ក្នុងឱកាសបុណ្យអុំទូកខាងមុខ អាជ្ញាធររាជធានីភ្នំពេញ នឹងបើកដំណើរការផ្លូវថ្មើរជើងចតុមុខ រយៈពេល៥ថ្ងៃ
S
Sreyleak Yith
•
7 ម៉ោងមុន

រាជធានីភ្នំពេញ៖ ជាធម្មតាផ្លូវថ្មើរជើងចតុមុខ បើកតែរាល់ថ្ងៃសៅរ៍ និងអាទិត្យប៉ុណ្ណោះ ប៉ុន្តែដើម្បីចូលរួមអបអរសាទរក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបើកដំណើរការ រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦…។

រដ្ឋបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា ផ្លូវថ្មើរជើងចតុមុខ ចាប់បើកឱ្យធ្វើដំណើរពីវេលាម៉ោង៦ល្ងាច ដល់វេលាម៉ោង១១យប់ ដោយមានរៀបចំកម្មវិធីសម្តែងទស្សនីយភាពសិល្បៈ វប្បធម៌ជាតិ ជាច្រើនទម្រង់ កម្មវិធីកម្សាន្តសប្បាយផ្សេងៗ ការដាក់តាំងពិព័រណ៍ផលិតផលក្នុងស្រុក និងលក់ម្ហូបអាហារជាច្រើន។ ដូច្នេះ សូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋពីគ្រប់មជ្ឈដ្ឋាន អញ្ជើញមកចូលរួមទស្សនាកម្សាន្តសប្បាយនៅផ្លូវថ្មើរជើងចតុមុខរាជធានីភ្នំពេញ ឱ្យបានច្រើនកុះករ។ ជាមួយគ្នា ស្នងការដ្ឋាននគរបាល បញ្ជាការដ្ឋានកងរាជអាវុធហត្ថ រដ្ឋបាលខណ្ឌទាំង១៤ និងមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ ត្រូវចូលរួមផ្សព្វផ្សាយ អនុវត្តឱ្យមានប្រសិទ្ធភាព និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ រដ្ឋបាលរាជធានីភ្នំពេញ បញ្ជាក់បន្ថែមថា ការបើឱ្យដើរកម្សាន្តរយៈពេល៥ថ្ងៃនេះ គឺដើម្បីផ្តល់ភាពសប្បាយរីករាយ ជូនបងប្អូនប្រជាពលរដ្ឋ ជាភ្ញៀវទេសចរជាតិ-អន្តរជាតិ ក្នុងឱកាសបុណ្យអុំទូក។ មួយវិញទៀត ចូលរួមចំណែកថែរក្សាការពារទំនៀមទម្លាប់ប្រពៃណី វប្បធម៌ជាតិ ដ៏ល្អផូរផង់ ក៏ដូចជាលើកកម្ពស់វិស័យទេសចរណ៍។

គួរជ្រាបថា រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំដាក់ឱ្យដំណើរការសាកល្បងផ្លូវថ្មើរជើងមួយខ្សែ នៅវិថីព្រះស៊ីសុវត្ថិ ចាប់ពីផ្លូវលេខ៩៤ រហូតដល់ផ្លូវលេខ២៤០ ស្ថិតក្នុងខណ្ឌដូនពេញ ចាប់ពីម៉ោង៦ល្ងាចរហូតដល់ម៉ោង១១យប់ រៀងរាល់ចុងសប្តាហ៍ ចាប់ពីថ្ងៃទី១កុម្ភៈ ឆ្នាំ២០២៥ ដោយមិនអនុញ្ញាតឱ្យមានយានជំនិះគ្រប់ប្រភេទចរាចរទេ។ ផ្លូវមួយខ្សែនេះ ក្លាយជាចំណុចគោលដៅទេសចរណ៍ដ៏ទាក់ទាញ និងមានប្រជាប្រិយភាព នាពេលចុងសប្តាហ៍របស់ប្រជាជនទូទៅ និងភ្ញៀវទេសចរបរទេសយ៉ាងច្រើនសន្ធឹកសន្ធាប់។ លើសពីនេះ បានបង្កើតមុខរបរជូនប្រជាពលរដ្ឋប្រមាណជិត១៤០០កន្លែង ក្នុងនោះ អ្នកលក់ដូរទូទៅប្រមាណ១ពាន់នាក់ និងអ្នកលក់ដូរក្នុងស្តង់ប្រមាណ៤០០ស្តង់ផ្សេងទៀត៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត