
រដ្ឋធានីម៉ានីល៖ ប្រធានាធិបតីហ្វីលីពីន ហ្វ័រឌីណេនដ៏ ម៉ាកូស ជេរអ. (Ferdinand Marcos Jr.) ប្រធានប្ដូរវេន នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានថ្លែង អំពីអាស៊ាននៅតែបន្តស្វែងរកដំណោះស្រាយកម្រិតកណ្តាល និងបន្តកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសចិន ទោះជាមានជម្លោះនានា នៅក្នុងតំបន់យ៉ាងណាក្ដី...។

សារព័ត៌មាន The Manila Times បានចេញផ្សាយនៅព្រឹកថ្ងៃចន្ទទី១៦ ខែវិច្ឆិកានេះថា ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ចិន កាលពីព្រឹកមិញ ប្រធានាធិបតីហ្វីលីពីន ហ្វ័រឌីណេនដ៏ ម៉ាកូសជេរអ. បានបញ្ជាក់ថា ប្លុកអាស៊ាន និងរដ្ឋាភិបាលរដ្ឋធានីប៉េកាំង មានកាតព្វកិច្ចរួមគ្នា នៅក្នុងការលើកកម្ពស់ច្បាប់អន្តរជាតិ និងដោះស្រាយជម្លោះ ដោយសន្តិវិធី ចំពេលភាគីទាំងពីរ ប្រារព្ធខួបលើកទី៣៥ នៃទំនាក់ទំនងអាស៊ាន-ចិន។ នៅក្នុងឆ្នាំនៃការប្រារព្ធខួបនេះ ការប្តេជ្ញាចិត្តរួមគ្នារបស់យើង ចំពោះច្បាប់អន្តរជាតិ និងការដោះស្រាយជម្លោះ ដោយសន្តិវិធី ត្រូវតែឆ្លុះបញ្ចាំងតាមរយៈសកម្មភាពជាក់ស្តែង រួមមាន៖ ការចេះអត់ធ្មត់ ការគោរពគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការជាក់ស្តែង។ ទន្ទឹមគ្នា លោកប្រធានាធិបតី ម៉ាកូស បានសង្កត់ធ្ងន់លើភាពចាំបាច់ នៃសាមគ្គីភាពក្នុងតំបន់ ដើម្បីដោះស្រាយភាពតានតឹងផ្នែកនយោបាយ ដែលកំពុងកើនឡើង និងជម្លោះដែនសមុទ្ទ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

នៅក្នុងសុន្ទរកថា ស្វាគមន៍ នាពិធីបើកកិច្ចប្រជុំកំពូល នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើកទី៤៩ នៅរដ្ឋធានីម៉ានីល កាលពីថ្ងៃអាទិត្យ ប្រធានអាស៊ានប្ដូរវេន លោក ម៉ាកូស ក៏បានបញ្ជាក់ផងដែរថា៖«ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ ភាពមិនច្បាស់លាស់ផ្នែកសេដ្ឋកិច្ច បច្ចេកវិទ្យាថ្មីៗ ការប្រែប្រួលអាកាសធាតុ និងការគំរាមកំហែងឆ្លងដែន កំពុងធ្វើឱ្យតំបន់របស់យើង ផ្លាស់ប្ដូរក្នុងល្បឿនមួយ ដែលមិនមានប្រទេសណាមួយ អាចដោះស្រាយដោយខ្លួនឯងបាននោះឡើយ»។ គ្មានរដ្ឋជាសមាជិកណាមួយ ដែលមានធនធាន សមត្ថភាព ឬដំណោះស្រាយគ្រប់គ្រាន់ សម្រាប់ឆ្លើយតប ទៅនឹងបញ្ហាប្រឈម និងឱកាសដែលយើងកំពុងជួបប្រទះនោះទេ ប៉ុន្តែនៅពេលសមត្ថភាពថ្នាក់ជាតិ ត្រូវបានសាកល្បង កម្លាំងក្នុងតំបន់ នឹងចូលមកជួយពង្រឹងបន្ថែម។

សូមជម្រាបថា កងទ័ពហ្វីលីពីន និងចិន តែងតែប៉ះទង្គិចគ្នាជាញឹកញាប់ នៅក្នុងដែនទឹកមានជម្លោះ ស្ថិតក្នុងសមុទ្ទចិនខាងត្បូង ក្រោយពេលរដ្ឋាភិបាលរដ្ឋធានីប៉េកាំង បានអះអាងអំពីដែនទឹកនៃសមុទ្ទចិនខាងត្បូង មានទំហំ៣,៥លានគីឡូម៉ែត្រការ៉េ ស្ទើរតែទាំងស្រុង ជាដែនអធិបតេយ្យរបស់ចិន។ សកម្មភាពរបស់រដ្ឋធានីប៉េកាំង បានបង្កឱ្យកើតមានជម្លោះ ជាមួយបណ្ដាប្រទេសអាស៊ាន រួមមាន៖ វៀតណាម ម៉ាឡេស៊ី ប៊្រុយណេ និងហ្វីលីពីន៕




