
រាជធានីភ្នំពេញ៖ ផ្លូវថ្មើរជើងចតុមុខ ជាគោលដៅទេសចរណ៍មួយដ៏ទាក់ទាញរបស់រាជធានីភ្នំពេញ ដែលបានដាក់ឱ្យដំណើរការរយ:ពេល១ឆ្នាំមកហើយ ពោលគឺភ្ញៀវទេសចរមកលេងកម្សាន្ត ប្រមាណពី៨ទៅ១០ម៉ឺននាក់ ជារៀងរាល់ថ្ងៃសៅរ៍ និងអាទិត្យ។ នេះបើតាមការឱ្យដឹងពីមន្រ្តីក្រសួងទេសចរណ៍ កាលពីយប់ថ្ងៃទី១កុម្ភៈ…។

មន្រ្តីទេសចរណ៍ គូសបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំដាក់ឱ្យដំណើរការសាកល្បងផ្លូវថ្មើរជើងមួយខ្សែ នៅវិថីព្រះស៊ីសុវត្ថិ ចាប់ពីផ្លូវលេខ៩៤ រហូតដល់ផ្លូវលេខ២៤០ ស្ថិតក្នុងខណ្ឌដូនពេញ ចាប់ពីម៉ោង៦ល្ងាចរហូតដល់ម៉ោង១១យប់ រៀងរាល់ចុងសប្តាហ៍ ចាប់ពីថ្ងៃទី១កុម្ភៈ ឆ្នាំ២០២៥ ដោយមិនអនុញ្ញាតឱ្យមានយានជំនិះគ្រប់ប្រភេទចរាចរទេ។ ផ្លូវមួយខ្សែនេះ ក្លាយជាចំណុចគោលដៅទេសចរណ៍ដ៏ទាក់ទាញ និងមានប្រជាប្រិយភាព នាពេលចុងសប្តាហ៍របស់ប្រជាជនទូទៅ និងភ្ញៀវទេសចរបរទេសយ៉ាងច្រើនសន្ធឹកសន្ធាប់។ លើសពីនេះ បានបង្កើតមុខរបរជូនប្រជាពលរដ្ឋប្រមាណជិត ១៤០០កន្លែង ក្នុងនោះអ្នកលក់ដូរទូទៅប្រមាណ១ពាន់នាក់ និងអ្នកលក់ដូរក្នុងស្តង់ប្រមាណ៤០០ស្តង់ផ្សេងទៀត។

មន្រ្តីទេសចរណ៍បន្ថែមថា ភាពជោគជ័យនៃការដាក់ឱ្យដំណើរការផ្លូវថ្មើរជើងចតុមុខរយៈពេល១ឆ្នាំកន្លងមកនេះ អាចកើតឡើងទៅបាន ដោយមានការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំរដ្ឋបាលរាជធានីភ្នំពេញ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងគ្រប់ប្រភេទ ព្រមទាំងការចូលរួមគាំទ្រពីសំណាក់បងប្អូនប្រជាពលរដ្ឋទូទៅ។ គួរជ្រាបថា រាជធានីភ្នំពេញជាប់ចំណាត់ថ្នាក់លេខ២នៅលើពិភពលោក ជាទីក្រុងសប្បាយពេលរាត្រី និងជាប់ចំណាត់ថ្នាក់លេខ១០លើពិភពលោក ជាទីក្រុងមានភ្ញៀវទេសចរចូលចិត្តមកកម្សាន្តជាងគេ ដែលទទួលបានការចាត់ថ្នាក់ពីសារព័ត៌មានអន្តរជាតិ BBC ជាគោលដៅទេសចរណ៍ដ៏ល្អបំផុតទាំង២០សម្រាប់ឆ្នាំ២០២៦៕




