
រដ្ឋធានីបេកាំង៖ គ្រោះអគ្គិភ័យមួយបានឆាបឆេះអាគារស្នាក់នៅមួយកន្លែង នៅភាគខាងជើងប្រទេសចិន បណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់ ១៤នាក់ស្លាប់ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានរដ្ឋចិននៅថ្ងៃចន្ទទី៩ ខែវិច្ឆិកា។

ភ្នាក់ងារសារព័ត៌មានស៊ិនហួ បានរាយការណ៍ថា អគ្គិភ័យនេះបានកើតឡើងនៅលើអាគារមួយកន្លែងក្នុងទីក្រុងតៃយ័ន (Taiyuan) ខេត្តសានស៊ី (Shanxi) កាលពីល្ងាចថ្ងៃសៅរ៍ទី៨ ខែវិច្ឆិកា។ សារព័ត៌មានស៊ិនហួ បានរាយការណ៍បន្ថែមថា៖«មនុស្សសរុប៣៨នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ ក្នុងនោះមាន៥នាក់ទៀតបានបាត់បង់ជីវិត ហើយចំនួនអ្នកស្លាប់កើនឡើងរហូតដល់ ១៤នាក់នៅព្រឹកថ្ងៃចន្ទនេះ»។ យ៉ាងណា ចំពោះមូលហេតុពិតប្រាកដនៃគ្រោះអគ្គិភ័យនេះ កំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ។ សូមជម្រាបថា គ្រោះអគ្គិភ័យដែលបង្កឱ្យមានមនុស្សស្លាប់ គឺជារឿងកើតឡើងញឹកញាប់នៅប្រទេសចិន ដោយសារតែការអនុវត្តបទដ្ឋានសំណង់នៅមានកម្រិត និងការធ្វេសប្រហែសលើបទដ្ឋានសុវត្ថិភាពនៅកន្លែងធ្វើការ៕




