
រដ្ឋធានីម៉ានីល៖ ថ្វីបើការចរចាលើក្រមប្រតិបត្តិ (Code of Conduct) ហៅកាត់ «COC» នៅក្នុងសមុទ្ទចិនខាងត្បូង មិនទាន់ឈានដល់ចំណុចបញ្ចប់យ៉ាងណាក្ដី ប៉ុន្តែអាស៊ាន នៅតែបន្តប្តេជ្ញាចិត្តក្នុងការធានាសុវត្ថិភាព រក្សាសេរីភាព សម្រាប់ការធ្វើនាវាចរណ៍នៅលើដែនសមុទ្ទ ការហោះហើរឆ្លងកាត់ ការទប់ស្កាត់ និងគ្រប់គ្រងហេតុការណ៍នានា នៅលើលម្ហសមុទ្ទ...។

សារព័ត៌មានហ្វីលីពីន ABS-CBN បានចេញផ្សាយនៅថ្ងៃចន្ទទី១៦ ខែវិច្ឆិកានេះថា ក្នុងសេចក្ដីសង្ខេបលម្អិតមួយ ចេញផ្សាយដោយប្រធានកិច្ចប្រជុំកាលពីថ្ងៃអាទិត្យ បានគូសបញ្ជាក់អំពីចំណុចសំខាន់ៗជាច្រើន លើការចរចានៃក្រមប្រតិបត្តិ (COC) ត្រូវបានសម្រេចជាមូលដ្ឋានរួចហើយ។ គ្រប់ភាគីពាក់ព័ន្ធនឹងសេចក្ដីប្រកាស ស្តីពីការប្រតិបត្តិរបស់ភាគីនានា នៅសមុទ្ទចិនខាងត្បូង បានឈានដល់កិច្ចព្រមព្រៀងបណ្តោះអាសន្នជាង៨០ភាគរយ នៃកថាខណ្ឌ នៃសេចក្ដីព្រាង COC។ បើតាមសេចក្ដីថ្លែងការណ៍នោះ បានឱ្យដឹងថា៖«យើងសូមកោតសរសើរ ចំពោះការប្តេជ្ញាចិត្ត និងការចូលរួម ប្រកបដោយស្មារតីស្ថាបនារបស់គណៈប្រតិភូទាំងអស់ ជាពិសេស សហប្រធាន នៃក្រុមការងាររួម អាស៊ាន-ចិន ស្តីពីការអនុវត្តសេចក្ដីថ្លែងការណ៍ ស្តីពីការប្រតិបត្តិរបស់ភាគីនានា នៅសមុទ្ទចិនខាងត្បូង (DOC) គឺប្រទេសម៉ាឡេស៊ី និងប្រទេសចិន សម្រាប់ការដឹកនាំ ប្រកបដោយប្រសិទ្ធភាព នៅក្នុងដំណើរការដ៏ស្មុគស្មាញនេះ»។

លោកស្រី ម៉ារៀ ថេរេសា ឡាហ្សារ៉ូ (Maria Theresa Lazaro) រដ្ឋមន្រ្ដីក្រសួងការបរទេសហ្វីលីពីន ថ្លែងកាលពីថ្ងៃអាទិត្យ ថា ភាគីពាក់ព័ន្ធ បានទុកភារកិច្ចឱ្យប្រទេសសិង្ហបុរី ជាអ្នកបន្តកិច្ចពិភាក្សា លើក្រមប្រតិបត្តិនៅសមុទ្ទចិនខាងត្បូង (COC) ឡើងវិញ។ ទន្ទឹមគ្នា លោកស្រីរដ្ឋមន្រ្ដី ក៏បានកត់សម្គាល់ឃើញថា រដ្ឋនានាជាសមាជិក មានទស្សនៈខុសៗគ្នា ដែលធ្វើឱ្យប្លុកនេះ មិនអាចបញ្ចប់ការចរចាបាន១០០ភាគរយ។ បច្ចុប្បន្ន ភាគីនានា ក៏បានឯកភាពថា ក្រមប្រតិបត្តិ (COC) ក្រៅពីដើរតួនាទី ជាការណែនាំ អំពីការប្រព្រឹត្ត ហើយវានឹងក្លាយជាវេទិកាមួយ សម្រាប់កិច្ចសហប្រតិបត្តិការជាក់ស្តែង នៅក្នុងវិស័យសមុទ្ទ នៅសមុទ្ទចិនខាងត្បូង។ ក្នុងន័យនេះដែរ ភាគីនានាមានគោលបំណង ចង់អនុវត្តសកម្មភាពសហប្រតិបត្តិការជាក់ស្តែង នៅក្នុងវិស័យសមុទ្ទ ដោយផ្អែកលើមូលដ្ឋានស្ម័គ្រចិត្ត និងស្របតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្ទ ឆ្នាំ១៩៨២ ឬ UNCLOS ព្រមទាំងការគោរពយ៉ាងពេញលេញនូវអធិបតេយ្យភាព សិទ្ធិអធិបតេយ្យ និងយុត្តាធិការរបស់រដ្ឋដែលមានឆ្នេរសមុទ្ទ។

ភាគីនានា ក៏បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះការដោះស្រាយជម្លោះ ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញា UNCLOS ឆ្នាំ១៩៨២ ផងដែរ។ សេចក្ដីថ្លែងការណ៍ដដែលនោះ បានចែងថា៖«យើងក៏បានឯកភាពគ្នាដែរថា ក្រមប្រតិបត្តិនៅសមុទ្ទចិនខាងត្បូង (COC) ត្រូវរៀបចំឡើង ដើម្បីបម្រើជាយន្តការមួយ សម្រាប់ការគ្រប់គ្រងភាពខុសគ្នា នៅសមុទ្ទក្នុងលក្ខណៈស្ថាបនា ប៉ុន្តែវាមិនមែន សម្រាប់ដោះស្រាយជម្លោះនោះឡើយ។ ប៉ុន្ដែនៅពេលដំណើរការចរចា ឈានជិតដល់ទីបញ្ចប់ ភាគីនានា បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត នៅក្នុងការលើកកម្ពស់ទំនុកចិត្តទៅវិញទៅមក ជំនឿទុកចិត្ត និងកិច្ចសហប្រតិបត្តិការ»។ ជាមួយគ្នានេះ លោកស្រី ប្រមុខការទូតហ្វីលីពីន ក៏បានសម្ដែងក្ដីជឿជាក់ថា ប្រទេសសិង្ហបុរី នឹងជំរុញកិច្ចពិភាក្សា អំពី COC ឱ្យបន្តដំណើរទៅមុខទៀត កំលុងពេលទទួលតួនាទី ជាប្រធានអាស៊ានប្ដូរវេន នៅឆ្នាំ២០២៧៕




