ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំសហរដ្ឋអាម៉េរិក ទទួលមរណភាពភ្លាមៗនៅមូស្គូក្នុងវ័យ៦៦ឆ្នាំ ទាំងមិនទាន់ដឹងមូលហេតុ
ហៀប ស៊ីថេត
•
12 វិច្ឆិកា 2026 08:44 AM

រដ្ឋធានីមូស្គូ៖ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំសហរដ្ឋអាម៉េរិក លោក អាឡិចសាន់ឌ័រ ដាឈីហ្វ (Alexander Darchiev) បានទទួលមរណភាពភ្លាមៗក្នុងវ័យ៦៦ឆ្នាំ បន្ទាប់ពីកាន់តំណែងបានរយៈពេលមួយឆ្នាំកន្លះ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសរុស្ស៊ី កាលពីថ្ងៃពុធទី១១ ខែវិច្ឆិកា...។

លោក អាឡិចសាន់ឌ័រ ដាឈីហ្វ 
លោក អាឡិចសាន់ឌ័រ ដាឈីហ្វ 

ក្រសួងការបរទេសរុស្ស៊ី ហៅលោក ដាឈីហ្វ ថា ជា«អ្នកការទូតដ៏ឆ្នើម ជាអ្នកដឹកនាំដែលមានបទពិសោធ និងជាសហការីដ៏ល្អ»។ លោកត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំសហរដ្ឋអាម៉េរិក កាលពីខែមីនា ឆ្នាំ២០២៥។ យ៉ាងណា រដ្ឋធានីមូស្គូមិនផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីមូលហេតុនៃការស្លាប់នេះទេ។ ទន្ទឹមគ្នា ក្រសួងការបរទេសសហរដ្ឋអាម៉េរិក បានអះអាងថា លោក ដាឈីហ្វ បានទទួលមរណភាពកាលពីថ្ងៃពុធ នៅរដ្ឋធានីមូស្គូ។ អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាម៉េរិកម្នាក់ថ្លែងថា៖«យើងសូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់របស់ឯកអគ្គរដ្ឋទូត ដាឈីហ្វ ផង។ យើងសូមបង្វែរសំណួរទៅកាន់រដ្ឋាភិបាលរុស្ស៊ី សម្រាប់ព័ត៌មានលម្អិតបន្ថែម ទាក់ទងនឹងមរណភាពរបស់លោក»។

កន្លងមក លោក ដាឈីហ្វ ធ្លាប់ធ្វើជាឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំប្រទេសកាណាដា ចន្លោះឆ្នាំ២០១៤ និងឆ្នាំ២០២១។ លោកត្រូវបានតែងតាំងឱ្យកាន់តួនាទីនៅសហរដ្ឋអាម៉េរិកកាលពីឆ្នាំមុន ភ្លាមៗបន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) ឡើងកាន់អំណាចសាជាថ្មី និងប៉ុន្មានឆ្នាំបន្ទាប់ពីការវាយលុករបស់រដ្ឋធានីមូស្គូ លើអ៊ុយក្រែន ដែលបានធ្វើឱ្យរុស្ស៊ីប្រឈមមុខដាក់គ្នាជាមួយលោកខាងលិច។ លោក ដាឈីហ្វ គឺជាអ្នកជំនាញខាងទំនាក់ទំនងរុស្ស៊ី-អាម៉េរិក និងធ្លាប់ជានាយកនៃនាយកដ្ឋានអាម៉េរិកខាងជើងរបស់ក្រសួងការបរទេស ចន្លោះឆ្នាំ២០២១ និងឆ្នាំ២០២៤៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត