ចិនសម្រុកទិញមាសបន្ថែម១៥ខែជាប់ៗគ្នា ខណៈមាសបម្រុងហក់ឡើងដល់ជិត៣៧០ពាន់លានដុល្លារ
N
Nary Vann
15 ម៉ោងមុន

រដ្ឋធានីប៉េកាំង៖ ធនាគារកណ្ដាលចិន (PBOC) នៅតែបន្តយុទ្ធសាស្ត្រពង្រឹងសន្តិសុខហិរញ្ញវត្ថុរបស់ខ្លួនយ៉ាងគត់មុត ដោយបានបន្ថែមចំនួនមាសបម្រុងក្នុងខែមករា ដែលជាការទិញចូលជារៀងរាល់ខែក្នុងរយៈពេល១៥ខែជាប់ៗគ្នា។ យោងតាមទិន្នន័យចេញផ្សាយកាលពីថ្ងៃទី៧ ខែកុម្ភៈ ចំនួនមាសបម្រុងសរុបរបស់ចិន កើនឡើងដល់ ៧៤,១៩លានអោន...

បើគិតជាតម្លៃទឹកប្រាក់ មាសបម្រុងរបស់ប្រទេសចិនហក់ឡើងដល់៣៦៩,៥៨ពាន់លានដុល្លារ បើធៀបនឹងខែធ្នូដែលមានត្រឹមតែ៣១៩,៤៥ពាន់លានដុល្លារប៉ុណ្ណោះ។ ការកើនឡើងនូវតម្លៃមាសបម្រុងនេះ កើតឡើងចំពេលដែលតម្លៃមាសនៅលើទីផ្សារពិភពលោកមានការប្រែប្រួលយ៉ាងខ្លាំង ដោយខែមករា តម្លៃមាសបានហក់ឡើងដល់កំណត់ត្រាជិត៥៦០០ដុល្លារក្នុងមួយអោន។ ដោយសារតម្រូវការខ្ពស់ក្នុងការស្វែងរកជម្រកសុវត្ថិភាព ចំពេលមានភាពមិនច្បាស់លាស់នៃនយោបាយ និងសេដ្ឋកិច្ចសកល។ តែនៅចុងខែមករា តម្លៃមាសបានធ្លាក់ចុះមកវិញយ៉ាងគំហុកនៅសល់ប្រហែល៤៤០៣ដុល្លារក្នុងមួយអោន បន្ទាប់ពីមានការតែងតាំងលោកខេវិន វ៉ាសហ៍ (Kevin Warsh) ជាប្រធានថ្មីនៃធនាគារកណ្ដាលអាម៉េរិក។ បច្ចុប្បន្ន មាសកំពុងជួញដូរក្នុងតម្លៃប្រហែល៤៩៦០ដុល្លារក្នុងមួយអោន។

ទោះបីជាការប្រើប្រាស់មាសជារួមនៅក្នុងប្រទេសចិន បានធ្លាក់ចុះ៣,៧៥ភាគរយក្នុងឆ្នាំ២០២៥ ក៏ដោយ ប៉ុន្តែមានចំណុចគួរឱ្យកត់សម្គាល់មួយ គឺតម្រូវការទិញមាសដុំ និងកាក់មាសបានហក់ឡើងដល់៣៥,១៤ភាគរយ​ ដែលបង្ហាញថា ប្រជាជនចិនកំពុងងាកមកសន្សំមាសក្នុងទម្រង់ជាទ្រព្យសម្បត្តិសុវត្ថិភាព ច្រើនជាងការទិញមាសសម្រាប់ធ្វើជាគ្រឿងអលង្ការ។ គួររំលឹកផងដែរថា ធនាគារកណ្ដាលចិន ធ្លាប់បានផ្អាកការទិញមាសមួយរយៈកាលពីខែឧសភា ឆ្នាំ២០២៤ បន្ទាប់ពីបានទិញជាប់ៗគ្នាអស់រយៈពេល១៨ខែ។ ទោះជាយ៉ាងណា ៦ខែក្រោយមក ចិនក៏បានត្រឡប់មកវាយលុកទីផ្សារមាសវិញយ៉ាងសកម្មរហូតមកដល់បច្ចុប្បន្ន ដើម្បីកាត់បន្ថយការពឹងផ្អែកលើរូបិយបណ្ណបរទេស និងពង្រឹងស្ថិរភាពសេដ្ឋកិច្ចជាតិ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត