប្រជុំនេះ។ 

លោក ម៉ាក់ ខានី ឡើងថ្លែងសារ។
លោក ម៉ាក់ ខានី ឡើងថ្លែងសារ។

ចំពោះការបោះឆ្នោតជ្រើសរើសតំណែងអគ្គលេខាធិការថ្មី ដែលជាតំណែងប្រមុខដឹកនាំអង្គការហ្រ្វង់កូហ្វូនី «មានភាពតានតឹងខ្លាំង ហើយត្រូវជាប់គាំងនៅម្តុំ»។ ដូច្នេះ ការរើសអគ្គលេខាធិការថ្មី ក៏ត្រូវបានពន្យារពេល១ឆ្នាំ ហើយ១ឆ្នាំក្រោយ ទើបរៀបចំបោះឆ្នោតសាជាថ្មី។ លោកស្រី ល្វីស មូហ្ស៊ីគីវ៉ាបូ ជាអគ្គលេខាធិការបច្ចុប្បន្ន នៅបន្តកាន់តំណែងរយៈពេល១ឆ្នាំទៀត។ តាមពិត ភាពតានតឹងក្នុងការប្រជែងយកតំណែងអគ្គលេខាធិការនេះ បានកើតឡើងតាំងពីមុនមកម្ល៉េះ មិនមែនទើបកើតឡើងនៅកម្ពុជានោះទេ។ ការប្រទាំងប្រទើសគ្នាខ្លាំងបំផុត គឺកើតឡើងរវាងបេក្ខជនពីប្រទេសរវ៉ានដា និងប្រទេសកុងហ្គោ ដែលកំពុងមានជម្លោះប្រដាប់អាវុធជាមួយគ្នាស្រាប់ទៅហើយ នាពេលបច្ចុប្បន្ននេះ។

លោកស្រី ល្វីស, លោកស្រី ជូលីណា អាម៉ាតូ លូមូមបា, លោកស្រី គូមបា បា, លោក ដាសៀន ស៊ីអូឡូស។ 
លោកស្រី ល្វីស, លោកស្រី ជូលីណា អាម៉ាតូ លូមូមបា, លោកស្រី គូមបា បា, លោក ដាសៀន ស៊ីអូឡូស។ 

បេក្ខជន មាន៤រូប។ ទី១ លោកស្រី ល្វីស មូហ្ស៊ីគីវ៉ាបូ (Louise Mushikiwabo) ជនជាតិរវ៉ាន់ដា និងជាអគ្គលេខាធិការអង្គការហ្វ្រង់កូហ្វូនីបច្ចុប្បន្ន បន្តឈរជាបេក្ខជនដណ្តើមយកតំណែងសាជាថ្មី។ ទី២ លោកស្រី ជូលីណា អាម៉ាតូ លូមូមបា (Juliana Amato Lumumba) អតីតរដ្ឋមន្រ្តីក្រសួងវប្បធម៌ប្រទេសកុងហ្គោ។ ទី៣ លោកស្រី គូមបា បា (Coumba Bâ) ជារដ្ឋមន្រ្តីមិនកាន់ក្រសួង និងជាទីប្រឹក្សាប្រធានាធិបតីប្រទេសមូរីកានី។ ទី៤ លោក ដាសៀន ស៊ីអូឡូស (Dacian Cioloș) អតីតនាយករដ្ឋមន្រ្តីប្រទេសរូម៉ានី។

កិច្ចប្រជុំហ្វ្រង់កូហ្វូនី
កិច្ចប្រជុំហ្វ្រង់កូហ្វូនី

រឿងបន្ទាប់ គឺអង្គការហ្វ្រង់កូហ្វូនី យល់ព្រមអនុម័តឯកសារចំនួន៣ ដោយមានចំណុចខ្លះ ពិតជាសំខាន់ និងមានប្រយោជន៍ខ្លាំងសម្រាប់កម្ពុជា។ ទី១ សេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ បង្ហាញពីការប្តេជ្ញាចិត្តលើកកម្ពស់សន្តិភាព និងកិច្ចសហប្រតិបត្តិការ។ ទី២ សេចក្តីសម្រេចស្តីពីការបង្ការ និងការដោះស្រាយជម្លោះ ហើយកសាងសន្តិភាពក្នុងប្រទេសជាសមាជិកហ្វ្រង់កូហ្វូនី។ ទី៣ សេចក្តីអំពាវនាវទីក្រុងភ្នំពេញ ដែលជាគំនិតផ្តួចផ្តើមផ្ទាល់របស់កម្ពុជា ស្តីពីការការពារបេតិកភណ្ឌវប្បធម៌ និងការលើកកម្ពស់ភាពចម្រុះនៃវប្បធម៌ (បន្ទាប់ពីប្រាសាទ និងតំបន់បេតិកភណ្ឌកម្ពុជាតាមព្រំដែន រងការបំផ្លិចបំផ្លាញពីសំណាក់យោធាថៃឈ្លានពាន)។   

លោក នេត្រ ភក្ត្រា ស្ថិតក្នុងសន្និសីទសារព័ត៌មាន។ 
លោក នេត្រ ភក្ត្រា ស្ថិតក្នុងសន្និសីទសារព័ត៌មាន។ 

ក្រោយបិទបញ្ចប់កិច្ចប្រជុំដោយបរិបូណ៌ លោក នេត្រ ភក្រ្តា ក៏ធ្វើសន្និសីទសារព័ត៌មាន។​ បើបានស្តាប់លោករដ្ឋមន្រ្តីព័ត៌មានរូបនេះ គេនឹងដឹងកាន់តែច្បាស់ថា តើឯកសារទាំង៣ ផ្តល់ផលប្រយោជន៍កម្រិតណាដល់កម្ពុជា។ លោក បង្ហាញខ្លឹមសារយ៉ាងច្បាស់ដែលមានចែងក្នុងឯកសារទាំងនេះថា៖«មេដឹកនាំ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលក្នុងអង្គការហ្វ្រង់កូហ្វូនី ប្រកាសគាំទ្រអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា»។

អ្នកសារព័ត៌មានអន្តរជាតិ សួរសំណួរក្នុងសន្និសីទ។ 
អ្នកសារព័ត៌មានអន្តរជាតិ សួរសំណួរក្នុងសន្និសីទ។ 

មិនទាន់អស់ទេ! «បណ្តាមេដឹកនាំនៃអង្គការនេះ ថែមទាំងធ្វើសេចក្តីសម្រេចដ៏សំខាន់ដែលមានសរសេរក្នុងឯកសារទាំងនោះ គឺ ជម្លោះព្រំដែន ត្រូវដោះស្រាយតាមសន្តិវិធី និងច្បាប់អន្តរជាតិតែម្យ៉ាងគត់ មិនអាចប្រើកម្លាំងយោធាឡើយ» នេះបើតាមលោករដ្ឋមន្រ្តីព័ត៌មានដដែរ។ ការប្រការគាំទ្ររបស់អង្គការអន្តរជាតិនេះ ស្របពេលកម្ពុជា កំពុងមានជម្លោះជាមួយថៃ ហើយថៃបន្តឈរជើងកាន់កាប់ទឹកដីកម្ពុជាតាមព្រំដែន។ នៅមានចំណុចដ៏សំខាន់មួយទៀត! បណ្តាមេដឹកនាំនៃអង្គការនិយាយភាសាបារាំងមួយនេះ ថែមទាំងជំរុញឱ្យកម្ពុជា-ថៃ ចាប់ផ្តើមវាស់វែង និងបោះបង្គោលព្រំដែន តាមបច្ចេកទេសនៃគណៈកម្មការជំនាញ (JBC) ហើយត្រូវស្របតាមកិច្ចព្រមព្រៀងទាំងអស់ដែលមានស្រាប់។ 

យោធា និងមន្រ្តីជំនាញកម្ពុជា-ថៃ វាស់វែងព្រំដែនជាមួយគ្នាកន្លងមក។ 
យោធា និងមន្រ្តីជំនាញកម្ពុជា-ថៃ វាស់វែងព្រំដែនជាមួយគ្នាកន្លងមក។ 

ប្រតិកម្មតាមសម្តីមិនឆ្អែត យោធាថៃ បន្ថែមការធ្វើសមយុទ្ធ ហាក់ចង់កំញើញដាក់កម្ពុជា

គេមិនអាចមិនលើកមកនិយាយឡើយ! ក្នុងពេលកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា កំពុងដំណើរការក្នុងថ្ងៃដំបូង ភាគីថៃ រាប់ចាប់តាំងពីមេដឹកនាំរាជរដ្ឋាភិបាល និងមេកងទ័ព បានចេញមកប្រតិកម្មតាមរយៈវោហារសាស្រ្ត ចំពោះការថ្លែងសុន្ទរកថារបស់មេដឹកនាំកម្ពុជា។ នៅពេលកិច្ចប្រជុំកំពូលនេះ ចូលដល់ថ្ងៃចុងក្រោយ កងទ័ពថៃ ក៏អន្ទះអន្ទែងនៅមិនសុខកាន់តែខ្លាំង ហើយបានបង្ហាញវីដេអូអំពីការធ្វើសមយុទ្ធបាញ់គ្រាប់ពិតលើអាកាស ដោយប្រើយន្តហោះចម្បាំង F-16។ កងទ័ពអាកាសថៃ បានប្តេជ្ញាចិត្តដូចមុន អំពីការត្រៀមលក្ខណៈប្រតិបត្តិការសឹក។

យន្តហោះចម្បាំងថៃ
យន្តហោះចម្បាំងថៃ

ប្រតិកម្ម និងការសម្ញែញសព្វាវុធរបស់ថៃ គ្មានប្រសិទ្ធភាពឡើយ ដោយកម្ពុជា នៅតែដំណើរកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីយ៉ាងរលូនរហូតដល់ចប់សព្វគ្រប់ ជាមួយការអនុម័តឯកសារដ៏ពិសិដ្ឋទាំង៣ខាងលើ។ ឯកសារទាំង៣ លេចរូបរាងឡើង និងការថ្លែងសុន្ទរកថាត្រង់ៗរបស់មេដឹកនាំកម្ពុជា ឱ្យអន្តរជាតិបានដឹងច្បាស់អំពីការឈ្លានពានរបស់ថៃនេះហើយ ដែលជាប្រយោជន៍ដ៏ធំសម្រាប់ប្រជាជាតិកម្ពុជា។ 

ប្រាសាទតាក្របីរបស់កម្ពុជា (រូបភាពមុនពេល និង ក្រោយពេលយោធាថៃបំផ្លិចបំផ្លាញ)។
ប្រាសាទតាក្របីរបស់កម្ពុជា (រូបភាពមុនពេល និង ក្រោយពេលយោធាថៃបំផ្លិចបំផ្លាញ)។

រង់ចាំអស់៣៣ឆ្នាំ

កម្ពុជា បានក្លាយជាសមាជិកពេញសិទ្ធិនៃអង្គការហ្វ្រង់កូហ្វូនីនៅឆ្នាំ១៩៩៣មក ខណៈថៃ នៅត្រឹមសមាជិកសង្កេតការណ៍ប៉ុណ្ណោះ។ នៅឆ្នាំ២០២៤ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅរដ្ឋធានីប៉ារីស ប្រទេសបារាំង បានសម្រេចជ្រើសរើសកម្ពុជា ឱ្យធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំនេះ។ ទទួលបានសិទ្ធិភ្លាម កម្ពុជា ក៏ចាប់ផ្តើមត្រៀមខ្លួន និងរៀបចំអ្វីៗជាហូរហែ។ នៅឆ្នាំ២០២៥ កម្ពុជា ជួបឧបសគ្គ និងបញ្ហាធំ ដោយសារថៃបើកសង្គ្រាមឈ្លានពាន២ដង។ ប៉ុន្តែកម្ពុជា មិនបោះបង់ឡើយ ដោយនៅតែបន្តរៀបចំខ្លួនសម្រាប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី។

ព្រះមហាក្សត្រកម្ពុជា, លោក ម៉ាក្រុង, លោកស្រី ល្វីស មូហ្ស៊ីគីវ៉ាបូ ក្នុងកិច្ចប្រជុំហ្វ្រង់កូហ្វូនី នៅរដ្ឋធានីប៉ារីស ប្រទេសបារាំង កាលពីចុងឆ្នាំ២០២៤។ 
ព្រះមហាក្សត្រកម្ពុជា, លោក ម៉ាក្រុង, លោកស្រី ល្វីស មូហ្ស៊ីគីវ៉ាបូ ក្នុងកិច្ចប្រជុំហ្វ្រង់កូហ្វូនី នៅរដ្ឋធានីប៉ារីស ប្រទេសបារាំង កាលពីចុងឆ្នាំ២០២៤។ 

គិតពីឆ្នាំ១៩៩៣ កម្ពុជា បានរង់ចាំអស់រយៈពេល៣៣ឆ្នាំ ទើបបានក្លាយជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីនៅឆ្នាំ២០២៦នេះ។ បើនិយាយពីការរៀបចំខ្លួនវិញ គឺមានរយៈពេលដល់២ឆ្នាំ បូករួមទាំងផលលំបាកកើតចេញពីការឈ្លានពានរបស់ថៃផង។ ក្រោយរង់ចាំអស់៣៣ឆ្នាំ និងប្រឹងប្រែងរៀបចំខ្លួនអស់២ឆ្នាំ ទីបំផុតកម្ពុជា បានដំណើរកិច្ចប្រជុំជាមួយប្រទេស៨១។ រយៈពេល២ថ្ងៃពិតមែន តែកម្ពុជា បានទទួលផលជាតិច្រើន ដូចជា ជនបរទេសស្គាល់កម្ពុជាកាន់តែច្បាស់, ទេសចរណ៍កម្ពុជាកាន់តែត្រូវបានផ្សព្វផ្សាយមួយកម្រិតបន្ថែម, កម្ពុជាប្រើវេទិកានេះ លាតត្រដាងពីការឈ្លានពានរបស់ថៃ, កិច្ចប្រជុំអនុម័តឯកសារសំខាន់ៗ ។ល។ 

ផ្ទះសម្បែងរបស់ពលរដ្ឋកម្ពុជា រងការវាយប្រហារពីយោធាថៃ។ 
ផ្ទះសម្បែងរបស់ពលរដ្ឋកម្ពុជា រងការវាយប្រហារពីយោធាថៃ។ 

កម្ពុជា ផ្តល់អនុស្សាវរីយ៍រាប់ជំពូក ដល់ភ្ញៀវបរទេស  

ក្នុងអំឡុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី មិនមានបញ្ហាអសន្តិសុខ ឬហេតុការណ៍គួរឱ្យព្រួយបារម្ភណាមួយកើតឡើងនោះទេ។ ថ្វីបើការបោះឆ្នោតរើសអគ្គលេខាធិការថ្មី ជាប់គាំង និងខាងថៃឯណោះ ស្រែកឡូឡា និងធ្វើសកម្មភាពក្ឌុងក្ឌាំងក្តី តែមិនអាចរំខានដល់ដំណើរការនៃកិច្ចប្រជុំជាមួយប្រទេសចំនួន៨១ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះទេ។ និយាយមួយបែបនេះទៀតថា បញ្ហាទាំងនេះ មិនគ្របដណ្តើមលើភាពសប្បាយរីករាយរបស់ជនបរទេសឡើយ ក្នុងអំឡុងស្ថិតលើទឹកដីកម្ពុជាដែលសម្បូរហូរហៀដោយប្រាសាទ និងសម្បត្តិបេតិវប្បធម៌។ 

របាំងអប្សរាខ្មែរ សម្តែងក្នុងភូមិហ្វ្រង់កូហ្វូនី។ 
របាំងអប្សរាខ្មែរ សម្តែងក្នុងភូមិហ្វ្រង់កូហ្វូនី។ 

សូមក្រឡេកមើលមេដឹកនាំ និងមន្រ្តីជាន់ខ្ពស់នៃប្រទេសមួយចំនួន! លោក ម៉ាក្រុង និងភរិយា គ្រាន់តែចុះពីយន្តហោះភ្លាម ក៏មានអារម្មណ៍រំភើបតែម្តង។ ពេលចុះពីយន្តហោះមកដល់ដី មន្រ្តីការពារ ក៏បើកទ្វាររថយន្ត ដើម្បីអញ្ជើញលោក និងភរិយាឱ្យចូលក្នុងរថយន្ត ប៉ុន្តែគេភ្ញាក់ផ្អើលគ្រប់គ្នា ពេលលោកប្រធានាធិបតី ប្រាប់ឱ្យមន្រ្តីការពារនោះ បិទទ្វាររថយន្តវិញ ហើយលោក និងភរិយា ក៏ចំណាយពេលមួយស្របក់ដើរទៅរាក់ទាក់មន្រ្តី និងសិស្សានុសិស្ស ដែលទៅទទួលស្វាគមន៍។ លោក និងភរិយា ក៏នៅឈរមើលការសម្តែងរបាំងក្ងោករបស់ខ្មែរមួយភ្លែតដែរ។ ចេញពីអាកាសយានដ្ឋានអន្តរជាតិតេជោ លោក បានទៅជួបសម្តេចធិបតី ហ៊ុន ម៉ាណែត ភ្លាមៗតែម្តង (ជាជំនួបមិត្តភាព មិនមែនផ្លូវការនោះទេ)។ 

លោក ម៉ាក្រុង និងភរិយា ពេលចុះពីយន្តហោះ
លោក ម៉ាក្រុង និងភរិយា ពេលចុះពីយន្តហោះ

ពេលយប់ លោក ម៉ាក្រុង និងភរិយា ធ្វើឱ្យប្រជាជនខ្មែរកាន់តែភ្ញាក់ផ្អើល និងសឹងមិនជឿ ដោយអ្នកទាំងពីរ បាននាំគ្នាទៅដើរលេងតាមមាត់ទន្លេ និងមុខព្រះបរមរាជវាំង ធ្វើដូចធ្លាប់រស់នៅ និងស្គាល់ទីនេះច្បាស់ពីកាលណាមកអ៊ីចឹង។ មិនមែនកម្សាន្តតែនៅក្នុងរាជធានីភ្នំពេញទេ! លោក និងភរិយា ក៏បានស្គាល់រសជាតិនៃទឹកដីខេត្តសៀមរាបផងដែរ។ លោក និងភរិយា បានទៅចូលរួមព្រះរាជពិធីសម្ពោធប្រាសាទមេបុណ្យខាងលិចក្នុងខេត្តនេះ ជាមួយព្រះមហាក្សត្រកម្ពុជា។

លោក ម៉ាក្រុង និងភរិយា ដើរលេងតាមមាត់ទន្លេចតុមុខ និងមុខព្រះបរមរាជវាំង។
លោក ម៉ាក្រុង និងភរិយា ដើរលេងតាមមាត់ទន្លេចតុមុខ និងមុខព្រះបរមរាជវាំង។

ប្រាសាទមេបុណ្យខាងលិច មានរូបសម្រស់ផូរផង់ឡើងវិញ បន្ទាប់ពីទទួលការជួយជុសអស់១៤-១៥ឆ្នាំ ដោយមានជំនួយពីបារាំង។ ពេលចាកចេញពីកម្ពុជា លោក ម៉ាក្រុង ក៏បង្ហោះវីដេអូខ្លីលើទំព័រហ្វេសប៊ុក បង្ហាញអនុស្សាវរីយ៍ដែលលោក រួមទាំងភរិយា មានជាមួយប្រជាជន និងទឹកដីកម្ពុជា។ អ្វីដែលប្រជាជនខ្មែរចាប់អារម្មណ៍ដែរនោះ គឺលោក សរសេរសំណេរជាភាសាខ្មែរនៅពីលើវីដេអូនោះថា «សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅ»។ 

លោក ម៉ាក្រុង និងភរិយា ទៅលេងអង្គរវត្ត។ 
លោក ម៉ាក្រុង និងភរិយា ទៅលេងអង្គរវត្ត។ 

មកមើលអ្នកផ្សេងទៀត! នាយករដ្ឋមន្រ្តី អាមេនី លោក នីកូល ផាហ្ស៊ីនយ៉ាន (Nikol Pashinyan) សប្បាយមិនចាញ់លោក ម៉ាក្រុង នោះទេ។ នាយករដ្ឋមន្រ្តីអាមេនីរូបនេះ ស្លៀកពាក់ជាអ្នកហាត់កីឡា ហើយជិះកង់លេងពេញរាជធានីភ្នំពេញ ធ្វើដូចលោកជាអ្នកកើតនៅទីនេះ។ ដោយឡែក គណៈប្រតិភូពីប្រទេសកាណាដា ក៏មានរឿងគួរឱ្យចាប់អារម្មណ៍ដែរ។ លោក ប៉ូល សាំងព្យែរ ផ្លាម៉ង់ដុង (Paul St-Pierre Plamondon) នាយករដ្ឋមន្រ្តីខេត្តកេប៊េក (Quebec) ប្រទេសកាណាដា និងមន្រ្តីមួយចំនួនទៀត នាំគ្នាជិះតុកតុកទៅលេងភូមិហ្វ្រង់កូហ្វូនី។ មេខេត្តនៅកាណាដា មិនហៅអភិបាលខេត្តដូចនៅកម្ពុជានោះទេ គឺហៅនាយករដ្ឋមន្រ្តីខេត្ត។ 

លោក ប៉ូល សាំងព្យែរ ជិះតុកតុក, លោក នីកូល ជិះកង់។ 
លោក ប៉ូល សាំងព្យែរ ជិះតុកតុក, លោក នីកូល ជិះកង់។ 

ឈ្មោះប្រទេសកម្ពុជា មិនមែនស្ថិតតែក្នុងចិត្តភ្ញៀវបរទេសដែលចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនោះទេ តែក៏បានសាយភាយមួយកម្រិតទៀតទៅប៉ះភ្នែកឮដល់ត្រចៀកជនបរទេស ដែលមិនបានមកផ្ទាល់ ពីព្រោះថា​ កាសែតអន្តរជាតិធំៗជាច្រើន បានសម្រុកនាំគ្នាចុះផ្សាយពីកិច្ចប្រជុំនេះ ដោយភ្ជាប់ជាមួយឈ្មោះប្រទេសកម្ពុជា។ ដូចព្រះរាជបន្ទូលអំពាវនាវរបស់ព្រះមហាក្សត្រកម្ពុជា ភ្ញៀវបរទេសទាំងនោះ ពិតជាត្រឡប់ទៅវិញជាមួយស្នាមញញឹមមែន។ ជនបរទេស ច្បាស់ជាកត់សម្គាល់ឃើញលក្ខណៈដ៏ពិសេសមួយមិនខាន គឺ «កម្ពុជា ជាទឹកដីនៃស្នាមញញឹម»៕ 

<br />

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត