ទឹកដោះម្តាយថ្លៃ! ទារកអាយុជិត១ខួប ត្រូវគេកប់ទាំងរស់រយៈពេល២៤ម៉ោង តែមិនស្លា.ប់
ហៀប ស៊ីថេត
•
11 វិច្ឆិកា 2026 01:11 PM

រដ្ឋធានីវ៉ាស៊ីនតោន៖ អាជ្ញាធរសហរដ្ឋអាម៉េរិក បានរកឃើញទារកប្រុសវ័យ១១ខែម្នាក់ ក្នុងស្ថានភាពនៅរស់រានមានជីវិត នាថ្ងៃពុធទី១១ ខែវិច្ឆិកានេះ បន្ទាប់ពីទារកនោះត្រូវបានកប់នៅក្នុងព្រៃអស់រយៈពេលប្រមាណ២៤ម៉ោង ក្នុងរដ្ឋសោតខារ៉ូលីណា (South Carolina) សហរដ្ឋអាម៉េរិក។ ព័ត៌មានដ៏គួរឱ្យភ្ញាក់ផ្អើលនេះ ត្រូវបានប្រកាសដោយនាយកដ្ឋានស្នងការដ្ឋាននគរបាលក្នុងស្រុក...។

តាមការបញ្ជាក់របស់នាយកដ្ឋាននគរបាល ទារកឈ្មោះ កូអា សារប៉េ (Koah Sharpe) ត្រូវបានរកឃើញរុំក្នុងកន្សែង ដាក់ក្នុងទ្រុងឆ្កែ ហើយកប់រាក់ៗក្នុងព្រៃ។ លោក ចាយ គូន (Jay Koon) ស្នងការស្រុកឡិចស៊ីងតុន (Lexington) បានបង្ហាញពីចំណាប់អារម្មណ៍យ៉ាងរំជួលចិត្តបំផុតថា៖«ព្រះទ្រង់ល្អពិតមែន។ ទើបតែប៉ុន្មានម៉ោងមុននេះ យើងបានរកឃើញទារកតូច អាយុ១១ខែ ត្រូវគេកប់ទាំងរស់ ហើយនៅតែព្យាយាមរស់ ទាំងយំត្រដរ។ សំឡេងដ៏រីករាយបំផុតដែលអ្នកធ្លាប់ឮ គឺសំឡេងទារកយំ»។ ជាមួយគ្នា លោក គូន បានបញ្ជាក់ថា ឪពុករបស់ទារក គឺលោក មៃឃើល ខូមើរ (Michael Comer) ត្រូវបានចាប់ខ្លួន កាលពីថ្ងៃអង្គារទី១០ ខែវិច្ឆិកា ខណៈស្នងការប៉ូលិសកំពុងសហការជាមួយការិយាល័យអយ្យការ ដើម្បីកំណត់បទចោទប្រកាន់បន្ថែម។

ឪពុករបស់ទារក លោក មៃឃើល ខូមើរ (Michael Comer)
ឪពុករបស់ទារក លោក មៃឃើល ខូមើរ (Michael Comer)

យោងតាមលោកស្នងការ ទារកបានបាត់ខ្លួនកាលពីថ្ងៃអង្គារ បន្ទាប់ពីម្តាយចេញទៅបំពេញការងារ ហើយទុកទារកឱ្យឪពុកមើលថែនៅផ្ទះ។ ពេលទារកត្រូវបានរាយការណ៍ថា បាត់ខ្លួន អាជ្ញាធរបានចាប់ផ្តើមប្រតិបត្តិការស្វែងរកគ្រប់ទីកន្លែង។ តម្រុយដែលនាំទៅរកទារក គឺដីដែលត្រូវបានជីកកកាយថ្មីៗក្នុងព្រៃ ក្រុមស្វែងរកបានប្រទះឃើញ នៅចម្ងាយប្រហែល៤៦ម៉ែត្រពីផ្ទះ។ បច្ចុប្បន្ន ទារកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត