
រាជធានីភ្នំពេញ៖ រយៈពេល៥ឆ្នាំចុងក្រោយនេះ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កាណាដា បានកើនឡើងជាលំដាប់។ នេះបើតាមការបញ្ជាក់របស់លោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រាប់លោក គ្រីស្ទាន ឌេសរ៉ូឆេស (Christian DesRoches) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសកាណាដាប្រចាំកម្ពុជា...។

ក្នុងជំនួបផ្ទាល់ជាមួយ លោក គ្រីស្ទាន ឌេសរ៉ូឆេស នាពេលថ្មីៗនេះ លោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការរក្សាទំនាក់ទំនងល្អ និងបង្កើនកិច្ចសហប្រប្រតិបត្តិការ ជាពិសេស ក្នុងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី ដែលបានប្រែក្លាយកាណាដាទៅជាដៃគូពាណិជ្ជកម្មដ៏សំខាន់មួយរបស់កម្ពុជា។ ជាក់ស្ដែង ក្នុងឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-កាណដា បានកើនឡើងដល់ជាង១ប៊ីលានដុល្លារអាម៉េរិក ជាការកើនឡើងប្រមាណ១៥ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២៤។ បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ ព្រមទាំងជំរុញលើកទឹកចិត្តបន្ថែមទៀតដល់វិនិយោគិនកាណាដា មកដាក់ទុកវិនិយោគនៅកម្ពុជា។

ជាការឆ្លើយតប លោក គ្រីស្ទាន ឌេសរ៉ូឆេស បានបង្ហាញការយល់ឃើញដោយជឿជាក់ចំពោះការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជាក្នុងរយៈពេលវែង និងបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃទំនាក់ទំនងរវាងកម្ពុជា-កាណាដា។ ក្នុងជំនួបដដែល លោកឧបនាយករដ្ឋមន្រ្តី និងលោកឯកអគ្គរដ្ឋទូត ក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈការជំរុញការវិនិយោគក្នុងវិស័យដែលមានសក្តានុពល, បង្កើនទំហំពាណិជ្ជកម្មទ្វេភាគី និងពង្រីកហិរញ្ញប្បទានសហប្រតិបត្តិការក្នុងវិស័យអាទិភាព។ កម្ពុជា-កាណាដា នឹងពិនិត្យលទ្ធភាពក្នុងការមានកិច្ចព្រមព្រៀង ស្តីពីការជំរុញ និងការការពារទៅវិញទៅមកនូវការវិនិយោគ និងកិច្ចព្រមព្រៀង ស្តីពីការជៀសវាងការយកពន្ធត្រួតគ្នាជាដើម៕




