ពលរដ្ឋខ្មែរ សូមប្រុងប្រយ័ត្ន! តើត្រីទន្លេមេគង្គ នៅតែអាចបរិភោគបានដែរឬទេ ក្រោយការរកឃើញសារធាតុអាសេនិកកម្រិតខ្ពស់ នៅក្នុងទឹកមូតជនជាតិថៃជាច្រើននាក់?
S
Sinuon Nop
•
10 ម៉ោងមុន

រាជធានីបាងកក៖ ក្រោយការរកឃើញសារធាតុអាសេនិកកម្រិតខ្ពស់ នៅក្នុងទឹកទន្លេមេង្គ និងរកឃើញត្រីមានដុំពក និងដុំបែក បានបង្កឱ្យមានការក្ដីបារម្ភកាន់តែខ្លាំងឡើង ខណៈមានការរកឃើញសារធាតុអាសេនិកក្នុងទឹកមូតកម្រិតខ្ពស់របស់ជនជាតិថៃ ជិត២០នាក់ ដែលហេតុការណ៍នេះ កំពុងបង្កឱ្យជនជាតិថៃ មិនហ៊ានទិញត្រីទន្លេមេគង្គយកទៅទទួលទាន។ មានការចោទសួរថា តើត្រីក្នុងទឹកទន្លេមេគង្គទាំងនោះ នៅតែអាចបរិភោគបានដែរឬយ៉ាងណា..?

មន្រ្ដីជំនាញថៃ ដកទឹកទន្លេមេគង្គ យកទៅពិនិត្យរកសារធាតុអាសេនិក
មន្រ្ដីជំនាញថៃ ដកទឹកទន្លេមេគង្គ យកទៅពិនិត្យរកសារធាតុអាសេនិក

សារព័ត៌មានខាវសដ បានរាយការណ៍ថា អាជ្ញាធរថៃ កាលពីថ្ងៃអង្គារទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ បានធ្វើតេស្តរកឃើញសារធាតុអាសេនិក (Arsenic) លើសពីកម្រិតកំណត់ នៅក្នុងទឹកមូតពលរដ្ឋថៃចំនួន១៧នាក់ រស់នៅខេត្តណងខាយ (หนองคาย) ជាប់ព្រំដែនជាមួយប្រទេសឡាវ ខណៈអ្នកនេសាទ បានរាយការណ៍ថា ត្រីនៅក្នុងទន្លេមេគង្គ មានអាការឈឺ ដោយត្រីខ្លះមានដុះដុំពក និងត្រីខ្លះទៀតមានដំបៅនៅលើខ្លួនរបស់វា។ ពលរដ្ឋថៃដែលធ្លាប់បរិភោគត្រីទន្លេមេគង្គ កំពុងមានការភ័យខ្លាច មិនហ៊ានទិញត្រីទាំងនោះ យកទៅទទួលទានទៀតឡើយ ខណៈវិបត្តិទឹកទន្លេកំពុងបង្កការលំបាកដល់ជីវភាពរស់នៅរបស់ប្រជាជនរស់នៅតាមបណ្តោយដងទន្លេនៃប្រទេសទាំង៣ ភូមា ថៃ និងឡាវ។

ទឹកទន្លេមេគង្គ ត្រូវបានគេរកឃើញថា មានការបំពុល ដោយសារលោហៈធ្ងន់ធ្ងរ ជាពិសេស សារធាតុអាសេនិក ដែលបង្កផលប៉ះពាល់យ៉ាងខ្លាំង ដល់ប្រជាជនរស់នៅតាមដងទន្លេដ៏វែងបំផុតលំដាប់ទី១២របស់ពិភពលោកមួយនេះ។ ប្រជាជនទូទាំងខេត្តណងខាយ ពឹងផ្អែកលើទន្លេមេគង្គនេះ សម្រាប់ជីវភាពរស់នៅ និងការងាររបស់ពួកគេ។ លោក ខាំហ្វៃ សៃស៊ុនដា (คำฝาย สายสุดา) អ្នកនេសាទភាគជាតិឦសាន្តរស់នៅណងខាយ បញ្ជាក់ថា គាត់បាននេសាទត្រីនៅក្នុងទន្លេមេគង្គ តាំងពីគាត់មានអាយុ២០ឆ្នាំមកម៉្លេះ។ គាត់ធ្លាប់ចាប់ត្រីជាច្រើនប្រភេទ តែពេលនេះ ទឹកទន្លេមានសភាពប្រែប្រួលហើយ។ បច្ចុប្បន្ន គាត់រកឃើញអម្បូណ៌ត្រីខ្យា (Goonch Catfish) មានដុំពក និងដំបៅលើខ្លួន ហើយការនេសាទត្រីក៏ធ្លាក់ចុះផងដែរ ចាប់តាំងពីមានព័ត៌មាន អំពីការបំពុលទឹកនោះមក ប្រជាពលជន មិនហ៊ានទិញត្រីទន្លេមេគង្គយកទៅទទួលទាន ដូចមុនទៀតទេ។

លោកស្រី អមប៊ុន ធីបសុណា (ออมบุญ ทิพย์สุน่า) ប្រធានបណ្តាញក្រុមប្រឹក្សា អង្គការសហគមន៍អាងទន្លេមេគង្គ (Mekong Basin Community Organisation Council Network) គ្របដណ្ដប់លើខេត្តចំនួន៧របស់ថៃ បានឱ្យដឹងថា សមាជិកបណ្តាញ បានចាប់ផ្តើមពិភាក្សាគ្នា បន្ទាប់ពីបានរកឃើញត្រីនៅក្នុងទន្លេមេគង្គ កើតមានជំងឺបែបនេះ។ បណ្តាញនេះ បានបញ្ជូនត្រីទន្លេមេគង្គ ទៅធ្វើតេស្តត្រួតពិនិត្យ ជារៀងរាល់ខែ។ ជាលទ្ធផល បុគ្គលិកជំនាញបានរកឃើញថា មានកម្រិតជាតិបំពុល ដោយសារធាតុលោហៈធ្ងន់ធ្ងរ។ កម្រិតសារធាតុអាសេនិក នៅក្នុងទន្លេ កំពុងបន្តកើនឡើង នៅក្នុងខេត្តចំនួន៤ រួមមាន៖ ខេត្តលើយ (เลย), ខេត្តណងខាយ (หนองคาย), ខេត្តបឹងកាប (บึงกาฬ) និងខេត្តនគរភ្នំ (นครพนม)។ កម្រិតសារធាតុនេះ កំពុងស្ថិតក្នុងខេត្តនៅឡើយ គឺខ្ពស់ជាងកម្រិតកំណត់ស្ដង់ដារ ជាង៤ដង ចំណែកឯនៅខេត្តណងខាយ គឺខ្ពស់ជាងពី២ទៅ៣ដងឯណោះ។

លោកស្រី អមប៊ុន ធីបសុណា បានបន្ដថា ត្រីទន្លេមេគង្គ នៅតែអាចបរិភោគបាន ហើយលោកស្រី មិនចង់ឱ្យប្រជាពលរដ្ឋ មានការព្រួយបារម្ភខ្លាំងពេកនោះទេ។ លោកស្រី ពន្យល់ថា សាច់ត្រី នៅតែអាចបរិភោគបាន ដោយសុវត្ថិភាព ប៉ុន្តែមិនគួរទទួលទានផ្នែកសរីរាង្គខាងក្នុង ឬពោះត្រីឡើយ។ លើសពីនេះទៅទៀត លោកស្រី ក៏បានណែនាំឱ្យប្រជាពលរដ្ឋ ចៀសវាងការបរិភោគសត្វដែលរស់នៅក្រោមបាតទន្លេ ដូចជា ខ្យង ខ្ចៅ និងបង្គា ជាបណ្តោះអាសន្នសិន។ ការិយាល័យគ្រប់គ្រងបរិស្ថាន និងការបំពុលខេត្តឧត្តរធានី(อุดรธานี) បានរាយការណ៍កាលពីខែកញ្ញា អំពីសារធាតុអាសេនិក នៅក្នុងទឹកទន្លេមេគង្គ មានរហូតដល់០,០១១មិល្លីក្រាមក្នុងមួយលីត្រ នៅក្នុងស្រុកសង្គម (สังคม), កម្រិត០,០១មិល្លីក្រាមក្នុងមួយលីត្រ នៅស្រុកមឿងណង (เมืองหนอง) និងកម្រិត0,0១២មិល្លីក្រាមក្នុងមួយលីត្រ នៅស្រុកពោនពិសី (โพนพิสัย)។

