មិនធម្មតា! បង្កងបាញ់ទឹកខេត្តតាកែវ ទាក់ទាញអ្នកទេសចរទៅទស្សនាជិត៣លាននាក់
ហាក់ អ៊ីឌី
•
14 ម៉ោងមុន

ក្រុងដូនកែវ៖ រូបសំណាក«បង្កងបាញ់ទឹក» ដែលជានិមិត្តរូបទេសចរណ៍ដ៏លេចធ្លោថ្មីមួយ នៅខេត្តតាកែវ បានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ សរុបប្រមាណជិត ៣លាននាក់ សម្រុកទៅទស្សនា និងផ្តិតយករូបភាពអនុស្សាវរីយ៍យ៉ាងច្រើនកុះករ ក្នុងរយៈពេលជាងកន្លះខែចុងក្រោយនេះ...។  

លោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានឱ្យដឹងថា គិតចាប់តាំងពីថ្ងៃបើកសម្ពោធជាផ្លូវការនូវរូបសំណាក «បង្កងបាញ់ទឹក» នៅសួនច្បារមាត់បឹងតាកែវ ក្រុងដូនកែវ កាលពីថ្ងៃទី៣០ ខែតុលា រហូតមកដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ កន្លងទៅ ខេត្តតាកែវ ទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សរុបប្រមាណជិត ៣លាននាក់ ដែលបានអញ្ជើញមកកម្សាន្ត និងទស្សនាសមិទ្ធផលទេសចរណ៍ ដ៏ទាក់ទាញថ្មីមួយនេះ។ លោកអភិបាលខេត្តបន្តថា តាមរយៈរូបភាពទាំងនេះ បានបង្ហាញឱ្យឃើញថា កំណើនភ្ញៀវទេសចរយ៉ាងគំហុក ក្នុងរយៈពេលជាងកន្លះខែមកនេះ គឺជាសញ្ញាណវិជ្ជមានដ៏សំខាន់សម្រាប់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចមូលដ្ឋានរបស់ខេត្តតាកែវ។

បន្ថែមលើនេះ វត្តមាននៃរូបសំណាកបង្កងយក្សបាញ់ទឹក ជានិមិត្តរូបតំណាងឱ្យផលិតផលកសិកម្ម និងធនធានធម្មជាតិដ៏ល្បីល្បាញប្រចាំខេត្ត រួមផ្សំជាមួយការកែលម្អហេដ្ឋារចនាសម្ព័ន្ធ នៅសួនច្បារមាត់បឹងតាកែវ ឱ្យកាន់តែមានសោភ័ណភាព និងផាសុកភាព បានប្រែក្លាយទីតាំងនេះ ទៅជាប៉ូលទាក់ទាញទេសចរណ៍ដ៏ពេញនិយមបំផុតទាំងពេលថ្ងៃ និងពេលរាត្រី។ ទន្ទឹមនឹងកំណើនភ្ញៀវទេសចរដ៏ច្រើនកុះករ រដ្ឋបាលខេត្តតាកែវ ក៏បានយកចិត្តទុកដាក់ខ្ពស់ លើការងាររក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ការរៀបចំចំណតយានយន្ត និងការថែរក្សាអនាម័យបរិស្ថាន នៅជុំវិញតំបន់មាត់បឹងតាកែវ ដើម្បីធានាថា ប្រជាពលរដ្ឋ និងភ្ញៀវទេសចរទាំងអស់ទទួលបានភាពកក់ក្ដៅ និងបទពិសោធកម្សាន្តដ៏ល្អប្រសើរ ព្រមទាំងជួយបង្កើនប្រាក់ ចំណូលដោយផ្ទាល់ដល់អាជីវករ និងប្រជាពលរដ្ឋនៅក្នុងក្រុងដូនកែវផងដែរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត