
រាជធានីភ្នំពេញ៖ ទំនាក់ទំនងការទូតរវាងបារាំង និងកម្ពុជា មានភាពស៊ីជម្រៅ និងរឹងមាំណាស់។ ពួកយើងជា«គូស្នេហ៍ចំណាស់មួយគូ»ដែលគ្មានអ្វីអាចបំបែកយើងចេញពីគ្នាបានឡើយ។ នេះជាប្រសាសន៍របស់លោក អូលីវីយេ រីឆា ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា…។

ថ្លែងក្នុងឱកាសអបអរសាទរទិវាបុណ្យជាតិបារាំង កាលពីយប់ថ្ងៃទី១៤កក្កដា ឆ្នាំ២០២៦ នៅស្ថានទូតបារាំង នាទីក្រុងភ្នំពេញ ដែលមានវត្តមាន លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា និងមន្រ្តីជាន់ខ្ពស់ក្នុងជួររាជរដ្ឋាភិបាលជាច្រើនរូបចូលរួម ឯកអគ្គរដ្ឋទូតបារាំងប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា បារាំង មានមោទនភាពចំពោះអ្វីដែលប្រទេសទាំងពីរបានធ្វើ និងកសាងរួមគ្នា ចាប់តាំងពីប្រទេសកម្ពុជាបានចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពរដ្ឋធានីប៉ារីស។ លោកសង្កត់ធ្ងន់ថា កម្ពុជា-បារាំង ដែលមើលទៅហាក់នៅឆ្ងាយពីគ្នា តែតាមពិតទៅ គឺនៅជិតគ្នាជាងអ្វីដែលភូមិសាស្ត្របានបង្ហាញទៅទៀត។

ថ្លែងទៅកាន់លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន, លោក អូលីវីយេ រីឆា មានប្រសាសន៍ដូច្នេះថា៖«ឯកឧត្តម! យើងជា«គូស្នេហ៍ចំណាស់មួយគូ» មិនមែនខ្ញុំ និងឯកឧត្តមទេ ប៉ុន្តែពិតណាស់ គឺប្រទេសយើងទាំងពីរ។ ប្រវត្តិសាស្ត្រពោរពេញដោយភាពប្រែប្រួល និងសោកនាដកម្មជាច្រើន ប៉ុន្តែរឿងរ៉ាវទាំងនេះ មិនដែលបំបែកយើងចេញពីគ្នាឡើយ ហើយពេលវេលាដ៏រីករាយ និងពេលវេលារួមគ្នា ក៏មិនដែលបាត់បង់ដែរ ហើយនៅតែមានជានិច្ចសម្រាប់ប្រទេសយើងទាំងពីរ»។ ឯកអគ្គរដ្ឋទូតបារាំង បន្ថែមថា បច្ចុប្បន្ន ពិភពលោកកំពុងមានភាពតានតឹង ហើយក៏ពោរពេញទៅដោយភាពមិនប្រាកដប្រជា ប្រទេសកម្ពុជា និងបារាំង ប្រឈមមុខនឹងស្ថានភាពលំបាក និងបញ្ហាប្រឈមរៀងខ្លួន ប៉ុន្តែ«គូស្នេហ៍ចំណាស់»របស់យើងនឹងកាន់តែរឹងមាំ និងប្រសើរឡើង ព្រោះចំណងមិត្តភាពរវាងយើងទាំងពីរ មានភាពស៊ីជម្រៅ និងរឹងមាំណាស់ ដែលមិនអាចនាំឱ្យមានលទ្ធផលផ្សេងពីនេះបានឡើយ។

លោកឯកអគ្គររដ្ឋទូតបង្ហាញក្ដីរំពឹងថា ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីបារាំង អេម៉ានូអែល ម៉ាក្រុង មកចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ លើទឹកដីកម្ពុជា នៅខែវិច្ចិកាខាងមុខ ជាការបើកទំព័រថ្មីមួយក្នុងប្រវត្តិសាស្ត្រនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ថែមទាំងជាឱកាសដ៏មានតម្លៃដើម្បីគូសបញ្ជាក់ទិសដៅ និងកំណត់ទស្សនវិស័យនៃទំនាក់ទំនងទ្វេភាគីកម្ពុជា-បារាំង ឡើងវិញ។
ចំណែក លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ថ្លែងថា មិត្តភាពរវាងកម្ពុជា និងបារាំង បានចាក់ឬសយ៉ាងរឹងមាំលើប្រវត្តិសាស្ត្រដ៏សម្បូរបែប ទំនុកចិត្តទៅវិញទៅមក និងឆន្ទៈដ៏មុតមាំរួមមួយ ក្នុងការកសាងអនាគតជាមួយគ្នា។ ទំនាក់ទំនងរវាងប្រទេសទាំងពីរ ឈរលើមូលដ្ឋាននៃកិច្ចសន្ទនានយោបាយប្រកបដោយគុណតម្លៃខ្ពស់ និងកិច្ចសហប្រតិបត្តិការដែលបានពង្រីកវិសាលភាពជាបន្តបន្ទាប់ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។

ប្រមុខការទូតកម្ពុជា បញ្ជាក់ថា ឆ្នាំ២០២៦នេះ គឺជាឆ្នាំដ៏មានអត្ថន័យពិសេសបំផុតសម្រាប់ទំនាក់ទំនងរវាងកម្ពុជា និងបារាំង ហើយកម្ពុជា មានកិត្តិយស និងក្ដីរីករាយ ក្នុងការទទួលស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកប្រធានាធិបតីបារាំង អេម៉ានូអែល ម៉ាក្រុង នាខែវិច្ឆិកាខាងមុខ។ នេះជាដំណើរទស្សនកិច្ច៦០ឆ្នាំ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកឧត្តមសេនីយ៍ ឆាល ដឺហ្គោល និងជាង៣០ឆ្នាំ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី ហ្វ្រង់ស្វ័រ មីតេរ៉ង់។ ដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រនេះ នឹងបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងបារាំង និងផ្តល់សន្ទុះដ៏សំខាន់ដល់មហិច្ឆតារួមរបស់ប្រទេសទាំងពីរ ក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីឱ្យឈានទៅកម្រិតភាពជាដៃគូយុទ្ធសាស្ត្រ៕




