
តំបន់មជ្ឈិមបូព៌ា៖ កងនាវាផ្ទុកយន្តហោះវាយប្រហារ USS Theodore Roosevelt (យូអេសអេស ថេអូដ័រ រ៉ូសេវ៉ែលត៍) នឹងចូលរួមជាមួយកងនាវាផ្ទុកយន្តហោះវាយប្រហាររបស់សហរដ្ឋអាម៉េរិក ចំនួន២គ្រឿងផ្សេងទៀត នៅតំបន់មជ្ឈិមបូព៌ា ហើយការមកដល់របស់នាវាទាំងនេះ កើតឡើងចំពេលអ៊ីរ៉ង់ បានវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក ឬដ្រូន ប្រឆាំងនឹងប្រទេសបារ៉ែន ក្រោយការចរចាសន្តិភាព ជាមួយរដ្ឋាភិបាលរដ្ឋធានីវ៉ាស៊ីនតោន បានជាប់គាំង...។

ទីភ្នាក់ងារសារព័ត៌មានរបស់តួកគីយ៉េ Anadolu (AA) បានចុះផ្សាយនៅថ្ងៃចន្ទទី១៦ ខែវិច្ឆិកានេះថា បើតាមកាសែត The New York Times បានរាយការណ៍កាលពីថ្ងៃអាទិត្យ ដោយបានដកស្រង់សម្តីរបស់មន្ត្រីយោធាអាម៉េរិកម្នាក់ អះអាងថា កងនាវាផ្ទុកយន្តហោះវាយប្រហារ ដើរដោយថាមពលនុយក្លេអ៊ែរ USS Theodore Roosevelt នឹងចូលរួមជាមួយនាវាផ្ទុកយន្តហោះអាម៉េរិកចំនួនពីរគ្រឿងផ្សេងទៀត នៅមជ្ឈិមបូព៌ា ធ្វើឱ្យវត្តមានរបស់កងនាវាផ្ទុកយន្តហោះវាយប្រហារសហរដ្ឋអាម៉េរិក កើនឡើងសរុប៣គ្រឿង នៅក្នុងតំបន់នេះ។ ការដាក់ពង្រាយកងនាវាផ្ទុកយន្ដហោះវាយប្រហារទាំងនេះ កើតឡើងចំពេលអ៊ីរ៉ង់ វាយប្រហារដោយយន្តហោះគ្មានមនុស្សបើក ប្រឆាំងនឹងប្រទេសបារ៉ែន បញ្ចប់ភាពស្ងប់ស្ងាត់ពីអរិភាព ស្របពេលការចរចាសន្តិភាពបន្ដជាប់គាំង។ ការវាយប្រហារកាលពីថ្ងៃអាទិត្យ កើតឡើងបន្ទាប់ពីឧប្បត្តិហេតុ កាលពីថ្ងៃសុក្រ ដែលកងកម្លាំងសហរដ្ឋអាម៉េរិក បានស្ទាក់ចាប់យន្តហោះគ្មានមនុស្សបើក ឬដ្រូនអ៊ីរ៉ង់ពីរគ្រឿង ឆ្ពោះទៅប្រទេសឈូងសមុទ្ទ។

ទាំងមន្ទីរបញ្ចកោណ និងទីបញ្ជាការកណ្តាលសហរដ្ឋអាម៉េរិក (CENTCOM) ដែលត្រួតពិនិត្យនៅក្នុងប្រតិបត្តិការយោធា នៅមជ្ឈិមបូព៌ា មិនបានចេញការបញ្ជាក់ជាផ្លូវការ ទាក់ទងនឹងកាលវិភាគដាក់ពង្រាយកងនាវាផ្ទុកយន្តហោះវាយប្រហារទាំងនេះឡើយ។ សកម្មភាពទាំងនេះ បានបន្តកើតឡើងនៅក្នុងពេលមានការបែកបាក់ការទូតកាន់តែខ្លាំង និងការបង្កើនកម្លាំងយោធាសហរដ្ឋអាម៉េរិកនៅក្នុងតំបន់ ដែលជាផ្នែកមួយ នៃសង្គ្រាមនៅអ៊ីរ៉ង់ កំពុងបន្ត ក្រោយការចាប់ផ្តើមវាយប្រហាររបស់សហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល កាលពីថ្ងៃទី២៨ ខែកុម្ភៈ។ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ កាលពីពេលថ្មីៗ បានដកលោកអនុប្រធានាធិបតី JD Vance ចេញពីកិច្ចចរចាសន្តិភាព ហើយបានប្រកាសនៅលើបណ្ដាញសង្គមថា រដ្ឋធានីវ៉ាស៊ីនតោន លែងត្រូវការកិច្ចព្រមព្រៀង ជាមួយរដ្ឋធានីតេហេរ៉ង់ទៀតហើយ។

ទោះជាមានការដាក់ពង្រាយកងនាវាផ្ទុកយន្តហោះ វាយប្រហារកាន់តែច្រើនឡើងបែបនេះក្ដី ក៏កងទ័ពសហរដ្ឋអាម៉េរិក កាលពីពេលថ្មីៗ បានបដិសេធរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីស្រាអែល ដែលចោទប្រកាន់ថា សហរដ្ឋអាម៉េរិក កំពុងរៀបចំបន្តប្រតិបត្តិការឡើងវិញ ដែលអាចនឹងធ្វើឡើងប្រឆាំងនឹងអ៊ីរ៉ង់។ មន្រ្ដីសហរដ្ឋអាម៉េរិក បានបដិសេធនូវការអះអាង អំពីការផ្លាស់ប្ដូរទីតាំងកម្លាំងក្នុងតំបន់ថា ការលើកឡើងទាំងនេះ «គ្រាន់តែជាការប៉ាន់ស្មានតែប៉ុណ្ណោះ»។ កងនាវាផ្ទុកយន្ដហោះវាយប្រហារ ដើរដោយថាមពលនុយក្លេអ៊ែររបស់សហរដ្ឋអាម៉េរិក ដែលបានដាក់ពង្រាយ នៅតំបន់មជ្ឈិមបូព៌ាទាំង៣គ្រឿង នាពេលនេះ រួមមាន៖ ១-USS George H.W. Bush (មានលេខសម្គាល់ CVN-77) មានចំណុះ១០៥ ៦៦៨តោន មានតម្លៃ ចំនួ៦,២ពាន់លានដុល្លារអាម៉េរិក និងផ្ទុកកងកម្លាំងចំនួន៥៦៨០នាក់, ២-USS George Washington (CVN-73) មានចំណុះ ១០៤ ២០០តោន អាចផ្ទុកកងកម្លាំងចន្លោះពី៥០០០ ទៅជាង៦០០០នាក់ និងមានតម្លៃ៤,៥ពាន់លានដុល្លារអាម៉េរិក និង ៣-USS Theodore Roosevelt (CVN-71) ចំណុះ ១០៤ ៦០០តោន មានតម្លៃ៤,៥ពាន់លានដុល្លារអាម៉េរិក និងអាចផ្ទុកកងកម្លាំងជិត៦០០០នាក់៕








