
រាជធានីភ្នំពេញ៖ គិតត្រឹមឆ្នាំ២០២៥ កម្ពុជាផលិតដុំមាសបានចំនួន១៨តោន នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងរ៉ែ និងថាមពល ស្ដីពី«ពិព័រណ៌ផលិតផលរ៉ែឆ្នាំ២០២៦» ចុះផ្សាយថ្ងៃទី១៣កុម្ភៈ...។

ក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា ក្នុងរយៈពេល៤ឆ្នាំ គិតចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៥ កម្ពុជាផលិតដុំមាសបានប្រមាណ១៨តោន តាមការដ្ឋានរ៉ែដែលស្ថិតនៅខេត្តចំនួន៦ក្នុងប្រទេសកម្ពុជា រួមមាន៖ ខេត្តព្រះវិហារ ខេត្តកំពង់ធំ មណ្ឌលគិរី រតនគិរី ក្រចេះ និងបាត់ដំបង។ ក្រសួងបាអះអាងថា ផលិតកម្មរ៉ែមាសកំពុងដើរតួនាទីជាប្រភពចំណូលជាតិថ្មី ខណៈរ៉ែថ្ម និងខ្សាច់សំណង់ ក៏បានដើរតួយ៉ាងសំខាន់ក្នុងការធានានិរន្តរភាពនៃការផ្គត់ផ្គង់វត្ថុធាតុដើមគ្រប់គ្រាន់ និងក្នុងតម្លៃសមរម្យរួមចំណែកដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសំណង់តូចធំនានានៅទូទាំងប្រទេស។

ប្រតិបត្តិការធនធានរ៉ែ បានចូលរួមចំណែកអភិវឌ្ឍន៍សហគមន៍មូលដ្ឋានតាមរយៈមូលនិធិរ៉ែសម្រាប់ទ្រទ្រង់កិច្ចអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន ផ្តួចផ្តើមបង្កើតឡើងដោយក្រសួងរ៉ែ និងថាមពល ក្នុងគោលបំណងបង្កើតឱ្យមានសុខដុមនីយកម្មក្នុងតំបន់ប្រតិបត្តិការធនធានរ៉ែ។ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា វិស័យរ៉ែមានការរីកចម្រើនគួរឱ្យកត់សម្គាល់។ មកទល់ពេលនេះ ទុនវិនិយោគសរុបក្នុងវិស័យរ៉ែមានប្រមាណ២៨៩០លានដុល្លារអាម៉េរិក និងបានបង្កើតការងារដោយផ្ទាល់ប្រមាណជាង១ម៉ឺន២ពាន់នាក់។ ចំណែក ចំណូលមិនមែនសារពើពន្ធពីវិស័យរ៉ែនៅក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ មានការកើនឡើងគួរឱ្យកត់សម្គាល់ដោយមានកំណើនពី១៣,១០លានដុល្លារនៅក្នុងឆ្នាំ២០១៦ ទៅ១៣៥,៥៥លានដុល្លារនៅក្នុងឆ្នាំ២០២៥៕



