
រដ្ឋធានីសេអ៊ូល៖ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក ឆូ យុន (Cho Hyun) បានថ្លែងនៅសៅរ៍ទី១៤ ខែវិច្ឆិកា នេះថា កូរ៉េខាងត្បូង មិនគួរមានការភ័យខ្លាចចំពោះការងើបឡើងរបស់នាគរាជចិននោះឡើយ ហើយក៏មិនគួរមើលស្រាលសមត្ថភាពចិននោះដែរ ដោយលោកបានជំរុញឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ មុនកិច្ចប្រជុំកំពូលថ្នាក់តំបន់នៅប្រទេសចិន នាសប្តាហ៍ក្រោយ។

លោក ឆូ បានសរសេរនៅលើបណ្តាញសង្គម X ថា៖«ក្នុងដំណើរទស្សនកិច្ចនៅប្រទេសចិន លើកនេះ ខ្ញុំត្រូវបានរម្លឹកថា យើងមិនគួរមានការភ័យខ្លាចដោយគ្មានមូលដ្ឋាន ចំពោះការងើបឡើងរបស់ចិនទេ ហើយក៏មិនគួរមើលស្រាលសមត្ថភាព និងសក្តានុពលដែលចិនកំពុងមានដែរ»។ លោកបន្តថា រដ្ឋធានីសេអ៊ូល គួរតែកសាងកិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក តាមរយៈការប្រើប្រាស់ស្វ័យភាព និងភាពច្នៃប្រឌិតរបស់ប្រជាជន និងក្រុមហ៊ុនកូរ៉េខាងត្បូង។ ការលើកឡើងនេះ ធ្វើឡើងមួយថ្ងៃបន្ទាប់ពីជំនួបពិភាក្សា និងពិធីលៀងសាយភោជន៍ជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) នៅរដ្ឋធានីប៉េកាំងកាលពីថ្ងៃសុក្រ ដែលជាជំនួបលើកដំបូងក្នុងរយៈពេលប្រហែល៣ខែ។

ភាគីទាំង២ បានពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី បញ្ហានៅឧបទ្វីបកូរ៉េ និងមធ្យោបាយនានា ដើម្បីនាំមកនូវផលប្រយោជន៍ជាក់ស្តែង ដល់ប្រជាជននៃប្រទេសទាំងពីរ។ ជំនួបនេះ ធ្វើឡើងមុនកិច្ចប្រជុំកំពូលនៃមេដឹកនាំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) នៅទីក្រុងស៊ិនជិន ពីថ្ងៃទី១៨ ដល់១៩ ខែវិច្ឆិកា ដែលប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ជេម្យ៉ុង (Lee Jae Myung) នឹងចូលរួម ព្រមទាំងគ្រោងចូលរួមពិធីលៀងសាយភោជន៍ ដែលរៀបចំដោយប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) និងភរិយាផងដែរ៕



