
រាជធានីភ្នំពេញ៖ ទោះបីទំនាក់ទំនងកំពុងរីកចម្រើនជាលំដាប់ហើយក្ដី តែកម្ពុជា និងកាណាដា នឹងបន្តរួមគ្នាពង្រីកទំនាក់ទំនង លំហពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី ឱ្យកាន់តែរីកចម្រើនខ្លាំងក្លាទៅមុខបន្ថែមទៀត…។

ការប្ដេជ្ញាចិត្តនេះបានធ្វើឡើងតាមរយៈកិច្ចជំនួបពិភាក្សារវាងលោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង លោក យ៉ាសឺ ណាក់វី (Yasir Naqvi) សមាជិកសភាកាណាដា និងជាលេខាធិការសភាទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិ កាលពីថ្ងៃទី២៩តុលា ឆ្នាំ២០២៥។ លោក ស៊ុន ចាន់ថុល ដឹកនាំគណៈប្រតិភូកម្ពុជា បំពេញបេសកកម្មទាក់ទាញ និងជំរុញវិនិយោគនៅក្នុងប្រទេសកាណាដា។ លោក ស៊ុន ចាន់ថល និង លោក Yasir Naqvi បានពិភាក្សាគ្នាដោយផ្តោតជាចម្បងលើការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី ព្រមទាំងពិភាក្សាអំពីតួនាទីរបស់កម្ពុជានៅក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការអាស៊ាន-កាណាដា។

លោក ស៊ុន ចាន់ថល និង លោក Yasir Naqvi ក៏បានពិភាក្សាគ្នាពីការពិនិត្យលទ្ធភាពបន្តកិច្ចសហការលើកិច្ចការវិនិយោគ និងការជំរុញទំនាក់ទំនងរវាងប្រជាជន និងប្រជាជនឱ្យកាន់តែមានភាពស្អិតល្មួត។ ថ្នាក់ដឹកនាំកម្ពុជា-កាណាដា បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តធ្វើការរួមគ្នាដើម្បីពង្រីកលំហពាណិជ្ជកម្ម ការវិនិយោគ និងផលប្រយោជន៍ទៅវិញទៅមកប្រកបដោយចីរភាពនិងទំនុកចិត្ត ព្រមទាំងបន្តរីកចម្រើនកាន់តែខ្លាំងក្លាទៅមុខ ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគី។ ឆ្លៀតឱកាសនោះ លោក ស៊ុន ចាន់ថុល បានអញ្ជើញវិនិយោគិនកាណាដាឱ្យមកស្វែងយល់ពីសក្តានុពល បរិយាកាសវិនិយោគ និងពិនិត្យលទ្ធភាពបណ្តាក់ទុននៅកម្ពុជា ពិសេស៖ លើវិស័យបច្ចេកវិទ្យា ឧស្សាហកម្មបៃតង និងហេដ្ឋារចនាសម្ព័ន្ធ ខណៈរាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងកែលម្អបរិស្ថានធុរកិច្ច និងការលើកទឹកចិត្តវិនិយោគតាមរយៈច្បាប់វិនិយោគថ្មី៕





