លោក លី ធុជ បង្ហាញការព្រួយបារម្ភមុខសហគមន៍អន្តរជាតិ ពីសំណល់ជាតិផ្ទុះ ដែលយោធាថៃបន្សល់ទុកពេលឈ្លានពានកម្ពុជា
S
Sreyleak Yith
•
10 ម៉ោងមុន

រាជធានីព្រុចសែល៖ ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទស្តីពីសកម្មភាពមីនអ៊ុយក្រែន ឆ្នាំ២០២៦ នៅរាជធានីព្រុចសែល ប្រទេសបែលហ្សិក កាលពីថ្ងៃទី១៦វិច្ឆិកា លោក ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១អាជ្ញាធរមីន បានសម្ដែងការសោកស្ដាយ និងព្រួយបារម្ភចំពោះផលប៉ះពាល់ពីជម្លោះ នាពេលកន្លងមក ដែលយោធាថៃឈ្លានពានអធិបតេយ្យកម្ពុជា ហើយបន្សល់ទុកនូវសំណល់ជាតិផ្ទុះជាច្រើន នៅបណ្តាខេត្តចំនួន៧ តាមបណ្តោយព្រំដែនកម្ពុជា-ថៃ…។

លោកទេសរដ្ឋមន្ត្រី គូសបញ្ជាក់ថា ជម្លោះ បានបង្កើតការគំរាមកំហែងដោយយុទ្ធភណ្ឌគ្រឿងផ្ទុះ ដល់ប្រជាពលរដ្ឋ និងសហគមន៍នៅតំបន់ព្រំដែន។ ស្ថានភាពនេះ បង្ហាញថា ការស្តារសុវត្ថិភាពលើដីដែលរងផលប៉ះពាល់ពីជម្លោះ ត្រូវការពេលវេលា ការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងជាបន្តបន្ទាប់។ លោកទេសរដ្ឋមន្ត្រី ក៏បានលើកទ្បើងផងដែរថា៖ «សង្គ្រាមអាចបញ្ចប់នៅពេលណាមួយ ប៉ុន្តែគ្រោះថ្នាក់ដែលបង្កឡើងដោយសំណល់ជាតិផ្ទុះពីសង្គ្រាម អាចបន្តគំរាមកំហែងដល់អាយុជីវិតមនុស្សជាច្រើនជំនាន់ បើទោះបីជាសង្គ្រាម បានបញ្ចប់ទៅហើយក៏ដោយ»។ កម្ពុជា ជាប្រទេសធ្លាប់ឆ្លងកាត់សង្គ្រាមរាប់ទសវត្សរ៍ និងបានចំណាយពេលជាង៣០ឆ្នាំ ក្នុងការបោសសម្អាតមីន ក៏ដូចជាសំណល់ជាតិផ្ទុះពីសង្គ្រាម ដោយបានរកឃើញ និងបំផ្លាញយុទ្ធភណ្ឌផ្ទុះរាប់លានគ្រាប់។ ទោះបីជាមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក៏ដោយ បេសកកម្មនេះ នៅមិនទាន់បញ្ចប់នៅឡើយ ខណៈប្រជាពលរដ្ឋ ជាពិសេស ប្រជាកសិករ នៅតែប្រឈមនឹងគ្រោះថ្នាក់ពីមីន និងសំណល់ជាតិផ្ទុះ ដែលបន្សល់ទុកតាំងពីអតីតកាល។

គួរជ្រាបថា តំបន់រងផលប៉ះពាល់ដោយសារសង្គ្រាមថៃឈ្លានពាន នៅតាមបណ្តាខេត្តទាំង៧រួមមាន ខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប​ និងកោះកុង ​ ក្នុង២២ស្រុក-ក្រុង​ ស្មើនឹង៦០ឃុំ-សង្កាត់​ មាន៣៣៥ភូមិ។ ទីតាំងទម្លាក់គ្រាប់បែកមានចំនួន​២៦៥​ពហុកោណ​ ស្មើនឹងផ្ទៃដីរងផលប៉ះពាល់ចំនួន​ ៤៨២៩​ហិកតា និងទីតាំងគ្រាប់បែកចង្កោម​ចំនួន៣៨៥៨​ពហុកោណ​ ស្មើនឹងផ្ទៃដីរងផលប៉ះពាល់ចំនួន​២៦២ ៥០៦​ហិកតា។ ​ តាមការប៉ាន់ស្មាន យោធាថៃ អាចបាញ់គ្រាប់បែកចង្កោមប្រភេទគ្រាប់១៥៥មម ចំនួនប្រមាណ១២០ ០០០ ទៅ១៣០ ០០០គ្រាប់​ និងមានកូនគ្រាប់បែកចង្កោមប្រភេទ M៤២ M៤៦ និងM៨៥ ប្រមាណ៦លានទៅ៧លានគ្រាប់​ ហើយអាចមានកម្រិតមិនផ្ទុះ​ ប្រមាណ២៥ទៅ៣០ភាគរយ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត