
ក្រុងសៀមរាប៖ ក្រុមអភិរក្សថ្មនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា បាននិងបន្តជួសជុលពង្រឹងថ្មនៅបណ្ណាល័យខាងជើងជាន់ទី២ នៃប្រាសាទអង្គរវត្ត ដែលពុកផុយ ប្រេះបែក ដោយសារកត្តាធម្មជាតិ និងអាយុកាល។ នេះបើតាមការឱ្យដឹងពីអាជ្ញាធរជាតិអប្សរា កាលពីថ្មីៗ...។

លោក សយ សុភារិន្ទ បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា គូសបញ្ជាក់ថា ការខូតខាតនៃថ្មប្រាសាទបុរាណ តួយ៉ាងនៅប្រាសាទអង្គរវត្ត មានកត្តាចម្បងៗមួយចំនួនរួមមាន៖ កត្តាធម្មជាតិ អាយុកាលនៃថ្ម ដែលធ្វើឱ្យថ្មពុកផុយ ផ្ទាត់ របេះ ឬប្រេះជាដើម។ ដើម្បីជួសជុល អភិរក្ស និងទប់ស្កាត់ការខូចខាតទាំងនេះ អ្នកជំនាញបានព្យាបាល ដោយដំបូងត្រូវដកជាតិអំបិល ឬជាតិអាស៊ីត បន្ទាប់មកពង្រឹងសាច់ថ្ម ដើម្បីឱ្យវាមានភាពរឹងមាំឡើងវិញ និងបិទបាយអតាមស្នាមប្រេះ ការពារកុំឱ្យទឹកភ្លៀងជ្រាបចូល។ ការជួសជុលថ្មនេះ ផ្តោតលើការទប់ស្កាត់កុំឱ្យថ្មបន្តពុកផុយ បែកឬប្រេះបន្តទៀត ដែលអាចប៉ះពាល់ ឬធ្វើឱ្យបាត់បង់រូបរាង ក្បាច់ ចម្លាក់ ពិសេសរូបអប្សរា។

សូមជម្រាបថា ការជួសជុលបណ្ណាល័យខាងជើង នៃជាន់ទី២របស់ប្រាសាទអង្គរវត្ត បានចាប់ផ្ដើមឡើងតាំងពីខែវិច្ឆិកា ឆ្នាំ២០២៥ ហើយកន្លងទៅបុរាណវិទូនៃអាជ្ញាធរជាតិអប្សរា ក៏ធ្លាប់បានជួលជុល និងអភិរក្សថ្មមួយចំនួននៅបរិវេណប្រាសាទអង្គរវត្ត ដូចជា៖ ជួសជុលជើងសសរពុកផុយចំនួន១០ដើម, ព្រះពុទ្ធរូបទាំងបួនអង្គនៅជាន់បាកាន, ជួសជុលជើងសសរនៅជាន់ព្រះពាន់ចំនួនជាង៣០ និងជួសជុលចម្រឹងបង្អួចមួយចំនួននៅជិតលោកតារាជ។ គួរជ្រាបថា ប្រាសាទអង្គរវត្ត ត្រូវបានកសាងឡើងដោយព្រះបាទសូរ្យវរ្ម័នទី២ នៅដើមសតវត្សរ៍ទី១២ ស្ថិតនៅក្នុងរាជធានី យសោធរបុរៈ។

យោងតាមការស្រាវជ្រាវពីសំណាក់ក្រុមស្រាវជ្រាវ Lidar នៃសកលវិទ្យាល័យអូស្ត្រាលី បានបង្ហាញថា ប្រាសាទអង្គរវត្ត ប្រើកម្លាំងពលកម្មប្រមាណជាង៣០ម៉ឺននាក់ និងដំរីជាង៦ពាន់ក្បាល ប្រើប្រាស់ថ្មសរុបប្រមាណជាង១០លានតោន ប្រាសាទអង្គរវត្ត ត្រូវបានចាត់ទុកជាសំណង់សាសនាដ៏ធំជាងគេបំផុតមួយនៅលើពិភពលោក៕




