កិច្ចប្រជុំកំពូលអាស៊ាន! កម្ពុជាជំរុញឱ្យពន្លឿនបណ្តាញអគ្គិសនី និងកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីសន្តិសុខប្រេងកាត
S
Soriya Sou
•
6 ម៉ោងមុន

រដ្ឋធានីម៉ានីល៖ នារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៩ (សម័យប្រជុំចង្អៀត) ជាមួយថ្នាក់ដឹកនាំអាស៊ាន នៅរដ្ឋធានីម៉ានីល...។

ក្នុងកិច្ចប្រជុំ ថ្នាក់ដឹកនាំអាស៊ាន បានពិនិត្យលើការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច ស្តីពីមីយ៉ាន់ម៉ា ឬ(ភូមា) និងសេចក្តីសម្រេចរបស់ថ្នាក់ដឹកនាំអាស៊ាន ព្រមទាំងបានផ្លាស់ប្ដូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិ ជាពិសេស សន្តិសុខ និងភាពធន់ផ្នែកថាមពល។ ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានជំរុញឱ្យពន្លឿនបណ្តាញអគ្គិសនីអាស៊ាន (ASEAN Power Grid) និងកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីសន្តិសុខប្រេងកាត ដើម្បីពង្រឹងសន្តិសុខ និងថាមពល។ 

លោកឧបនាយករដ្ឋមន្រ្តី ក៏បានស្វាគមន៍ចំពោះវឌ្ឍនភាពវិជ្ជមានថ្មីៗនៅភូមា និងបានគាំទ្រដំណោះស្រាយដែលដឹកនាំ និងជាម្ចាស់ដោយភូមាផ្ទាល់ ដែលមានការចូលរួមពិភាក្សាប្រកបដោយអត្ថន័យ រួមទាំងនៅកម្រិតខ្ពស់បំផុត។ ទន្ទឹមគ្នា លោក ក៏លើកឡើងពីបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយបានគូសបញ្ជាក់ពីការគោរពច្បាប់អន្តរជាតិ និងការដោះស្រាយវិវាទដោយសន្តិវិធី ព្រមទាំងបានអំពាវនាវឱ្យភាគីថៃ អនុវត្តឱ្យបានពេញលេញ និងស្មោះត្រង់នូវសេចក្តីថ្លែងការណ៍រួមកម្ពុជា-ថៃ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីអាចឱ្យប្រជាជនកម្ពុជា ប្រមាណ២ម៉ឺននាក់ ដែលបានភៀសខ្លួន អាចវិលត្រឡប់ទៅលំនៅឋានរបស់ពួកគេវិញ។ ថ្នាក់ដឹកនាំអាស៊ាន ក៏បានបន្តពិភាក្សាគ្នាប្រកបដោយភាពស្និទ្ធស្នាល និងបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរក្សាសាមគ្គីភាព និងមជ្ឈភាពរបស់អាស៊ាន ដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត