ប្រមុខអង្គការសហប្រជាជាតិ ព្រមានអំពីទុក្ខវេនារបស់ពលរដ្ឋភូមា កាន់តែធ្ងន់ធ្ងរឡើង
S
Sinuon Nop
•
9 ម៉ោងមុន

រដ្ឋធានីម៉ានីល៖ ប្រមុខអង្គការសហប្រជាជាតិ បានព្រមាន អំពីទុក្ខវេនារបស់ប្រជាជនភូមា កាន់តែមានសភាពធ្ងន់ធ្ងរខ្លាំង ហើយទាមទារឱ្យមានកិច្ចសហការជាមួយអាស៊ាន និងអង្គការអន្ដរជាតិនានា ដើម្បីបញ្ចប់ជម្លោះ ខណៈយោធាភូមា កំពុងបង្កើនការវាយប្រយុទ្ធគ្នាយ៉ាងសាហាវ រវាងកងទ័ពរដ្ឋាភិបាលយោធា និងក្រុមចលនាតស៊ូបំបែករដ្ឋការ៉ែន បណ្ដាលឱ្យជនស៊ីវិលជាង១សែននាក់បាត់បង់ជីវិត នៅក្នុងសង្គ្រាមស៊ីវិលរ៉ាំរ៉ៃ អូសបន្លាយអស់រយៈពេលជាង៥ឆ្នាំកន្លងមក...។

អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក អង់តូនីញ៉ូ ហ្គូតទែររ៉េស
អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក អង់តូនីញ៉ូ ហ្គូតទែររ៉េស

ទីភ្នាក់ងារសារព័ត៌មានជាតិម៉ាឡេស៊ី Bernama បានចេញផ្សាយនៅព្រឹកថ្ងៃអង្គារទី១៧ ខែវិច្ឆិកានេះថា អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក អង់តូនីញ៉ូ ហ្គូតទែររ៉េស (António Guterres) បានពណ៌នា អំពីទុក្ខវេទនាប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងប្រទេសភូមា ក្នុងអំឡុងថ្លែងសុន្ទរកថា នៅឯកិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ (ASEAN-UN Summit) លើកចុងក្រោយរបស់លោក កាលពីថ្ងៃចន្ទម្សិលមិញ ដោយបានអំពាវនាវដល់ភាគីទាំងអស់ ឱ្យជួយការពារដល់ជនស៊ីវិល និងអនុញ្ញាតឱ្យមានការផ្ដល់ជំនួយមនុស្សធម៌ ដោយគ្មានការរារាំង។

ថ្នាក់ដឹកនាំអាស៊ាន
ថ្នាក់ដឹកនាំអាស៊ាន

ប្រមុខអង្គការសហប្រជាជាតិ បានបញ្ជាក់ថា៖«ខ្ញុំសូមអំពាវនាវដល់ភាគីទាំងអស់ ត្រូវតែជួយការពារដល់ជនស៊ីវិល គោរពច្បាប់អន្តរជាតិ និងអនុញ្ញាតឱ្យមានការផ្ដល់ជំនួយមនុស្សធម៌ប្រកបដោយសុវត្ថិភាព និរន្តរភាព និងគ្មានការរារាំង»។ អគ្គលេខាធិការអង្គការសហប្រជាជាតិ បានលើកឡើងបែបនេះ នៅក្នុងសុន្ទរកថារបស់លោក ថ្លែងទៅកាន់ពិធីបើកកិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ លើកទី១៦ នៅរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន។ លោក អង់តូនីញ៉ូ ហ្គូតទែររ៉េស បញ្ជាក់ជាថ្មី អំពីការគាំទ្ររបស់អង្គការសហប្រជាជាតិចំពោះ«ការឯកភាពគ្នា៥ចំណុច» របស់អាស៊ាន ហើយសូមអំពាវនាវឱ្យមានដំណោះស្រាយនយោបាយមួយ ប្រកបដោយបរិយាបន្ន និងដឹកនាំដោយភាគីភូមាផ្ទាល់ ដើម្បីដោះស្រាយវិបត្តិដ៏រ៉ាំរៃមួយនេះ។ ដំណោះស្រាយនយោបាយ ត្រូវតែដោះស្រាយឫសគល់នៃវិបត្តិ បញ្ចប់អំពើហិង្សានៅទូទាំងប្រទេស និងធានាថា ប្រជាជនអាចអនុវត្តសិទ្ធិរបស់ពួកគេបានដោយសេរី និងដោយសន្តិវិធី។

មេដឹកនាំរដ្ឋប្រហារយោមីយ៉ាន់ម៉ា លោក មីន អ៊ោងហ្លាំង ចាប់ដៃលោកស្រី អ៊ោង សាន់ស៊ូជី មុនពេលរដ្ឋប្រហារ
មេដឹកនាំរដ្ឋប្រហារយោមីយ៉ាន់ម៉ា លោក មីន អ៊ោងហ្លាំង ចាប់ដៃលោកស្រី អ៊ោង សាន់ស៊ូជី មុនពេលរដ្ឋប្រហារ

ការអំពាវនាវរបស់ប្រមុខអង្គការសហប្រជាជាតិ កើតឡើង ចំពេលប្រទេសភូមា កំពុងបន្តប្រឈមមុខនឹងផលវិបាក ដែលបន្សល់ទុកពីការដណ្តើមអំណាចដោយយោធា ចាប់តាំងពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១មក។ អំពើរដ្ឋប្រហាររបស់ពួកឧត្ដមសេនីយ៍យោធា បានធ្វើឱ្យជម្លោះនៅក្នុងប្រទេសកាន់តែធ្ងន់ធ្ងរ និងធ្វើឱ្យវិបត្តិមនុស្សធម៌កាន់តែដុនដាបខ្លាំងឡើង៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត