
រាជធានីភ្នំពេញ៖ តម្លៃមាសអន្តរជាតិ បានបន្តដាំក្បាលចុះក្រោម៥៨០០ដុល្លារ ក្នុង១តម្លឹងមាសវិញ នៅព្រឹកថ្ងៃចន្ទទី២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ…។

គិតត្រឹមព្រឹកថ្ងៃទី២កុម្ភៈនេះ តម្លៃហាងឆេងមាសអន្តរជាតិ បានធ្លាក់ចុះជាបន្តបន្ទាប់មកនៅត្រឹមជាង៤៧០០ដុល្លារក្នុង១អោន ឬជាង៥៧០០ដុល្លារក្នុង១តម្លឹងមាស។ មានកត្តាមួយចំនួនធ្វើឱ្យតម្លៃហាងឆេងមាសធ្លាក់ចុះ រួមមាន៖ ការដកលុយរបស់វិនិយោគិនចេញពីការជួញដូរតម្លៃហាងឆេងមាស ដើម្បីកើបយកផលចំណេញ, កត្តាភូមិសាស្ត្រនយោបាយ ហាក់ថយកម្ដៅ ។ល។ នេះជាវេលាល្អមួយសម្រាប់អ្នកដែលចង់ទិញមាសទុកយកផលចំណេញទាំងក្នុងរយៈពេលខ្លី និងរយៈពេលវែង។

លោក ឡុង សំណាង អ្នកប្រឹក្សាយោបល់ហិរញ្ញវត្ថុ និងតម្លៃហាងឆេងមាស បានព្យាករថា បន្ទាប់ពីទម្លាក់ខ្លួនចុះរួចហើយ មាសនឹងងើបខ្លួនឡើងមកវិញសាជាថ្មី។ ថ្លែងប្រាប់អង្គភាពសារព័ត៌មាន SBM News នាពេលថ្មីៗ លោកថា ក្នុង២០២៦នេះ មាសនឹងអាចហក់ឡើងដល់តម្លៃចន្លោះ៦៨០០-៧៥០០ក្នុង១តម្លឹង។ គិតត្រឹមព្រឹកថ្ងៃទី២កុម្ភៈ តម្លៃហាងឆេងមាសលើទីផ្សារនៅរាជធានីភ្នំពេញ សម្រាប់មាសគីឡូដុំ លក់ចេញតម្លៃ៥៨៨០ដុល្លារក្នុង១តម្លឹង និងទិញចូលតម្លៃ៥៦៨០ក្នុង១តម្លឹង។ ចំណែកមាសគីឡូគ្រឿង លក់ចេញតម្លៃ៥៧០០ដុល្លារក្នុង១តម្លឹង និងទិញចូលតម្លៃ៥៥០០ដុល្លារក្នុង១តម្លឹង៕




