ភាពស្រស់ស្អាតរបស់«ប្រាសាទអង្គរវត្ត»ក្រោមដំណក់ទឹកភ្លៀង ទាក់ចិត្តអ្នកទេសចរឥតរុញរា ថតរូបភាពទុកជាអនុស្សាវរីយ៍
S
Sreyleak Yith
10 ម៉ោងមុន

ក្រុងសៀមរាប៖ ទោះមានភ្លៀងធ្លាក់ តែមិនមែនជាឧបសគ្គសម្រាប់ភ្ញៀវទេសចរជាតិ-អន្តរជាតិ មកទស្សនារមណីយដ្ឋានអង្គរដ៏បវរនៃយើងឡើយ ជាពិសេស ប្រាសាទអង្គរវត្ត ឬនគរវត្ត ជាទីតាំងដែលមិនអាចខ្វះបានរបស់អ្នកទស្សនា។ ការទស្សនាប្រាសាទក្រោមដំណក់ទឹកភ្លៀងនារដូវវស្សា ក៏ជាបទពិសោធប្លែកអារម្មណ៍មួយបែប ដែលខុសគ្នាស្រឡះពីពេលមិនទាន់មានភ្លៀងធ្លាក់ ឯអារម្មណ៍ក៏ស្រស់ស្រាយទៅតាមធម្មជាតិដ៏ស្រស់បំព្រងនៅបរិវេណឧទ្យានអង្គរផងដែរ...។

អាជ្ញាធរជាតិអប្សរា គូសរំលេចអំពីភាពស្រស់បំព្រងក្នុងរដូវវស្សានេះថា ទោះបីមេឃកំពុងបង្អុរភ្លៀងរលឹមតក់ៗមកជាមយយដោយផ្សែងអ័ព្ទក្ដី ក៏អ្នកទេសចរនៅតែចូលមកទស្សនាប្រាសាទអង្គរវត្តឥតដាច់ ដោយអ្នកខ្លះបាំងឆ័ត្រ ពាក់មួក ទទូរកន្សែង អ្នកខ្លះទៀតពាក់អាវភ្លៀង និងខ្លះទៀត ដើរក្រោមដំណក់ទឹកភ្លៀងផ្ទាល់ តាមដំណើរនៃធម្មជាតិ ហាក់ដូចជាកំពុងទទួលទឹកដ៏ពិសិដ្ឋប្រោះព្រំពីអាទិទេពនាវិមានអាកាស។ សកម្មភាពទាំងនេះ បង្ហាញថា ភ្ញៀវទេសចរកំពុងទទួលបានអារម្មណ៍មួយប្លែកពីធម្មជាតិ និងប្រាសាទ ដែលមានទស្សនីយភាព មានសោភ័ណភាពស្រស់ស្អាតមួយបែប ខុសពីពេលផ្ទៃមេឃបើកថ្ងៃ។ ភ្ញៀវទេសចរ មានទឹកមុខញញឹម មិននឿយណាយក្រោយប៉ះដំណក់ទឹកភ្លៀង និងការថតរូបភាពទុកជាអនុស្សាវរីយ៍។

គួរជ្រាបថា ប្រាសាទអង្គរវត្ត ត្រូវបានកសាងឡើងដោយព្រះបាទសូរ្យវរ្ម័នទី២ នៅដើមសតវត្សរ៍ទី១២ ស្ថិតនៅក្នុងរាជធានីយសោធរបុរៈ។ យោងតាមការស្រាវជ្រាវពីសំណាក់ក្រុមស្រាវជ្រាវ Lidar នៃសកលវិទ្យាល័យអូស្ត្រាលី បង្ហាញថា ប្រាសាទអង្គរវត្ត ប្រើកម្លាំងពលកម្មមនុស្សប្រមាណជាង៣០ម៉ឺននាក់ និងដំរីជាង៦ពាន់ក្បាល ប្រើប្រាស់ថ្មសរុបប្រមាណជាង១០លានតោន។ ប្រាសាទអង្គរវត្ត ត្រូវបានចាត់ទុកជាសំណង់សាសនា ដ៏ធំជាងគេបំផុតមួយនៅលើពិភពលោក។ ភាពអស្ចារ្យនៃប្រាសាទអង្គរវត្ត មើលពីចំណុចណាក៏ស្រស់ស្អាត និងទាក់ទាញ។ ប្រាសាទអង្គរវត្ត ឬនគរវត្ត ជាប្រាសាទធំបំផុតនៅប្រទេសកម្ពុជា មានមាត្រដ្ឋានលើផ្ទៃដីទំហំ១៦២,៦ហិកតា។ប្រាសាទនេះ សាងសង់ ដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនានៃលទ្ធិព្រះវិស្ណុ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត