
ក្រុងសៀមរាប៖ គណៈប្រតិភូដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា សរុបប្រមាណជាង១០០នាក់ មកពី៣០ប្រទេស នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ បានអញ្ជើញទៅទស្សនាប្រាសាទអង្គរវត្ត នៅខេត្តសៀមរាប ជាសម្បត្តិបេតិកភណ្ឌពិភពលោក ដើម្បីស្វែងយល់ដោយផ្ទាល់ពីសម្បត្តិបេតិកភណ្ឌវប្បធម៌ និងអរិយធម៌ដ៏រុងរឿងរបស់កម្ពុជា ដែលមានកេរ្តិ៍ឈ្មោះល្បីរន្ទឺលើឆាកអន្តរជាតិ។ នេះបើតាមមន្ទីរព័ត៌មានខេត្តសៀមរាប...។

លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ តំណាងឱ្យរាជរដ្ឋាភិបាលកម្ពុជា រួមទាំងលោក ប្រាក់ សោភ័ណ្ឌ អភិបាលខេត្តសៀមរាប ជាអ្នកសម្របសម្រួលដំណើរទស្សនាកម្សាន្តរបស់គណៈប្រតិភូហ្វ្រង់កូហ្វូនី អញ្ជើញទស្សនាប្រាសាទសំខាន់ៗមួយចំនួន ក្នុងតំបន់រមណីយដ្ឋានអង្គរ រួមមាន៖ ប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន និងប្រាសាទតាព្រហ្ម ដែលសុទ្ធសឹងជាសំណង់ស្ថាបត្យកម្មបុរាណដ៏លេចធ្លោ និងជាសក្ខីភាពនៃភាពរុងរឿងនៃអរិយធម៌ខ្មែរ។ លោក ហួត ហាក់ មានប្រសាសន៍ថា ការអញ្ជើញមកទស្សនាប្រាសាទអង្គរវត្ត ពីសំណាក់គណៈប្រតិភូអន្តរជាតិ នាពេលនេះ មិនត្រឹមតែជាឱកាសបានឈ្វេងយល់ពីតម្លៃប្រវត្តិសាស្ត្រ សិល្បៈ ស្ថាបត្យកម្ម និងអត្តសញ្ញាណវប្បធម៌ខ្មែរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាវេទិកាដ៏មានសារសំខាន់សម្រាប់កម្ពុជា ក្នុងការលើកកម្ពស់ការផ្សព្វផ្សាយវិស័យទេសចរណ៍ទៅកាន់ពិភពលោក។

រដ្ឋមន្រ្តីទេសចរណ៍ បន្ថែមថា នេះជាឱកាសដ៏ល្អសម្រាប់ការផ្សព្វផ្សាយកិត្តិនាម និងសក្តានុពលទេសចរណ៍ដ៏សម្បូរបែបកម្ពុជា ទាំងតំបន់ទេសចរណ៍បេតិកភណ្ឌ ប្រវត្តិសាស្ត្រ វប្បធម៌ និងធម្មជាតិ ដើម្បីទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរអន្តរជាតិ ព្រមទាំងជំរុញការស្គាល់កម្ពុជា ឱ្យកាន់តែទូលំទូលាយ។ «មានន័យថា ពេលនេះពិភពលោកបានមកដល់ផ្ទះរបស់យើងហើយ គណៈប្រតិភូជាន់ខ្ពស់ទាំងអស់ បានដើរតួនាទីជាអ្នកជួយផ្សព្វផ្សាយពីស្ថានភាពពិតនៅកម្ពុជា ថា កម្ពុជាកំពុងមានសុខសន្តិភាព អាចផ្តល់សុវត្ថិភាពជូនអ្នកវិនិយោគបរទេស និងភ្ញៀវទេសចរអន្តរជាតិទាំងអស់»។ លោក ហួត ហាក់ បន្ថែមថា ការផ្សារភ្ជាប់កិច្ចប្រជុំអន្តរជាតិជាមួយនឹងដំណើរទស្សនកិច្ចទេសចរណ៍បេតិកភណ្ឌ ក៏ជាការរួមចំណែកក្នុងការពង្រឹងរូបភាពកម្ពុជា ជាគោលដៅទេសចរណ៍វប្បធម៌ដ៏មានសក្ដានុពល និងជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយបណ្ដាប្រទេសនានា លើពិភពលោក៕








