ប្រធាន ​CABC សន្យាកៀរគរធុរជនកាណាដាឱ្យមកវិនិយោគបន្ថែមទៀតនៅកម្ពុជា
S
Sreyleak Yith
30 ឧសភា 2025 06:30 AM

រាជធានីភ្នំពេញ៖ លោក វ៉ាង​ ហ្វាមើ ប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-កាណាដា ហៅកាត់​ CABC បានសន្យាថា នឹងសហការជាមួយរាជរដ្ឋាភិបាលកម្ពុជាកៀរគរវិនិយោគិនកាណាដា ឱ្យមកបោះទុននៅកម្ពុជាបន្ថែមទៀត…។

លោក វ៉ាង​ ហ្វាមើ ប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-កាណាដា
លោក វ៉ាង​ ហ្វាមើ ប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-កាណាដា

ការសន្យានេះធ្វើទ្បើង ក្នុងឱកាស​ លោកប្រធាន CABC ពិភាក្សាការងារជាមួយលោក លឹម វិសាល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា កាលពីថ្ងៃទី២៩ឧសភា ឆ្នាំ២០២៥ នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ លោកប្រធាន បានគូសបញ្ជាក់ថា គណៈប្រតិភូដែលបានមកចូលរួមពេលនេះមានជាង៨០ក្រុមហ៊ុន បានបង្ហាញពីចំណាប់អារម្មណ៍ការវិនិយោគនៅកម្ពុជា។ ដូច្នេះ លោកសូមអញ្ជើញតំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចូលរួមវេទិកាធុរកិច្ច និងវិនិយោគកាណាដា-អាស៊ាន ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងគូឡាឡាំពួរ នៅខែកញ្ញាខាងមុខ និងវេទិកាភាពជាដៃគូរដ្ឋ-ផ្នែកឯកជនលើវិស័យហេដ្ឋារចនាសម្ព័ន្ធកាណាដា នៅទីក្រុងតូរូនតូ នាចុងឆ្នាំនេះ។

<br />

ជាមួយគ្នា លោកអគ្គលេខាធិការរង ក៏បានជម្រាបគណៈប្រតិភូ ពីវឌ្ឍនភាពនៃការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការជំរុញ ឱ្យសម្រេចបាននូវកិច្ចព្រមព្រៀងនេះឱ្យបានឆាប់។ ក្នុងនោះលោកបានថ្លែងអំណរគុណដល់រដ្ឋាភិបាលកាណាដា ដែលបានផ្តល់ប្រព្រឹត្តកម្មអនុគ្រោះពាណិជ្ជកម្មដល់បណ្តាប្រទេសមានការអភិវឌ្ឍតិចតួចរួមទាំងកម្ពុជា​ ដែលនេះបានចូលរួមចំណែកបង្កើនការនាំចេញទំនិញរបស់កម្ពុជាទៅកាណាដា ធ្វើឱ្យកាណាដាក្លាយជាទីផ្សារធំទី៦របស់កម្ពុជា។ លោកសង្ឃឹមថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ CABC នាពេលនេះនឹងចូលរួមចំណែកពង្រីកពាណិជ្ជកម្មទ្វេភាគី ក៏ដូចជាបង្កើនការវិនិយោគនៅកម្ពុជា៕

លឹម វិសាល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា
លឹម វិសាល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត