បារាំងផ្តល់ជំនួយជាង២០០លានដុល្លារ គាំទ្រ និងអភិវឌ្ឍវិស័យថាមពលនៅកម្ពុជា
S
Soriya Sou
•
16 វិច្ឆិកា 2026 11:52 AM

រាជធានីភ្នំពេញ៖ ប្រទេសកម្ពុជា ទទួលបានជំនួយពីប្រទេសបារាំង ចំនួន២០០លានដុល្លារអាម៉េរិក សម្រាប់ការគាំទ្រ និងអភិវឌ្ឍវិស័យថាមពលនៅកម្ពុជា។ នេះបើតាមការឱ្យដឹងពីលោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល...។

តាមរយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួន នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ រដ្ឋមន្រ្តីក្រសួងរ៉ែ បានបញ្ជាក់ថា បារាំងផ្ដល់ជំនួយមកវិស័យថាមពលជាង២០០លានដុល្លារអាម៉េរិក និងបានចុះហត្ថលេខាសិក្សាសមិទ្ធិលទ្ធភាពវិនិយោគរួមរវាងក្រុមហ៊ុនបារាំង EDF និងក្រុមហ៊ុនរដ្ឋកម្ពុជា EDC លើគម្រោងវារីអគ្គិសនី៨០០មេហ្គាវ៉ាត់ថ្មី នៅខេត្តកោះកុង ដែលមានតម្លៃប៉ាន់ស្មានចន្លោះពី៧០០-៩០០លានដុល្លារ ជាផលប្រយោជន៍ថ្មីបន្ថែមធំមួយនៅថ្ងៃអនាគត។ ជំនួយ និងកិច្ចព្រមព្រៀងដែលបានកើតឡើងរវាងកម្ពុជា និងបារាំង នៅពេលនេះ គឺបានមកដោយសារភាពជាម្ចាស់ផ្ទះរបស់កម្ពុជា ស្របពេលប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង កំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋ និងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅក្នុងប្រទេសកម្ពុជា។

កាលពីយប់ថ្ងៃទី១៥វិច្ឆិកាម្សិលមិញ ក្រោមវត្តមានសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកប្រធានាធិបតីបារាំង អេម៉ានូអែល ម៉ាក្រុង កម្ពុជា-បារាំង បានចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀងចំនួន២៩ រួមមាន៖ កិច្ចព្រមព្រៀងពន្ធដារទ្វេភាគី, កិច្ចព្រមព្រៀងអន្តររដ្ឋាភិបាល ស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ និងលក្ខន្តិកៈកងកម្លាំងប្រដាប់អាវុធ, សេចក្តីប្រកាសបំណងស្តីពីការគាំទ្រ និងការរៀបចំរចនាសម្ព័ន្ធវិជ្ជាជីវៈបេតិកភណ្ឌ, ឯកសារស្តីពីការប្តេជ្ញាចិត្តចំពោះគម្រោងស្ថានីយបញ្ជូន និងរក្សាថាមពលវារីអគ្គិសនី និង សេចក្តីប្រកាសបំណងស្តីពីការបង្កើតយន្តការស្រាវជ្រាវសុខភាពសាធារណៈ, កិច្ចសន្យាបង្កើតទីផ្សារបោះដុំ រួមនឹងឯកសារអនុស្សរណៈនៃការយោគយល់គ្នាពាក់ព័ន្ធនឹងវិស័យសាធារណៈ និងឯកជន ផ្សេងៗចំនួន២៣ទៀត។

គេរំពឹងថា កិច្ចព្រៀងទាំងនេះ នឹងក្លាយជាកម្លាំងចលករថ្មីក្នុងការជំរុញទំនាក់ទំនងកម្ពុជា-បារាំង ឱ្យកាន់តែរឹងមាំ និងទូលំទូលាយ ព្រមទាំងបង្កើតឱកាសថ្មីៗសម្រាប់កិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ស្របតាមសក្តានុពល និងផលប្រយោជន៍របស់ប្រទេសទាំងពីរ៕


អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត