
ទីក្រុងលីយ៉ុង៖ ពេញមួយថ្ងៃដំបូងនៃដំណើរទស្សនកិច្ចការងារ និងចូលរួមកិច្ចប្រជុំពាក់ព័ន្ធ នៅឯទីក្រុងលីយ៉ុង សាធារណរដ្ឋបារាំង មេដឹកនាំកម្ពុជា សម្តេចធិបតីនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានឆ្លៀតជួបពិភាក្សាការងារក្រៅផ្លូវការជាមួយប្រមុខរដ្ឋ-ប្រមុខរដ្ឋាភិបាល និងតំណាងអង្គការអន្តរជាតិនានាជាបន្តបន្ទាប់...។

តាមរយៈរូបភាពបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក មេដឹកនាំកម្ពុជា កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញទៅដល់ប្រទេសបារាំង និងបានធ្វើដំណើរទៅចូលរួម កិច្ចប្រជុំជាន់ខ្ពស់ស្តីពី «និម្មាបនកម្មសុខភាពសាកល»។ កិច្ចប្រជុំជាន់ខ្ពស់នេះ មេដឹកនាំកម្ពុជា ទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅ និងស្និទ្ធស្នាលពីលោកប្រធានាធិបតីបារាំង អេម៉ានូអែល ម៉ាក្រុង (Emmanuel Macron) ព្រមទាំងមេដឹកនាំកំពូលៗជាច្រើនទៀត។

ក្រោយបញ្ចប់កិច្ចប្រជុំកំពូលនេះ នៅរសៀលថ្ងៃដដែល សម្តេចធិបតីនាយករដ្ឋមន្រ្តី បន្តចូលរួមក្នុងពិធីបើកកិច្ចប្រជុំកំពូល ស្តីពីសុខភាពតែមួយ (One Health Summit)។ ក្នុងនោះ ក៏មានកិច្ចពិភាក្សាលើប្រធានបទចំនួន៣ រួមមាន៖ អភិបាលកិច្ច និងវិទ្យាសាស្ត្រ, ជំងឺឆ្លង និងជំងឺមិនឆ្លង ក្រោមការសម្របសម្រួលដោយ លោកស្រី អ៊ីលីអូណ័រ ការ៉ូត (Eléonore Caroit) រដ្ឋមន្ត្រីប្រតិភូនៃក្រសួងអឺរ៉ុប និងការបរទេសបារាំង។ ក្នុងវេទិកានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើបទអន្តរាគមន៍លើប្រធានបទស្តីពី «ជំងឺឆ្លង» ជូនដល់អង្គពិធីនៃកិច្ចប្រជុំកំពូល ដែលចូលរួមដោយប្រមុខរដ្ឋ-ប្រមុខរដ្ឋាភិបាល តំណាងអង្គការអន្តរជាតិ សង្គមស៊ីវិល អ្នកវិទ្យាសាស្ត្រ និងធនាគារអភិវឌ្ឍន៍ពហុភាគីជាច្រើន។

នៅឯទីក្រុងលីយ៉ុងដដែល មេដឹកនាំកម្ពុជា បានស្កាត់ជួបពិភាក្សាក្រៅផ្លូវការជាមួយ លោក អាគីហ៊ីកូ នីស៊ីអូ (Akihiko Nishio) អនុប្រធានធនាគារពិភពលោកទទួលបន្ទុកការអភិវឌ្ឍហិរញ្ញវត្ថុ។ លោកសាស្ត្រាចារ្យបណ្ឌិត ខាលឡេដ អ៊ែល អ៊ីណានី (Khaled EI Enany) អគ្គនាយកអង្គការ UNESCO និងលោក ឌូម៉ា ជីឌីអូន បូកូ Duma Gideon Boko ប្រធានាធិបតីបុតស្វាណា។ គួរជ្រាបថា តាមការគ្រោងទុក សម្តេចធិបតី ហ៊ុន ម៉ាណែត និងស្ត្រីទី១នៃកម្ពុជា ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់ និងធ្វើទស្សនកិច្ចការងារនៅទីក្រុងលីយ៉ុង និងរដ្ឋធានីប៉ារីស ប្រទេសបារាំង រហូតដល់ថ្ងៃទី៩ ខែមេសា។ អំឡុងពេលស្នាក់នៅប្រទេសបារាំង សម្តេចនាយករដ្ឋមន្ត្រី នឹងអញ្ជើញជួបទ្វេភាគីជាមួយឥស្សរជនជាន់ខ្ពស់បារាំង ព្រមទាំងថ្នាក់ដឹកនាំប្រទេសផ្សេងៗមួយចំនួនទៀត ដើម្បីផ្លាស់ប្ដូរយោបល់លើការពង្រឹងទំនាក់ទំនងទ្វេភាគី និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យនានា៕