នាយកដ្ឋានគ្រប់គ្រងជំងឺ បានពិនិត្យ និងវាយតម្លៃអំពីហានិភ័យ ចំពោះប្រជាពលរដ្ឋ នៅក្នុងឃុំហាតខាំ (หาดคำ) និងឃុំហ៊ីនង៉ម (หินงอม នៃស្រុកមឿងណង) និងតំបន់ក្បែរនោះ ដោយគ្របដណ្ដប់លើសំណាកចំនួន១៦៤៤ករណី។ សំណាកទឹកមូតរបស់មនុស្សចំនួន១៧៧នាក់ បានបញ្ជូនទៅធ្វើតេស្តនៅក្នុងមន្ទីរពិសោធន៍។ នាយកដ្ឋានមួយ បញ្ជាក់ថា ពួកគេស្ថិតក្នុងកម្រិតហានិភ័យ ពីមធ្យមទៅខ្ពស់។ បរិមាណអាសេនិកសរុបនៅក្នុងទឹកមូតនៃមនុស្សចំនួន១៧នាក់ មានលើសពីកម្រិតយោង ដោយមានកម្រិតលើសពី១០០មីក្រូក្រាមនៅក្នុងមួយលីត្រ។ មនុស្សទាំង១៧នាក់នេះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យណងខាយ ដើម្បីពិនិត្យសុខភាពបន្ថែម រួមមាន ការពិនិត្យរាងកាយ ការពិនិត្យឈាម ដើម្បីរាប់ចំនួនកោសិកាឈាម និងការពិនិត្យមុខងារថ្លើមផងដែរ។

សូមជម្រាបថា ទន្លេមេគង្គ មានប្រវែង៤៣៥០គីឡូម៉ែត្រ ដោយមានប្រភពដើមនៅតំបន់ស្វ័យតទីបេត៍ គ្រប់គ្រងដោយប្រទេសចិន វាបានហូរកាត់ភាគនិរតីនៃប្រទេសចិន ដែលហៅថា ទន្លេឡានឆាង (Lancang) និងហូរធ្លាក់ចុះមកឆ្លងកាត់ប្រទេសភូមា ថៃ ឡាវ កម្ពុជា និងភាគខាងត្បូងវៀតណាម ដែលជាដែនដីកម្ពុជាក្រោមសព្វថ្ងៃ។ ទន្លេនេះ ជាទន្លេវែងជាងគេលំដាប់លេខ៣ នៅទ្វីបអាស៊ី និងវែងជាងគេលំដាប់លេខ១២របស់ពិភពលោក។ នៅប្រទេសកម្ពុជា SBM News មិនទាន់អាចសុំការបំភ្លឺពីមន្ត្រីក្រសួងបរិស្ថាន បាននៅឡើយទេ ជុំវិញបញ្ហាត្រីទន្លេមេគង្គមានជំងឺដុះដុំពក និងមានពងបែកនៅលើស្បែកត្រី ដែលកំពុងបង្កការភ្ញាក់ផ្អើលនៅឯប្រទេសថៃ និងប្រទេសឡាវនាពេលថ្មីៗ គិតត្រឹមពេលចេញផ្សាយនេះ ដ្បិតមន្ត្រីនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានត្រឹមតែចូលមើលសំណួររបស់សហការីយើងហើយ ប៉ុន្តែតបឆ្លើយអ្វីសោះឡើយ។ មិនដឹងថា លោកមិនទាន់ទទួលជ្រាបព័ត៌មានខាងលើនេះ ឬក៏ទុកឱ្យវាកើតឡើងនៅក្នុងប្រទេសកម្ពុជាយើងសិន ទើបមានការឆ្លើយបំភ្លឺជុំវិញក្ដីកង្វល់របស់ប្រជាជន៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត