
ខេត្តបន្ទាយមានជ័យ៖ ខេត្តបន្ទាយមានជ័យ ក្នុងរយៈពេល៤៣ឆ្នាំ មានអ្នករងគ្រោះដោយសារសំណល់ជាតិផ្ទុះពីសម័យសង្គ្រាម បណ្តាលឱ្យពលរដ្ឋស្លាប់២ ២៥៥នាក់ និងពិការ១ ៤៤២នាក់។ នេះបើតាម ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ លើកឡើង ក្នុងយុទ្ធនាការអប់រំ នៅបរិវេណវត្តសីលាខ្មែរស្ថិតភូមិសីលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២។

លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថាខេត្តបន្ទាយមានជ័យ នាសម័យសង្គ្រាមគឺជាតំបន់សមរភូមិក្ដៅរវាងទ័ពរដ្ឋាភិបាលនិងទ័ពព្រៃ។ ដោយនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា សង្គ្រាមត្រូវបានបញ្ចប់ ប្រទេសមានសុខសន្តិភាពនិងការអភិវឌ្ឍរីកចម្រើន។

ឯកឧត្តម លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១អាជ្ញាធរមីន បានមានប្រសាសន៍ថា ចាប់ពីឆ្នាំ១៩៩២ដល់ខែមិថុនា ឆ្នាំ២០២២ ខេត្តបន្ទាយមានជ័យ បានបោសសម្អាតមីនបានផ្ទៃដីមានចំនួន ២៦៩គីឡូម៉ែត្រក្រឡា និងកម្ទេចមីនប្រឆាំងមនុស្សចំនួន៣៨ ៥៧៨គ្រាប់ មីនតោនចំនួន៤ ៣៧៥គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាមមានចំនួន២៥៥ ៥០៣គ្រាប់ លើផ្ទៃដីសល់ចំនួន ១១៤គីឡូម៉ែត្រក្រឡាស្មើនឹងចម្ការមីនចំនួន ១៨៤៩ចម្ការ។

ឯកឧត្តមបានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្សដែលបានចូលរួមជិត៥០០នាក់ក្នុងឱកាសយុទ្ធនាការអប់រំអំពីគ្រោះថ្នាក់ដោយសារយុទ្ធភ័ណគ្រឿងផ្ទុះនៅស្រុកអូរជ្រៅជាប់ជាយដែន ពេលបានឃើញគ្រាប់យុទ្ធភ័ណមិនទាន់ផ្ទុះ ត្រូវរាយការណ៍ជូនអាជ្ញាធរមិនត្រូវប៉ះពាល់ និងយកទៅដំធ្វើអេតចាយឬកែច្នៃដែលអាចគ្រោះថ្នាក់គ្រប់ពេលបាន៕
ដោយ៖ ឈុន មករា សម្រួលដោយ៖ លោក សៅ សាន





