រដ្ឋមន្ត្រីមហាផ្ទៃ បង្ហើបពីការរកឃើញមន្ត្រីនគរបាលជាង២ពាន់នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទក្នុងបញ្ជី
ហាក់ អ៊ីឌី
•
8 ម៉ោងមុន

រាជធានីភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហើបឱ្យដឹងអំពីលទ្ធផលនៃការធ្វើបច្ចុប្បន្នភាព និងត្រួតពិនិត្យបញ្ជីឈ្មោះកងកម្លាំងនគរបាលជាតិ ដោយបានរកឃើញមន្ត្រីនគរបាលសរុបចំនួន២៣៣២នាក់ មានកំហុសឆ្គងលើការសរសេរឈ្មោះ អក្ខរាវិរុទ្ធ ព្រមទាំងទិន្នន័យភេទនៅក្នុងប្រព័ន្ធគ្រប់គ្រងរដ្ឋបាល...។  

ថ្លែងក្នុងឱកាសបើកជំរឿននគរបាលជាតិកម្ពុជា នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកឧបនាយកករដ្ឋមន្រ្តី អភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហើបទៅកាន់អង្គពិធី នូវទិន្នន័យបឋមដែលបង្ហាញថា ក្នុងចំណោមមន្ត្រីនគរបាលជាតិទូទាំងប្រទេស មានមន្ត្រីចំនួន២៣៣២នាក់ ត្រូវបានរកឃើញថា ខុសឆ្គងពីទិន្នន័យដើម។ រដ្ឋមន្រ្តីមហាផ្ទៃ លើកឡើងចំៗអំពីការខុសឆ្គងនោះ រួមមាន៖ ខុសថ្ងៃខែឆ្នាំកំណើត ចំនួន២២៨០នាក់ ខុសអក្ខរាវិរុទ្ធឈ្មោះចំនួន៤៨នាក់ និងខុសភេទចំនួន៤នាក់ ដោយមិនមែនជាករណីឈ្មោះស្ទួន ឬឈ្មោះខ្មោចនោះទេ។ 

បន្ថែមលើនេះ ក្រសួងមហាផ្ទៃ បាននិងកំពុងដំណើរការជំរឿនមន្ត្រីនគរបាល បម្រើការនៅតាមអង្គភាពចំនួន៣ រួមមាន៖ អគ្គលេខាធិការដ្ឋាន អគ្គនាយកដ្ឋានធនធានមនុស្ស និងអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ។ ជំរឿននេះ នឹងបន្តធ្វើរហូតបញ្ចប់ថ្នាក់អង្គភាពចំណុះទីស្ដីការក្រសួង មុននឹងបន្តនៅថ្នាក់ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត។ ជាមួយគ្នា លោកឧបនាយករដ្ឋមន្រ្តី ស សុខា បានសង្គត់ធ្ងន់ថា ការជំរឿនមន្ត្រីនគរបាលជាតិ មានគោលដៅស្នូល៦ រួមមាន៖ ១.ស្គាល់ច្បាស់ពីកម្លាំងដែលមានស្រាប់, ២.ដឹងពីតម្រូវការកម្លាំងជាក់ស្តែង, ៣.ស្គាល់ពីសមត្ថភាពរបស់មន្ត្រី, ៤.ពង្រឹងការគ្រប់គ្រងរដ្ឋបាល, ៥.ធ្វើទំនើបកម្មការគ្រប់គ្រង, និងទី៦.ប្រើប្រាស់លទ្ធផល ដើម្បីធ្វើការសម្រេចចិត្ត៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត