
រាជធានីភ្នំពេញ៖ ក្នុងឱកាសអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅរាជធានីភ្នំពេញ នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ លោក នីកូល ប៉ាស៊ីនយ៉ាន (Nikol Pashinyan) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋអាមេនី បានជួបពិភាក្សាការងារទ្វេភាគីជាមួយ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ពីការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗដូចជា៖ សន្តិសុខ និងការពារជាតិ សេដ្ឋកិច្ច ពាណិជ្ជកម្ម…។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសម្ដែងនូវការពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ព្រមទាំងបានគូសបញ្ជាក់ថា នៅមានវិស័យសំខាន់ៗជាច្រើនទៀត ដែលកម្ពុជា និងអាមេនី អាចពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នា ដើម្បីផលប្រយោជន៍ប្រជាជន និងប្រទេសទាំងពីរ។ សម្តេចនាយករដ្ឋមន្ត្រី ក៏បានជម្រាបដល់លោកនាយករដ្ឋមន្ត្រីអាមេនី ពីការវិវត្តថ្មីៗនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ដោយបានសង្កត់ធ្ងន់អំពីការប្តេជ្ញាចិត្ត និងជំហររបស់កម្ពុជា ក្នុងការបន្តប្រកាន់យកយន្តការដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ និងអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងនានា ដែលមានស្រាប់ រវាងប្រទេសទាំងពីរ។

លោកនាយករដ្ឋមន្ត្រីអាមេនី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ចំពោះការស្វាគមន៍យ៉ាងកក់ក្ដៅ និងបានសម្ដែងនូវការអបអរសាទរ និងកោតសរសើរចំពោះការរៀបចំយ៉ាងល្អ នៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ។ លោកបានគូសបញ្ជាក់ថា ជំនួបពិភាក្សានាពេលនេះ នឹងបង្កើតនូវកាលានុវត្តភាពថ្មីបន្ថែមទៀត ដើម្បីបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕





