
ក្រុងបាត់ដំបង៖ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បាននិងកំពុងបើកការត្រួតពិនិត្យ ស្រាវជ្រាវ ជុំវិញករណីមានការលើកឡើងថា មន្ត្រីសមត្ថកិច្ច បានតម្រូវឱ្យប្រជាពលរដ្ឋបង់ប្រាក់ ដើម្បីសុំច្បាប់អនុញ្ញាតប្រើប្រាស់កម្លាំងសន្តិសុខផ្ទាល់ខ្លួន...។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ កាលពីពេលថ្មីៗ មានការបង្ហោះផ្សព្វផ្សាយតាមបណ្ដាញសង្គម ជុំវិញចម្ងល់មហាជន ទាក់ទងនឹងការអនុវត្តការងាររបស់ការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដោយតម្រូវឱ្យពលរដ្ឋបង់ប្រាក់សុំច្បាប់អនុញ្ញាតប្រើប្រាស់សន្តិសុខផ្ទាល់ខ្លួន។ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស បញ្ជាក់ថា លោកឧត្តមសេនីយ៍ទោស្នងការ ដាញ់ អេងប៊ុនចាន់ បាននិងកំពុងពិនិត្យចំពោះការងាររបស់មន្ត្រីជំនាញមួយនេះ ថា តើការអនុវត្តការងារកន្លងមក បានធ្វើដោយត្រឹមត្រូវស្របតាមជំនាញវិជ្ជាជីវៈ ស្របតាមនីតិវិធី ឯកសារគតិយុត្ត និងច្បាប់ជាធរមានដែរឬទេ? តើការលើកឡើងនៅក្នុងបណ្តាញសង្គម លើចំណុចទាំងនោះ ជាការពិតបែបណា..? ដើម្បីមានមូលដ្ឋានឆ្លើយតបប្រកបដោយភាពវិជ្ជមាន។

យ៉ាណា ចំណាត់ការនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីមានការផ្សព្វផ្សាយ និងការលើកឡើងពីសំណាក់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ពាក់ព័ន្ធនឹងនីតិវិធី និងការទារកម្រៃសេវាពីមន្ត្រីសមត្ថកិច្ចមួយចំនួន លើការស្នើសុំច្បាប់អនុញ្ញាតជួល ឬប្រើប្រាស់ភ្នាក់ងារសន្តិសុខឯកជន សម្រាប់ការពារសុវត្ថិភាពផ្ទាល់ខ្លួន ឬទីតាំងអាជីវកម្ម។ សូមជម្រាបថា តាមរយៈគណនីហ្វេសប៊ុកឈ្មោះថា Hok Heng បានបង្ហោះលិខិតកោះហៅរបស់ លោកឧត្តមសេនីយ៍ត្រី មៀន ឡាយ ស្នងការរងទទួលផែនការងារសន្តិសុខ អមជាមួយសំណេរដែលមានខ្លឹមសារទាំងស្រុងថា តាមហាង ក្រុមហ៊ុន ឬស្ថាប័នណា ដែលប្រើសន្តិសុខផ្ទាល់ខ្លួន ត្រូវបង់លុយសុំច្បាប់៥0ម៉ឺនរៀល បន្ថែមពីនេះ ត្រូវបង់ថ្លៃសេវាប្រចាំខែ៤000៛ក្នុងមួយហាង (ទោះបីហាងនោះគ្មានសន្តិសុខក៏ដោយ) បើមិនព្រមបង់ទេ គេនឹងផាកពិន័យ១០លានរៀល។ ខ្ញុំចង់សួរថា គេធ្វើបែបនេះគ្រប់ហាង គ្រប់ខេត្ត-ក្រុង ឬយ៉ាងណា? បើរដ្ឋតម្រូវឱ្យធ្វើបែបនេះ គឺខ្ញុំនឹងស្ម័គ្រចិត្តបង់៕




