
រាជធានីគូឡាឡាំពួ៖ បារាំង និងម៉ាឡេស៊ី បានលើកកម្ពស់ទំនាក់ទំនងទ្វេភាគីទៅជាភាពជា«ដៃគូយុទ្ធសាស្ត្រ» និងបានប្រកាសពីកិច្ចព្រមព្រៀងសហប្រតិបត្តិការជាច្រើននៅថ្ងៃអង្គារទី១៧ ខែវិច្ឆិកានេះ ដោយរាជធានីគូឡាឡាំពួ បានយល់ព្រមបន្ធូរបន្ថយការរឹតបន្តឹងលើការនាំចេញរ៉ែកម្រ ដើម្បីគាំទ្រដល់ការអភិវឌ្ឍរួមគ្នានៅក្នុងវិស័យនេះ។ ការណ៍នេះ កើតឡើងក្រោយមេដឹកនាំ កម្ពុជា-បារាំង ចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន២៩ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា លើវិស័យសេដ្ឋកិច្ច វប្បធម៌ អវកាស និងការពារជាតិ។

សេចក្តីប្រកាសនេះ ធ្វើឡើងបន្ទាប់ពីជំនួបរវាងលោកប្រធានាធិបតីបារាំង អេម៉ានូអែល ម៉ាក្រុង (Emmanuel Macron) និងលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) នៅក្នុងរាជធានីនៃប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ដែលមេដឹកនាំទាំង២ បានស្វែងរកការពង្រឹងទំនាក់ទំនងឱ្យកាន់តែរឹងមាំ លើវិស័យនានា រួមមាន៖ ការពារជាតិ ពាណិជ្ជកម្ម អន្តរកាលថាមពល និងរ៉ែសំខាន់ៗ។ សូមជម្រាបថា បន្ទាប់ពីហោះចេញពីទឹកដីកម្ពុជា លោក ម៉ាក្រុង បន្តដំណើរទៅបំពេញទស្សនកិច្ចរយៈពេល២ថ្ងៃ នៅប្រទេសម៉ាឡេស៊ី ជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក ចាប់តាំងពីឆ្នាំ២០១៧មក។ លោក ម៉ាក្រុង បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយថា៖«ភាពជាដៃគូ ដែលត្រូវបានបន្តឡើងវិញនេះ នឹងរួមចំណែកពង្រឹងឯករាជ្យភាពរបស់យើងទាំងសងខាង។ វាក៏នឹងជួយជំរុញវិស័យការពារជាតិ និងសន្តិសុខរបស់ប្រទេសទាំង២ ផងដែរ»។

លោក ម៉ាក្រុង និងលោក អាន់វ៉ា បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាច្រើន លើវិស័យអន្តរថាមពល ឧបករណ៍អេឡិចត្រូនិកពាក់កណ្តាលសម្រេច និងវិស័យការពារជាតិ រួមទាំងផែនការសាងសង់មជ្ឈមណ្ឌលតំបន់រួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងកូនកាត់។ លោក ម៉ាក្រុង បានអះអាងដោយមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមថា ក្រុមហ៊ុន Airbus របស់បារាំង ក៏បានយល់ព្រមផ្គត់ផ្គង់ឧទ្ធម្ភាគចក្រដល់កងទ័ពអាកាសម៉ាឡេស៊ីផងដែរ។ ការជំរុញរបស់បារាំង សម្រាប់កិច្ចសហប្រតិបត្តិការការពារជាតិ កាន់តែជិតស្និទ្ធនេះ ធ្វើឡើងស្របពេលម៉ាឡេស៊ី កំពុងវាយតម្លៃឡើងវិញនូវភាពទុកចិត្តពីសំណាក់ការផ្គត់ផ្គង់សព្វាវុធបរទេស បន្ទាប់ពីប្រទេសន័រវែស បានដកហូតអាជ្ញាបណ្ណនាំចេញមីស៊ីលដែលគ្រោងនឹងបំពាក់លើកងនាវាចររបស់ខ្លួន។

ទន្ទឹមគ្នា លោក អាន់វ៉ា បានអះអាងថា ម៉ាឡេស៊ីបានយល់ព្រមនាំចេញវត្ថុធាតុដើមរ៉ែកម្រមួយចំនួន ទៅកាន់ប្រទេសបារាំង បន្ទាប់ពីមានការប្តេជ្ញាចិត្តពីរដ្ឋធានីប៉ារីស ក្នុងការសហការគ្នាលើការកែច្នៃរ៉ែកម្រ។ ក្រុមហ៊ុនបារាំង Carester និងក្រុមហ៊ុនរុករករ៉ែម៉ាឡេស៊ី Malaco កំពុងសហការគ្នាលើគម្រោងរុករក និងកែច្នៃរ៉ែកម្រ រួមទាំងរោងចក្រញែកធាតុរ៉ែនៅក្នុងរដ្ឋប៉េរ៉ាក់ (Perak) របស់ម៉ាឡេស៊ី ដែលអាចកែច្នៃរ៉ែកម្របានប្រមាណ១៣០០០តោនក្នុងមួយឆ្នាំ នេះបើយោងតាមការលើកឡើងរបស់នាយកប្រតិបត្តិក្រុមហ៊ុន Carester លោក ហ្វ្រីឌើរីក ខារ៉ែនកូតេ (Frederic Carencotte) កាលពីខែកក្កដាឆ្នាំនេះ។

គេនៅចាំបានថា ម៉ាឡេស៊ី បានដាក់បម្រាមលើការនាំចេញរ៉ែកម្រមិនទាន់កែច្នៃក្នុងឆ្នាំ២០២៤ ដើម្បីការពារធនធានក្នុងស្រុករបស់ខ្លួន។ ប្រទេសនេះ បានបន្ធូរបន្ថយការរឹតបន្តឹងកាលពីខែមុន ដោយអនុញ្ញាតឱ្យមានការដឹកជញ្ជូនរ៉ែកម្រ មិនទាន់កែច្នៃតាមលក្ខខណ្ឌសម្រាប់គោលបំណងស្រាវជ្រាវ ឬកែច្នៃ ខណៈរាជធានីគូឡាឡាំពួរ កំពុងសម្លឹងមើលការអភិវឌ្ឍសមត្ថភាពចម្រាញ់ក្នុងស្រុក និងទាញយកផលប្រយោជន៍ពីតម្រូវការដែលកំពុងកើនឡើងពីបណ្តាប្រទេសលោកខាងលិច ដែលស្វែងរកការកាត់បន្ថយការពឹងផ្អែកលើប្រទេសចិន ដែលជាប្រទេសផលិតរ៉ែកម្រធំជាងគេបំផុតលើពិភពលោក៕



