កូរ៉េខាងត្បូង បញ្ជូនយន្តហោះចម្បាំងឡើងស្ទាក់ បន្ទាប់ពីយន្តហោះរុស្ស៊ីហោះចូលតំបន់ការពារដែនអាកាសរបស់ខ្លួន
ហៀប ស៊ីថេត
•
8 ម៉ោងមុន

រដ្ឋធានីសេអ៊ូល៖ កូរ៉េខាងត្បូងអះអាងថា ខ្លួនបានបញ្ចូនយន្តហោះចម្បាំង និងធ្វើសមយុទ្ធយុទ្ធសាស្ត្រ បន្ទាប់ពីយន្តហោះយោធារុស្ស៊ីជាច្រើនគ្រឿង ហោះចូលតំបន់ការពារដែនអាកាសរបស់ខ្លួន នៅថ្ងៃអង្គារទី១៧ ខែវិច្ឆិកានេះ...។

អគ្គសេនាធិការចម្រុះនៃរដ្ឋធានីសេអ៊ូល (JCS) បានបញ្ជាក់ថា យន្តហោះរុស្ស៊ីជាច្រើនគ្រឿង (តែមិនត្រូវបានបញ្ជាក់ចំនួន) បានហោះចូល និងបានហោះចេញវិញពីតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសកូរ៉េខាងត្បូង (KADIZ) នៅលើសមុទ្ទខាងកើត នៅព្រឹកព្រលឹមថ្ងៃអង្គារទី១៧ ខែវិច្ឆិកា។ JCS បានអះអាងនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយថា៖«យោធារបស់យើង បានរកឃើញយន្តហោះរុស្ស៊ីទាំងនោះ មុនពេលពួកគេហោះចូលក្នុងតំបន់ KADIZ ហើយបានបញ្ជូនយន្តហោះចម្បាំងកងទ័ពអាកាស ដោយចាត់វិធានការយុទ្ធសាស្ត្រ ដើម្បីត្រៀមលក្ខណៈសម្រាប់គ្រប់គ្រងស្ថានការណ៍អាសន្ន»។

តំបន់កំណត់អត្តសញ្ញាណការពារដែនអាកាស ឬ KADIZ មិនមែនជាដែនអាកាសអធិបតេយ្យភាពទេ ប៉ុន្តែជាតំបន់ទ្រនាប់ដែលប្រទេសនានា កំណត់អត្តសញ្ញាណយន្តហោះ ដែលហោះចូលមកជិត ក្នុងគោលបំណងសន្តិសុខ។ ជាទូទៅ យន្តហោះយោធា ត្រូវបានរំពឹងថា នឹងជូនដំណឹងដល់ប្រទេសពាក់ព័ន្ធ មុនពេលហោះចូលទៅក្នុងតំបន់ការពារដែនអាកាសរបស់ប្រទេសនោះ។ រដ្ឋធានីសេអ៊ូល បានអះអាងថា យន្តហោះរុស្ស៊ីទាំងនោះ មិនបានរំលោភចូលដែនអាកាសរបស់កូរ៉េខាងត្បូងទេ។

នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកាដដែលនេះ កងកម្លាំងស្វ័យការពាររបស់រដ្ឋាភិបាលជប៉ុន បានប្រកាសថា ខ្លួនបានបញ្ជូនយន្តហោះចម្បាំងហោះឡើងស្ទាក់ព្រមានជាបន្ទាន់ផងដែរ បន្ទាប់ពីយន្តហោះចម្បាំងរុស្ស៊ី២គ្រឿង បានហោះរំលោភចូលក្នុងដែនអាកាសអធិបតេយ្យរបស់ជប៉ុន នៅក្បែរកោះអូគីណូស៊ីម៉ា (Okinoshima) ខេត្តហ្វូគូអូកា (Fukuoka)។ អ្នកនាំពាក្យជាន់ខ្ពស់របស់រដ្ឋាភិបាលជប៉ុន លោក មីណូរូ គីហារ៉ា (Minoru Kihara) បានថ្កោលទោសសកម្មភាពនេះ ថាជាការបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាព និងជាការគំរាមកំហែងដល់សន្តិសុខជាតិជប៉ុន ដែលមិនអាចទទួលយកបានជាដាច់ខាត។ សូមជម្រាបថា នេះគឺជាការរំលោភដែនអាកាសផ្លូវការលើកដំបូងរបស់រុស្ស៊ី ទៅលើជប៉ុន ចាប់តាំងពីឆ្នាំ២០១៩មក។

កាលពីខែមិថុនា យន្តហោះយោធាចិន និងរុស្ស៊ីជាង១០គ្រឿង បានហោះចូលក្នុងតំបន់ការពារដែនអាកាសរបស់កូរ៉េខាងត្បូង ជំរុញឱ្យរដ្ឋធានីសេអ៊ូល បញ្ជូនយន្តហោះចម្បាំងដើម្បីឆ្លើយតបភ្លាមៗ។ នៅពេលនោះ រដ្ឋធានីប៉េកាំង បានបញ្ជាក់ថា សមយុទ្ធរួមគ្នាជាមួយរុស្ស៊ី គឺជាការល្បាតដែនអាកាសយុទ្ធសាស្ត្រនៅលើសមុទ្ទជប៉ុន សមុទ្ទចិនខាងកើត និងមហាសមុទ្ទប៉ាស៊ីហ្វិកខាងលិច ក្នុងគោលបំណងរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត