
ក្រុងសិរីសោភ័ណ៖ លោក ហ្វ្រង់ស្វ័រ ក្រូឌីឌីយេ (François Grosdidier) អភិបាលក្រុង METZ នៃសាធារណរដ្ឋបារាំង បង្ហាញការយល់ឃើញថា កម្ពុជា ជាប្រទេសរងគ្រោះដោយសារការឈ្លានពានពីប្រទេសជិតខាង ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ។ ការបញ្ជាក់នេះ ធ្វើឡើងក្នុងឱកាសលោកដឹកនាំគណៈប្រតិភូចុះពិនិត្យស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរភៀសសឹកចំនួន៦ភូមិ នៅភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦...។

ក្រសួងមហាផ្ទៃកម្ពុជា រាយការណ៍ថា ក្នុងដំណើរទស្សនកិច្ចនោះ លោក ហ្វ្រង់ស្វ័រ ក្រូឌីឌីយេ និងគណៈប្រតិភូនៃស្ថានកុងស៊ុលកិត្តិយសកម្ពុជា ប្រចាំក្រុង METZ បានចូលជួប លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ដើម្បីពិភាក្សាអំពីស្ថានភាពក្នុងខេត្ត ក៏ដូចជាការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងបារាំង។ ក្នុងជំនួបនោះ លោក អ៊ុំ រាត្រី បានលើកឡើងពីផលប៉ះពាល់នៃជម្លោះប្រដាប់អាវុធ តាមបណ្តោយព្រំដែនកម្ពុជា-ថៃ កាលពីឆ្នាំ២០២៥ ដែលបណ្ដាលឱ្យលំនៅឋានប្រជាពលរដ្ឋរងការខូចខាត ប្រជាពលរដ្ឋស្លូតត្រង់ស្លាប់ និងរងរបួស ព្រមទាំងកងកម្លាំងការពារជាតិមួយចំនួនបានរងរបួស និងពលី ក្នុងបុព្វហេតុការណ៍ពារអធិបតេយ្យភាព និងបូរណភាពទឹកដី។ ក្រសួងមហាផ្ទៃស្រង់សម្តី លោក ហ្វ្រង់ស្វ័រ ថ្លែងក្នុងជំនួបនោះដោយបង្ហាញការយល់ឃើញថា៖«កម្ពុជា ជាប្រទេសរងគ្រោះដោយសារការឈ្លានពានរបស់ប្រទេសជិតខាង»។

ដោយមើលឃើញប្រទេសកម្ពុជា គឺជាប្រទេសរងគ្រោះពីការឈ្លានពាននេះហើយ ទើបទីក្រុង METZ បានពិគ្រោះគ្នា តាមរយៈអង្គការកុមារជ័យ សាងសង់អណ្ដូងទឹកជូនដល់ប្រជាពលរដ្ឋភៀសសឹកក្នុងភូមិរង់ចាំ ដើម្បីជួយសម្រួលដល់តម្រូវការទឹកប្រើប្រាស់ប្រចាំថ្ងៃ។ លោកបន្តថា ប្រទេសកម្ពុជា គឺជាមិត្តដ៏ល្អរបស់ប្រទេសបារាំង ក្នុងតំបន់អាស៊ី ហើយប្រទេសបារាំងជាមិត្តដ៏ល្អរបស់កម្ពុជា។ ជាមួយគ្នានោះ លោកក៏បានសាទរប្រទេសកម្ពុជា ដែលបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំបណ្តាប្រទេសនិយាយភាសាបារាំង «ហ្វ្រង់កូហ្វូនី» លោកបន្តថា កម្ពុជា គឺជាប្រទេសនិយាយភាសាបារាំងមួយ ក្នុងចំណោមប្រទេសនិយាយភាសាបារាំង។ ក្រៅពីបញ្ហាមនុស្សធម៌ ភាគីទាំងពីរក៏បានលើកឡើងពីកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ជាពិសេស ការបង្រៀនភាសាបារាំង ដល់សិស្សានុសិស្សនៅវិទ្យាល័យ ហ៊ុន សែន ខ្លាកូន ក្រុងសិរីសោភ័ណ ចាប់ពីថ្នាក់ទី១០ ដល់ថ្នាក់ទី១២ តាមរយៈការសហការរវាងអាជ្ញាធរខេត្ត និងអង្គការកុមារជ័យ៕








