
រាជធានីភ្នំពេញ៖ កម្ពុជា និងកាណាដា បានប្ដេជ្ញាចិត្តរួមគ្នាពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតលើវិស័យដែលមានសក្តានុពល ពោលគឺពាណិជ្ជកម្ម និងសេដ្ឋកិច្ច។ នេះបើតាមលទ្ធផលក្នុងជំនួបពិភាក្សាការងាររវាង សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក គ្រីស្ទៀន ដេសរ៉ូចេស (Christian DesRoches) ឯកអគ្គរដ្ឋទូតប្រទេសកាណាដាប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី២០មេសា ឆ្នាំ២០២៦…។

ក្នុងជំនួបជាមួយសម្ដេចធិបតី លោក គ្រីស្ទៀន ដេសរ៉ូចេស បានវាយតម្លៃខ្ពស់ចំពោះចំណងការទូតដ៏យូរអង្វែងរវាងកម្ពុជា និងកាណាដា និងភាពរីកចម្រើននៃទំនាក់ទំនងរវាងប្រទេសទាំងពីរដែលមានភាពរីកចម្រើនទាំងការធ្វើពាណិជ្ជកម្ម និងការវិនិយោគរបស់កាណាដានៅកម្ពុជា។ ចំពោះកិច្ចសហប្រតិបត្តិការក្របខ័ណ្ឌតំបន់ លោកឯកអគ្គរដ្ឋទូតកាណាដា បានថ្លែងអំណរគុណដល់កម្ពុជា ដែលបានផ្ដល់ការគាំទ្រក្នុងការជំរុញកិច្ចសហប្រតិបត្តិការ កាណាដា-អាស៊ាន លើវិស័យសេដ្ឋកិច្ច និងការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា ដែលគ្រោងនឹងបញ្ចប់ និងចុះហត្ថលេខានាពេលឆាប់ៗខាងមុខ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាត្រៀមខ្លួនរួចរាល់ក្នុងការបន្តពង្រឹងនិងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-កាណាដា ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងអន្តរជាតិ។ សម្ដេចវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើននៃទំនាក់ទំនងរវាងប្រទេសទាំងពីរ និងរំលេចពីតួនាទី និងបំណងរបស់សហគមន៍ខ្មែរនៅប្រទេសកាណាដា ក្នុងការជួយជំរុញ និងតភ្ជាប់ទំនាក់ទំនងកម្ពុជា-កាណាដា ជាពិសេសលើវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ចនេះ។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានបង្ហាញក្ដីជឿជាក់ថា ក្នុងអាណត្តិការទូតរបស់លោក គ្រីស្ទៀន ដេសរ៉ូចេស ទំនាក់ទំនង នៃកិច្ចសហប្រតិបត្តិការទ្វេភាគី បានបន្តរីកចម្រើនរឹងមាំ និងកាន់តែស៊ីជម្រៅ៕



