មន្ត្រីយោធាជាន់ខ្ពស់បារាំង នឹងនាំព័ត៌មានស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ រាយការណ៍ជូនក្រសួងការពារជាតិខ្លួន
អុន សម្ផស្ស
33 នាទីមុន

រាជធានីភ្នំពេញ៖ ក្នុងកាលៈទេសៈស្ថានភាពព្រំដែនគោក រវាងកម្ពុជា-ថៃ មិនទាន់ត្រូវបានដោះស្រាយតាមយន្តការច្បាប់ ហើយយោធាថៃ បន្តរំលោភបំពាន, ក្នុងជំនួបជាមួយមេទ័ពកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ស្តេហ្វាន រីឈូ (Stephane Richou) ប្រធាននាយកដ្ឋានទំនាក់ទំនងសន្តិសុខ និងការពារជាតិប្រទេសបារាំងនៅកម្ពុជា បញ្ជាក់ថា និងរាយការណ៍អំពីស្ថានការណ៍ជាក់ស្តែង ទៅក្រសួងការពារជាតិបារាំង..។

ទំព័រហ្វេសប៊ុក លោក វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ លើកឡើងដូច្នេះ ក្រោយបញ្ចប់ជំនួបទទួលស្វាគមន៍ដំណើរទស្សនកិច្ច លោកឧត្តមសេនីយ៍ទោ ស្តេហ្វាន រីឈូ។ ក្នុងជំនួបផ្ទាល់មុខ លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន បានវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-បារាំង ដែលមានការរីកចម្រើនជាបន្តបន្ទាប់ និងកំពុងរៀបចំផែនទីបង្ហាញផ្លូវ ដើម្បីលើកកម្រិតទំនាក់ទំនងរវាងប្រទេសទាំងពីរ ឆ្ពោះទៅជាដៃគូយុទ្ធសាស្ត្រ។ កម្ពុជាថ្លែងអំណរគុណបារាំង ចំពោះការបណ្ដុះបណ្ដាលកងទ័ព និងការគាំទ្របេសកកម្មរក្សាសន្តិភាព ហើយស្នើបន្តពង្រីកកិច្ចសហប្រតិបត្តិការយោធា លើការបណ្ដុះបណ្ដាល ការផ្លាស់ប្ដូរព័ត៌មាន សន្តិសុខសាយប័រ ប្រឆាំងភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន មនុស្សធម៌ សង្គ្រោះគ្រោះមហន្តរាយ និងលំហាត់ហ្វឹកហ្វឺនរួម។

ក្រៅពីនេះ លោកអគ្គមេបញ្ជាការ បានថ្លែងអំណរគុណប្រទេសបារាំង ចំពោះការគាំទ្របទឈប់បាញ់ និងកិច្ចខិតខំស្វែងរកដំណោះស្រាយដោយសន្តិវិធី ចំពោះជម្លោះព្រំដែនកម្ពុជា-ថៃ។ ជាមួយគ្នា លោកក៏បានជម្រាបភាគីបារាំង អំពីសភាពការណ៍ជាក់ស្តែង តាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងបញ្ជាក់ពីជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ ដោយប្រកាន់ខ្ជាប់គោលការណ៍ថា ព្រំដែនមិនត្រូវកែប្រែដោយការប្រើកម្លាំង។ ត្រង់ចំណុចនេះ លោក ស្តេហ្វាន រីឈូ បានថ្លែងអំណរគុណចំពោះការផ្ដល់ព័ត៌មានអំពីសភាពការណ៍ព្រំដែន ហើយលោកបញ្ជាក់ថា នឹងពាំនាំព័ត៌មាននេះទៅជូនក្រសួងការពារជាតិបារាំង បានជ្រាបអំពីរឿងទាំងអស់នេះ

លោកប្រធាននាយកដ្ឋានទំនាក់ទំនងសន្តិសុខ និងការពារជាតិប្រទេសបារាំង បានទាំងកោតសរសើរសមត្ថភាពរបស់កងទ័ពកម្ពុជា ក្នុងការប្រឆាំងគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលជាបទពិសោធសម្រាប់ចែករំលែកដល់បណ្តាប្រទេសអាស៊ាន។ ក្នុងន័យនេះ លោកវាយតម្លៃជាវិជ្ជមាន ចំពោះសិក្ខាកាមកងទ័ពកម្ពុជា ដែលបានសិក្សានៅប្រទេសបារាំង ដោយបញ្ជាក់ថា សិក្ខាកាមកម្ពុជា បានបង្ហាញពីសមត្ថភាព តាមរយៈការប្រើភាសាបារាំង និងបង្កើតមោទនភាពសម្រាប់ប្រទេសកម្ពុជា។ និយាយដោយឡែក ពាក់ព័ន្ធដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីបារាំង អេម៉ានូអែល ម៉ាក្រុង មកកាន់កម្ពុជា នាពេលខាងមុខ ត្រូវបានលើកឡើង ជាឱកាសមួយសម្រាប់បន្តពង្រឹងចំណងមិត្តភាព និងទំនាក់ទំនងរវាងប្រទេសទាំងពីរ ព្រមទាំងជំរុញដំណើរការលើកកម្រិតទំនាក់ទំនងកម្ពុជា-បារាំង ឆ្ពោះទៅភាពជាដៃគូយុទ្ធសាស្ត្រ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត