
ភ្នំពេញ-បាងកក៖ នាយករដ្ឋមន្រ្តីថៃ អនុទីន ឆានវីរគុល និងមេបញ្ជាការកងទ័ពភូមិន្ទថៃ និងជានាយកមជ្ឈមណ្ឌលព័ត៌មានរួម ស្តីពីស្ថានការណ៍កម្ពុជា-ថៃ លោក ប្រៈផាស សនចៃឌី (ประภาส ศรชัยดี) បានបញ្ជាក់ជំហរព្រមៗគ្នានៃការប្តេជ្ញាចិត្តរបស់ប្រទេសថៃ ចំពោះសេចក្តីថ្លែងការណ៍រួម ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ការចេញមុខប្រតិកម្មយ៉ាងតក់ក្រហល់បែបនេះ កើតឡើងក្រោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងពីសកម្មភាពឈ្លានពានរបស់ប្រទេសថៃ និងការបន្តកាន់កាប់ទឹកដីរបស់កម្ពុជាដោយខុសច្បាប់ នៅក្នុងវេទិកានៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទៅ២០ កាលពីទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦...។

ជាក់ស្តែង លោក ប្រៈផាស សនចៃឌី បានអះអាង និងប្រតិកម្មចំពោះសារដ៏មុតស្រួចរបស់សម្តេចធិបតី យ៉ាងដូច្នេះថា យោងតាមកំណត់ត្រា និងភស្តុតាង ដែលភាគីថៃប្រមូលបាន ថៃមិនបានផ្តួចផ្តើមការវាយប្រហារមុនឡើយ ហើយរាល់សកម្មភាពយោធា គឺធ្វើឡើងក្នុងក្របខណ្ឌនៃការការពារអធិបតេយ្យភាព និងសុវត្ថិភាពប្រជាជនខ្លួនប៉ុណ្ណោះ។ លើសពីនេះ លោក ប្រៈផាស បានជំរុញឱ្យភាគីកម្ពុជាផ្តល់ភស្តុតាង ដែលអាចផ្ទៀងផ្ទាត់បាន ដើម្បីគាំទ្រការចោទប្រកាន់របស់ខ្លួន ជាជាងការលើកឡើងនៅលើវេទិកាអន្តរជាតិ។ ទន្ទឹមនឹងនេះ ថៃក៏បានប្រកាសត្រៀមខ្លួនបង្ហាញកាលបរិច្ឆេទ កូអរដោនេ រូបថត និងរបាយការណ៍នានា ទៅកាន់យន្តការផ្ទៀងផ្ទាត់ដែលមានស្រាប់ ដូចជា ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និងយន្តការទ្វេភាគី។

មិនតែប៉ុណ្ណោះ មន្ត្រីថៃជាន់ខ្ពស់ថៃរូបនេះ បានអំពាវនាវឱ្យភាគីទាំង២វិលត្រឡប់មកអនុវត្តយ៉ាងម៉ឺងម៉ាត់នូវសេចក្តីថ្លែងការណ៍រួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ជាពិសេសការរក្សាទីតាំងឈរជើងកងទ័ព ការរឹតត្បិតការប្រើប្រាស់ដ្រូន ការបោសសម្អាតមីន និងផ្សព្វផ្សាយព័ត៌មានប្រកបដោយទំនួលខុសត្រូវ ដើម្បីកសាងទំនុកចិត្ត និងរក្សាសន្តិភាពយូរអង្វែងរវាងប្រទេសជិតខាងទាំង២។ អ្វីដែលកាន់តែហួសចិត្តនោះ មេដឹកនាំថៃ អនុទីន ឆានវីរគុល បានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន ប្រៀបដូចជាមនុស្សដែលមានជំងឺវិបល្លាសស្មារតី ថា ថៃតែងតែគោរពច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងនានា និងប្តេជ្ញាចំពោះការរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់។(Sic)

យ៉ាងណា ការចេញមុខប្រតិមកម្ម និងការប្តេជ្ញាគោរពកិច្ចព្រមព្រៀងបទឈប់បាញ់ ក្លែងក្លាយពីសំណាក់នាយករដ្ឋមន្រ្តីថៃ និងអគ្គមេបញ្ជាការកងទ័ពថៃនេះ ហាក់កំពុងបង្ហាញចេតនាបៀមឈាមព្រួសដាក់កម្ពុជា និងបង្កប់នូវផែនការទុច្ចរិតក្នុងការបំភាន់សាធារណៈមតិ ទាំងដែលពិភពលោកបានដឹងច្បាស់រួចមកហើយថា ថៃជាអ្នកបើកការឈ្លានពានកម្ពុជា និងបន្តត្រួតតា និងឈរជើងបោះជំរំកងទ័ពលើដែនដីខ្មែរជាច្រើនទីតាំងដោយខុសច្បាប់។ ក្នុងពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងពីក្តីបារម្ភ ចំពោះស្ថានភាពសន្តិសុខតាមព្រំដែនថា នៅឆ្នាំ២០២៥ កម្ពុជាបានរងការប៉ះទង្គិចដោយប្រដាប់អាវុធចំនួន២លើកជាប់ៗគ្នា ពីសំណាក់យោធាថៃ ដោយកម្ពុជាមិនមែនជាអ្នកផ្តើមបាញ់មុន ដូចការចោទប្រកាន់របស់ភាគីថៃនោះឡើយ។

ជាងនេះទៅទៀត សម្តេចធិបតី បញ្ជាក់ច្បាស់ៗថា ទោះបីជាមានបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដោយ ក៏ស្ថានភាពនៅតែផុយស្រួយ ដោយកងទ័ពរាប់ពាន់នាក់នៅតែប្រឈមមុខដាក់គ្នា ហើយដែនអធិបតេយ្យកម្ពុជាជាច្រើនកន្លែង នៅតែត្រូវបានកាន់កាប់ដោយយោធាថៃ។ ជម្លោះនេះ បានបណ្ដាលឱ្យមានអ្នកបាត់បង់ជីវិត និងធ្វើឱ្យពលរដ្ឋភៀសសឹកកម្ពុជាប្រមាណ២ម៉ឺននាក់ នៅមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅឋានវិញ ដោយសុវត្ថិភាពនៅឡើយទេ។ កម្ពុជាបានស្នើឱ្យមានការចាប់ផ្តើមឡើងវិញនូវការងារវាស់វែងខណ្ឌសីមាព្រំដែនគោក ដោយផ្អែកលើខ្សែបន្ទាត់ព្រំដែនអន្តរជាតិដែលមានស្រាប់ និងច្បាប់អន្តរជាតិ។ ចំណែកនៅតំបន់ព្រំដែនសមុទ្ទ កម្ពុជាបានជ្រើសរើសយន្តការផ្សះផ្សាដោយចាប់បង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្ទ។ គួរបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ថៃបានបញ្ចូនអ្នកសង្កេតការណ៍មកចូលរួមក្នុងកិច្ចប្រជុំកំពូលនេះ ដោយគ្មានសិទ្ធិនិយាយតវ៉ា ឬសូម្បីក្អកក៏មិនហ៊ានឡើយ ពោលគឺបានត្រឹមតែអង្គុយស្ដាប់ និងកត់ត្រាតែប៉ុណ្ណោះ៕







