
ក្រុងសៀមរាប៖ ក្រោមកិច្ចសម្របសម្រួលពីមន្រ្តីជំនាញ គណៈប្រភូជាន់ខ្ពស់ថ្នាក់ទេសាភិបាលធនាគារកណ្តាលនៃបណ្តាប្រទេសនិយាយភាសាបារាំង (ហ្វ្រង់កូហ្វូន) ចំនួន២៦ប្រទេស បានធ្វើដំណើរទស្សនកិច្ចនៅប្រាសាទនានា ក្នុងតំបន់រមណីយដ្ឋានអង្គរ ដើម្បីបានសិក្សាឈ្វេងយល់ពីប្រវត្តិសាស្ត្រដ៏អស្ចារ្យរបស់ខ្មែរ…។

ដំណើរទស្សនកិច្ចនេះ ដឹកនាំដោយ លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា សម្របសម្រួលដោយ លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦។ មន្រ្តីអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ដំណើរទស្សនកិច្ចនេះ អនុញ្ញាតឱ្យគណៈប្រតិភូទាំង២៦ប្រទេស បានឈ្វេងយល់ពីប្រវត្តិសាស្ត្រ សិល្បៈ និងស្ថាបត្យកម្មដ៏អស្ចារ្យនៃរមណីយដ្ឋានអង្គរ ព្រមទាំងសមិទ្ធផលសំខាន់ៗមួយចំនួនរបស់អាជ្ញាធរជាតិអប្សរាផងដែរ។

មុនទស្សនាប្រាសាទអង្គរវត្ត កាលពីថ្ងៃទី៣០ឧសភា គណៈប្រតិភូជាន់ខ្ពស់ថ្នាក់ទេសាភិបាលធនាគារកណ្តាលហ្រ្វង់កូហ្វូន ក៏បានអញ្ជើញចូលទស្សនារមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ស្ថិតនៅក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ផងដែរ ដើម្បីស្វែងយល់ពីកិច្ចអភិរក្ស ការងារជួសជុល នៅប្រាសាទសំខាន់ៗរួមមាន៖ ប្រាសាទជ្រៃ ក្រុមប្រាសាទសំបូរ ក្រុមប្រាសាទយាយព័ន្ធ និងក្រុមប្រាសាទតោ នៃរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក។ គួរជម្រាបថា ដំណើរទស្សនកិច្ចនេះ ធ្វើឡើងបន្ទាប់ពីគណៈប្រតិភូបានបញ្ចប់ការចូលរួមសន្និសីទថ្នាក់ទេសាភិបាលធនាគារកណ្តាលហ្វ្រង់កូហ្វូន លើកទី២៨ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះគិតចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ៕







