
រាជធានីភ្នំពេញ៖ ដោយមើលឃើញទំហំពាណិជ្ជកម្មរវាងកម្ពុជា និងកាណាដា មានការកើនឡើងជាលំដាប់ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានជំរុញឱ្យប្រទេសទាំងពីរ បង្កើនកិច្ចសហការគ្នាបន្ថែមទៀត ដើម្បីជំរុញពាណិជ្ជកម្មទ្វេភាគី លើសពី២ពាន់លានដុល្លារអាម៉េរិក នាពេលខាងមុខ...។

សម្ដេចតេជោជំរុញបែបនេះ ក្នុងជំនួបពិភាក្សាការងារជាមួយលោកស្រី ម៉ារី ហ្វ្រង់ ឡាឡុនដេ (Marie-France Lalonde) សមាជិកសភាកាណាដា នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។ សមាជិកសភាកាណាដា បានអរគុណសម្ដេចតេជោ និងនិយាយជារួមសម្រាប់ប្រទេសកម្ពុជា ដែលបានស្វាគមន៍លោកស្រី និងប្រតិភូកាណាដា ពោរពេញដោយស្នាមញញឹម និងភាពកក់ក្ដៅ។ លោកស្រី លើកឡើងថា បើទោះបីជាប្រទេសទាំង២ នៅឆ្ងាយពីគ្នាក៏ពិតមែន ប៉ុន្តែកាណាដា និងកម្ពុជា មានទំនាក់ទំនងដ៏យូរអង្វែងជាមួយគ្នា ហើយជាទំនាក់ទំនងដ៏ល្អប្រសើរ និងមានភាពរីកចម្រើនជាបន្តបន្ទាប់។ សមាជិកសភាកាណាដារូបនេះ ក៏បានសង្កត់ធ្ងន់ទៅលើទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងកាណាដា ដែលមកដល់ពេលនេះ មានការរីកចម្រើនដល់ប្រមាណជាង២ពាន់លានដុល្លារ។ វាជាទំហំពាណិជ្ជកម្មមួយ មានការកើនឡើងជាលំដាប់ និងបង្ហាញពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ។

សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងការអរគុណ និងឯកភាពទាំងស្រុងចំពោះការលើកឡើងរបស់លោកស្រីសមាជិកសភាកាណាដា ជាពិសេស ពាក់ព័ន្ធនឹងវឌ្ឍនភាពនៃទំនាក់ទំនងរវាងកម្ពុជា និងកាណាដា និងការរីកចម្រើននៃទំហំពាណិជ្ជកម្មទ្វេភាគី។ យ៉ាងណា សម្ដេចតេជោ បានលើកឡើងថា៖«ទំហំ២ពាន់លានដុល្លារនេះ នៅមិនទាន់គ្រប់គ្រាន់ទេ ប្រទេសទាំងពីរ ត្រូវតែសហការគ្នាបន្ថែមទៀត ដើម្បីជំរុញពាណិជ្ជកម្មរវាងកាណាដា និងកម្ពុជា ឱ្យមានការកើនឡើងបន្ថែមទៀត។ ទំនាក់ទំនងពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគ ជាចំណុចស្នូលនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដែលទៅស្របគ្នា ជាមួយនឹងទំនាក់ទំនងនយោបាយ»។ ជាមួយគ្នា សម្ដេចតេជោក៏ស្នើឱ្យសមាជិកសភាកាណាដា ជួយកៀរគរអ្នកវិនិយោគមកបណ្ដាក់ទុននៅក្នុងប្រទេសកម្ពុជាឱ្យបានកាន់តែច្រើនបន្ថែមទៀត៕





