ប្រធាន អ.ស.ប និយាយចំៗ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអសមត្ថភាព ព្រោះមហាអំណាចបែកបាក់គ្នា
ហៀប ស៊ីថេត
•
28 តុលា 2025 05:30 PM

រាជធានីគូឡាឡាំពួរ៖ នៅឯកិច្ចប្រជុំកំពូលនាប្រទេសម៉ាឡេស៊ី អគ្គលេខាធិការអង្គការសប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គូតេរ៉ែស បោះសម្តីចំៗថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ប្រែក្លាយទៅជា «គ្មានប្រសិទ្ធភាព» ក្នុងការដោះស្រាយវិបត្តិជាច្រើនរបស់ពិភពលោក ដោយសារតែសមាជិករបស់ក្រុមនេះ តែងតែមានទស្សនៈផ្ទុយគ្នា។ នេះបើតាមការចុះផ្សាយកាសែត CNA នៅថ្ងៃទី២៨ ខែតុលា។

លោក អង់តូនីញ៉ូ ហ្គូតេរ៉ែស
លោក អង់តូនីញ៉ូ ហ្គូតេរ៉ែស

ប្រធានអង្គការសហប្រជាជាតិលោក អង់តូនីញ៉ូ ហ្គូតេរ៉ែស បានអះអាងថា សមាជិកអចិន្ត្រៃយ៍ទាំង៥ (សហរដ្ឋអាម៉េរិក រុស្ស៊ី អង់គ្លេស បារាំង និងចិន) របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានប្រើប្រាស់អំណាចវេតូដើម្បីបម្រើផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ ដោយបានបំផ្លាញភាពជឿទុកចិត្តរបស់អង្គការអន្តររដ្ឋាភិបាលពិភពលោកមួយនេះ។ ជុំវិញបញ្ហាខាងលើ លោកបានរំលឹកឱ្យធ្វើកំណែទម្រង់ឡើងវិញ។ លោក​ ហ្គូតេរ៉ែស បាន​បន្ត​ថា បញ្ហា​ប្រឈម​ស្នូល​ស្ថិត​នៅ​ក្នុង​ភាពប្រេះឆា​យ៉ាង​រ៉ាំរ៉ៃ​ក្នុង​ចំណោម​មហាអំណាច​ពិភពលោក ដែល​បង្កើត​ជាបញ្ហាចម្បង​របស់​អង្គការ​សហប្រជាជាតិ​សម្រាប់​ការ​រក្សា​សន្តិភាព និង​សន្តិសុខ​អន្តរជាតិ។ មិនតែប៉ុណ្ណោះ លោកបានសង្កត់ធ្ងន់៖«វាជាការពិតដែលក្រុមប្រឹក្សាសន្តិសុខភាគច្រើនអសមត្ថភាពទាក់ទងនឹងបញ្ហាសំខាន់ៗ[..] ហើយហេតុផល គឺការបែកបាក់គ្នាក្នុងចំណោមប្រទេសមហាអំណាច»។

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ មានសមាជិកទាំងអស់ចំនួន១៥ប្រទេស ហើយសមាជិកអចិន្ត្រៃយ៍មាន៥ គឺចិន បារាំង រុស្ស៊ី ចក្រភពអង់គ្លេស និងសហរដ្ឋអាម៉េរិក ដោយពួកគេអាចរារាំងសេចក្តីសម្រេចណាមួយក៏បាន ដោយគ្រាន់តែលើកដៃវេតូ ចំណែកសមាជិកចំនួន១០ផ្សេងទៀត ត្រូវបានជ្រើសរើសតាមតំបន់ជារៀងរាល់២ឆ្នាំម្ដង។ យ៉ាងណា លោកហ្គូតេរ៉ែស បានពណ៌នារចនាសម្ព័ន្ធនេះថា ហួសសម័យ និងមិនតំណាងឱ្យពិភពលោកនៃសម័យទំនើបទៀតទេ។ អគ្គលេខាធិការអង្គការសប្រជាជាតិបានសង្កត់ធ្ងន់ថា៖«យើងត្រូវតែធ្វើកំណែទម្រង់ក្រុមប្រឹក្សាសន្តិសុខ។ [វាមាន]សមាជិកអចិន្ត្រៃយ៍អឺរ៉ុបចំនួន៣ អាស៊ី១[..]គ្មានអាហ្រ្វិក គ្មានអាម៉េរិកឡាទីន។ សមាសភាពត្រូវផ្លាស់ប្ដូរ និងសម្របខ្លួនទៅនឹងអ្វីដែលជាការពិតនាពេលបច្ចុប្បន្ននេះ[..]»។

ក្រៅពីនេះ ប្រធានអង្គការសហប្រជាជាតិរូបនេះ បាននិយាយទៅកាន់ CNA នៅខាងក្រៅកិច្ចប្រជុំកំពូលនៅរាជធានីគូឡាឡាំពួរ កាលពីថ្ងៃចន្ទទី២៧ ខែតុលា អំពីសង្គ្រាមស៊ីវិលនៅក្នុងប្រទេសមីយ៉ាន់ម៉ា វិបត្តិនៅតំបន់ហ្កាហ្សា និងបញ្ហាសមុទ្ទចិនខាងត្បូង៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត