ប្រធានាធិបតីអាម៉េរិក ធ្វើដំណើរទៅប្រទេសចិន អាចស្កាត់ជួបមេដឹកនាំកូរ៉េខាងជើង
S
Sinuon Nop
•
7 ម៉ោងមុន

រដ្ឋធានីវ៉ាស៊ីនតោន៖ លោកប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ បានថ្លែង កាលពីថ្ងៃចន្ទថា លោកអាចនឹងជួបជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅក្នុងអំឡុងពេលលោកទៅបំពេញទស្សនកិច្ចនៅប្រទេសចិន ហើយការប្រកាសដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ម្ចាស់សេតវិមានរូបនេះ កើតឡើងចំពេលមន្ត្រីជាន់ខ្ពស់ នៃរបបដឹកនាំរបស់លោក គីម កំពុងជួបពិភាក្សាជាមួយមេដឹកនាំរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅរដ្ឋធានីមូស្គូ។ នេះបើតាមសារព័ត៌មាន The Japan Times បានចេញផ្សាយ នៅថ្ងៃអង្គារទី១៧ ខែវិច្ឆិកា។

នៅមុនពេលចាកចេញដំណើរពីសេតវិមាន ដើម្បីទៅចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅប្រទេសហ្វីលីពីន និងប្រទេសចិន លោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រាប់ដល់ក្រុមអ្នកសារព័ត៌មាន ថា ប្រសិនបើមានជំនួបពិភាក្សាមែន នឹងធ្វើឡើងនៅក្នុងប្រទេសចិន ដែលជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល រវាងមេដឹកនាំសហរដ្ឋអាម៉េរិក ចិន និងរុស្ស៊ី នៅចុងសប្តាហ៍នេះ ដែលជាព្រឹត្តិការណ៍មិនធ្លាប់មានពីមុនមក។ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបញ្ជាក់ថា៖«យើងក៏អាចនឹងជួបជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ផងដែរ ដែលនោះជារឿងល្អមួយ»។ មេដឹកនាំចិន លោក ស៊ី ជិនពីង អាចនឹងអញ្ជើញលោក គីម ឱ្យមកចូលរួមនៅក្នុងកិច្ចប្រជុំកំពូល នៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) នៅទីក្រុងសិនជិន ប្រទេសចិន។

ស្របគ្នាជាមួយនឹងការអះអាងរបស់ប្រធានាធិបតីសហរដ្ឋអាម៉េរិក មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន កាលពីព្រឹកថ្ងៃអង្គារដដែលនេះ បានធ្វើដំណើរទៅទស្សនាតំបន់ទេសចរណ៍មួយ នៅជិតព្រំដែនចិន ដោយមានការអមដំណើរពីក្រុមគ្រួសារ និងមន្ត្រីជាន់ខ្ពស់។ មេដឹកនាំកំពូលនៃប្រទេសកូរ៉េខាងជើង បានចុះពិនិត្យតំបន់ទេសចរណ៍ និងរមណីយដ្ឋានជិះស្គីមួយកន្លែង ស្ថិតក្នុងទីក្រុងសាមជីយ៉ុន (Samjiyon) ខេត្តយ៉ាងហ្គាង (Yanggang) ជិតព្រំដែនប្រទេសចិន។ ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េខាងជើង KCNA បង្ហាញរូបភាព អំពីសកម្មភាពរបស់លោក គីម កំពុងអង្គុយនៅលើកៅអីស្បែក ពាក់វ៉ែនតាការពារពន្លឺថ្ងៃ ជក់បារី និងញញឹមយ៉ាងរីករាយ។ នៅក្នុងរូបភាពមួយទៀត គេឃើញកូនស្រីរបស់លោក ឈ្មោះ ជូ អេ (Ju Ae) ស្លៀកពាក់ពណ៌ស កំពុងជិះស្គី ចុះពីលើជម្រាលភ្នំ ដោយមិនបានពាក់មួកសុវត្ថិភាព ខណៈភរិយារបស់លោក គឺអ្នកស្រី រី សូលជូ (Ri Sol Ju) ឈរនៅពីក្រោយ។

លោក ដូណាល់ ត្រាំ ធ្លាប់មានជំនួបកំពូលផ្លូវការចំនួន២លើក ជាមួយមេដឹកនាំកូរ៉េខាងជើង រួមមាន៖ លើកទី១-ធ្វើឡើងនៅប្រទេសសិង្ហបុរី នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ និងលើក២-ធ្វើឡើងនៅប្រទេសវៀតណាម នាអំឡុងឆ្នាំ២០១៩។ ក្រៅពីនេះ លោក ត្រាំ និងលោក គីម ក៏បានជួបគ្នាក្រៅផ្លូវការម្ដងទៀត នៅព្រំដែន រវាងកូរ៉េទាំង២ ខណៈលោកប្រធានាធិបតី បានធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងត្បូង។ ទោះជាយ៉ាងនេះក្ដី ជំនួបរវាងមេដឹកនាំទាំង២នេះ មិនបានឈានដល់កិច្ចព្រមព្រៀងណាមួយ នៅក្នុងការលុបបំបាត់កម្មវិធីអាវុធនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើង នោះឡើយ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត