
ក្រុងសៀមរាប៖ នៅពេលលោកអ្នកមកលេងអង្គរវត្ត សូមកុំរំលងប្លង់ថតស្អាតៗជាប់កំពូលទាំង៥នៃប្រាសាទអង្គរវត្ត ចំនួន២ទីតាំង ដូចជា ប្លង់ថត ទី១.ស្ថិតនៅជ្រុងខាងលិចឆៀងខាងត្បូងនៃកសិន្ធុអង្គរវត្ត និងប្លង់ទី២.នៅខាងលិចឆៀងខាងជើង នៃកសិន្ធុអង្គរវត្ត...។

អាជ្ញាធរជាតិអប្សរា នៅព្រឹកថ្ងៃទី១០កញ្ញានេះ បានគូសបញ្ជាក់ថា មូលហេតុដែលភ្ញៀវទេសចរមិនគួរមើលរំលង២ទីតាំងនេះ ដោយសារ ជាចំណុចពិសេសមួយ ដែលអាចឈរថតជាលក្ខណៈដៃគូ និងក្រុមគ្រួសារ អមដោយរុក្ខជាតិពណ៌បៃតងនារដូវវស្សា និងជាអនុស្សាវរីយ៍ ដ៏មានអត្ថន័យមិនអាចកាត់ថ្លៃបាន។ ប្រាសាទអង្គរវត្ត ឬនគរវត្ត ជាប្រាសាទធំបំផុតនៅប្រទេសកម្ពុជា មានមាត្រដ្ឋានលើផ្ទៃដីទំហំ១៦២,៦ហិកតា។រចនាសម្ព័ន្ធនៃសំណង់ប្រាសាទអង្គរវត្ត ត្រូវបានចាត់ទុកជាស្ថាបត្យកម្មដ៏កំពូល នៃអច្ឆរិយៈវត្ថុរបស់ពិភពលោក ដែលត្រូវបានសាងសង់ឡើងក្នុងសតវត្សរ៍ទី១២ ដោយព្រះបាទសូរ្យវរ្ម័នទី២ ជាព្រះមហាក្សត្រនៃសម័យចក្រភពខ្មែរ។ ប្រាសាទនេះ សាងសង់ ដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនានៃលទ្ធិព្រះវិស្ណុ។

យោងតាមការស្រាវជ្រាវពីសំណាក់ក្រុមស្រាវជ្រាវ Lidar នៃសកលវិទ្យាល័យអូស្ត្រាលី បង្ហាញថា ប្រាសាទអង្គរវត្ត ប្រើកម្លាំងពលកម្មប្រមាណជាង៣០ម៉ឺននាក់ និងដំរីជាង៦ពាន់ក្បាល និងប្រើប្រាស់ថ្មសរុបប្រមាណជាង១០លានតោន។ ប្រាសាទអង្គរវត្ត ត្រូវបានចាត់ទុកជាសំណង់សាសនាដ៏ធំជាងគេ បំផុតមួយនៅលើពិភពលោក។ អង្គរវត្ត ជានិមិត្តរូប និងជារូបភាពតំណាងប្រទេសកម្ពុជា ហើយក៏ជាប្រាសាទមួយបានរួមចំណែក ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើននៅលើពិភពលោក ឱ្យមកទស្សនាប្រទេសកម្ពុជា។ ប្រាសាទនេះ ត្រូវបានចុះនៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូនៅឆ្នាំ១៩៩២។ ស្ថាបត្យកម្មដ៏មហស្ចារ្យនេះ ក៏ជាទីតាំងដែលអាចឱ្យភ្ញៀវទេសចរមកទស្សនា ថ្ងៃរះចំកំពូលប្រាសាទ «សមរាត្រី» ជាវេលាដែលថ្ងៃ និងយប់ មានរយៈពេលស្ទើរតែស្មើគ្នា៕




